DAP News
Feature

វិបត្តិ​មជ្ឈិមបូព៌ា​  ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​តំបន់​ចាយប្រាក់​អឺរ៉ូ និង​បង្កើន​ហានិភ័យ​អតិផរណា

ព្រុចសែល៖​ មន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលអឺរ៉ុប (ECB) បានឧ្យដឹងថា​ វិបត្តិនៅមជ្ឈិមបូព៌ា​ បានបង្កើនភាពមិនប្រាកដប្រជា ហើយកំពុងប៉ះពាល់ដល់ទាំងអតិផរណា និងកំណើននៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ។  

ថ្លែងនៅក្នុងគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់សភាអឺរ៉ុប​ នៅទីក្រុងព្រុចសែល លោក Philip Lane សមាជិកក្រុមប្រឹក្សាភិបាល ECB បានឧ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា​ គឺត្រូវបានស្វាគមន៍ ប៉ុន្តែស្ថានភាពនៅតែផុយស្រួយ ជាមួយនឹងហានិភ័យនៃការថយក្រោយ ឬការកើនឡើងនៃភាពតានតឹងឡើងវិញ។

លោកបានលេីកឡេីងថា “ផលប៉ះពាល់ពេញលេញនៃសង្គ្រាមសម្រាប់អតិផរណា និងកំណើនរយៈពេលមធ្យម​ នឹងអាស្រ័យលើអាំងតង់ស៊ីតេ និងរយៈពេលនៃការប្រែប្រួលតម្លៃថាមពល និងលើទំហំនៃផលប៉ះពាល់ដោយប្រយោល និងជុំទីពីររបស់វា”។

យោងតាមការលេីកឡេីងរបស់លោក សង្គ្រាមនៅមជ្ឈិមបូព៌ា​ កំពុងជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ច។ សកម្មភាពសេវាកម្ម​ បានចុះខ្សោយគួរឱ្យកត់សម្គាល់ជាងការផលិត ខណៈពេលដែលការគាំទ្រពីការប្រមូលផ្តុំស្តុកបង្ការ​ ហាក់ដូចជាកំពុងរសាត់បាត់ទៅ ខណៈដែលការបញ្ជាទិញថ្មីនៅទ្រឹងក្នុងខែឧសភា។

ទីផ្សារការងារនៅតែមានភាពធន់ ដោយអត្រាគ្មានការងារធ្វើជិតដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រគឺ ៦.៣ភាគរយនៅក្នុងខែមេសា​ ប៉ុន្តែមន្រ្តី​ ECB រូបនេះបានកត់សម្គាល់ថា តម្រូវការការងារបានធ្លាក់ចុះបន្ថែមទៀត ហើយទាំងក្រុមហ៊ុន និងគ្រួសាររំពឹងថា​ ទីផ្សារការងារនឹងចុះខ្សោយបន្ដទៀតដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top