កងឆ្មាំបដិវត្តអ៊ីរ៉ង់ គម្រាមប្រើប្រាស់អាវុធកាន់តែសាហាវ ជាងនេះទៀតប្រសិនបើសង្គ្រាមថ្មីៗ នឹងនៅតែបន្ត

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ថាIRGCបាននិយាយថា ប្រទេសនេះនឹងប្រើប្រាស់អាវុធ បំផ្លិចបំផ្លាញអាក្រក់ជាងនេះ បន្ថែមទៀត ប្រសិនបើសង្គ្រាមថ្មីៗចាប់ផ្តើមប្រឆាំងនឹងខ្លួន។ អ្នកនាំពាក្យ IRGC លោក Hossein Mohebbi បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានDefa Press របស់ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃ និង៤០ ថ្ងៃដែលបានដាក់ប្រឆាំងនឹងប្រទេសកាលពីខែមិថុនាឆ្នាំមុន និងចុងខែកុម្ភៈ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោក Mohebbi បាននិយាយថា ៖ប្រសិនបើសង្រ្គាមមួយផ្សេងទៀតចាប់ផ្តើម អាវុធរបស់យើងពិតជានឹងខុសគ្នា ទាក់ទងនឹងការបង្កើតក្បាលគ្រាប់របស់មីស៊ីល ក៏ដូចជាភាពជាក់លាក់ និងរយៈចម្ងាយរបស់ពួកគេ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនដែលបញ្ឈប់ការផលិតសព្វាវុធរបស់ខ្លួនឡើយ ដោយបន្ថែមថា ថាមពលបំផ្លិចបំផ្លាញនៃក្បាលគ្រាប់ដែលប្រើក្នុងមីស៊ីលថ្មីៗ របស់ IRGC គឺធំជាងម៉ូដែលដែលប្រើក្នុងសង្គ្រាមមុនៗ។ កាលពីថ្ងៃទី២៨ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​ បានបើកការវាយប្រហាររួមគ្នា លើទីក្រុងតេហរ៉ង់និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូល របស់ប្រទេសគឺលោក Ali Khamenei មេបញ្ជាការយោធា និងជនស៊ីវិល។ អ៊ីរ៉ង់​បាន​ឆ្លើយតប​នឹង​រលក​នៃ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​និង​យន្តហោះ​គ្មាន​មនុស្ស​បើក​សំដៅ​លើ​មូលដ្ឋាន​និង​ទ្រព្យសម្បត្តិ​របស់​អ៊ីស្រាអែល និង​អាមេរិក​ក្នុង​តំបន់ជាច្រើនទីតាំង៕ ប្រែសម្រួល៖ស៊ុនលី