មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា រុស្ស៊ីនៅតែជាអ្នកធានា ដែលអាចទុកចិត្តបាននៃសន្តិសុខថាមពល និងបំពេញកាតព្វកិច្ចរបស់ខ្លួនជាប់លាប់។ លោក Peskov បានច្រានចោលរបាយការណ៍ដែលថា ទីក្រុងមូស្គូ កំពុងពិចារណារឹតបន្តឹងការផ្គត់ផ្គង់ប្រេងតាមរយៈសម្ព័ន្ធបំពង់បង្ហូរប្រេងកាសព្យែន (CPC) ជាកម្លាំងប្រឆាំងនឹងសហរដ្ឋអាមេរិក។ លោកបានប្រាប់អ្នកយកព័ត៌មាន ដោយធ្វើអត្ថាធិប្បាយលើរបាយការណ៍ទាំងនោះថា “ចម្លើយគឺសាមញ្ញណាស់៖ វាមិនពិតនោះទេ”។ លោកបានបន្ថែមថា រុស្ស៊ីតែងតែដើរតួជាប្រទេសដឹកជញ្ជូនថាមពល...
ព្រុចសែល៖ សហភាពអឺរ៉ុប កំពុងប្រឈមមុខនឹងហានិភ័យនៃអតិផរណា ខណៈដែលជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃថាមពលកើនឡើង និងធ្វើឱ្យប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ច នេះបើយោងតាមការលើកឡើងរបស់ស្នងការសេដ្ឋកិច្ចអឺរ៉ុបលោក Valdis Dombrovskis។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ Eurogroup តាមអ៊ីនធឺណិត លោក Dombrovskis បានលេីកឡេីងថា ជម្លោះនេះបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយជំរុញឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំង។ នៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ជាច្រើនទៀត...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានជំរុញឱ្យភាគីហ្វីលីពីនគ្រប់គ្រងប្រតិបត្តិការកងទ័ពជើងទឹក និងអាកាសរបស់ខ្លួនយ៉ាងតឹងរ៉ឹង បញ្ឈប់សកម្មភាពញុះញង់ និងប្រថុយប្រថានទាំងអស់ជាបន្ទាន់ និងបញ្ឈប់យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ និងឃោសនារបស់ខ្លួន។ យោងតាមលោក Zhai Shichen អ្នកនាំពាក្យនៃបញ្ជាការដ្ឋានភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែមីនា កងនាវា PLANS 532 បានធ្វើការល្បាតជាប្រចាំនៅក្នុងដែនទឹកក្រោមយុត្តាធិការរបស់ប្រទេសចិន នៃកោះ Nansha...
លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថា។ លោក Ding Xuexiang បានលើកឡើងថា ក្នុងអំឡុងពេលអនុវត្ត “ផែនការ៥ឆ្នាំទី១៥” ប្រទេសចិននឹងពន្លឿនការជំរុញភាពឯករាជ្យម្ចាស់ការក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយកម្រិតខ្ពស់ ផ្តោតសំខាន់ទៅលើការកសាងមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិ។តំបន់ប៉េកាំង-ធានជីន-ហឺប៉ី តំបន់ដីសណ្តទន្លេយ៉ាងសេនិងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ គឺជាកម្លាំងចលករសំខាន់ទាំងបីសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ដូច្នេះយើងត្រូវប្រមូលផ្តុំកម្លាំងផ្តោលើការអភិវឌ្ឍនៃតំបន់ទាំង៣នេះ ដើម្បីជំរុញការកសាងមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិឱ្យឆ្ពោះទៅរកការអភិវឌ្ឍតាមរយៈការធ្វើសមាហរណកម្មតំបន់ និងកសាងសមត្ថភាពច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សមត្ថភាពនាំមុខក្នុងវិស័យឧស្សាហកម្មកម្រិតខ្ពស់ សមត្ថភាពប្រមូលផ្តុំធនធានផ្នែកបច្ចេកវិទ្យានិងធនធានមនុស្ស ក្នុងន័យជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។ លោកបន្តទៀតថា ប្រទេសចិនរីករាយធ្វើការជាមួយភាគីនានា...
ព្រឹកថ្ងៃទី ២៦ ខែមីនា នៅ Boao ខេត្ត Hainan លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំប្រចាំឆ្នាំ ២០២៦ នៃវេទិកា Boao សម្រាប់អាស៊ី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា « ក្តាប់ជាប់ទិសដៅដ៏ត្រឹមត្រូវ រួមគ្នាកសាងអនាគតដ៏ល្អបវរ» ។ លោក Zhao Leji បានថ្លែងថា ឆ្នាំនេះជាខួប ២៥ ឆ្នាំនៃការបង្កើតវេទិកា Boao សម្រាប់អាស៊ី។ ២៥ ឆ្នាំកន្លងផុតទៅ វេទិកានេះបានក្លាយជា « ស្លាកយីហោមាស » មួយសម្រាប់ជំរុញប្រទេសអាស៊ីនិងបណ្តាប្រទេសលើសកលលោកឱ្យធ្វើការផ្លាស់ប្តូរគ្នា និងរួមសាមគ្គីគ្នាដើម្បីការអភិវឌ្ឍរួម ។ ក្នុងពិភពលោកសព្វថ្ងៃនេះ បំណងប្រាថ្នារបស់ប្រជាជនគ្រប់ប្រទេសដែលចង់បានសន្តិភាពនិងវឌ្ឍនភាពគឺកាន់តែខ្លាំងឡើងៗសំឡេងអំពាវនាវឱ្យមានសច្ចយុត្តិធម៌ក៏កាន់តែខ្លាំងឡើងៗដែរ ។ លោក Zhao Leji បានគូសបញ្ជក់ថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលបានចង្អុលបង្ហាញទិសដៅដ៏ត្រឹមត្រូវសម្រាប់ការអភិវឌ្ឍក្នុងនិម្មាបនកម្មពិភពលោកដែលបម្រែបម្រួលមិនដែលមានក្នុងរយៈពេលមួយរយឆ្នាំកន្លងទៅ។ យើងគួរសមស្របនឹងចរន្តនៃយុគសម័យ រួមគ្នាកសាងផ្ទះអាស៊ីយើងឱ្យបានល្អ ពួតដៃគ្នាកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ដើម្បីបង្កើតអនាគតល្អបវរមួយដែលប្រកបដោយភាពសុខសាន្ត សុខដុមរមនា សហប្រតិបត្តិការឈ្នះ-ឈ្នះ សច្ចយុត្តិធម៌ គោរពរាប់អានគ្នានិងជឿទុកចិត្តគ្នាទៅវិញទៅមក។ លោក Zhao Leji បានបន្តថា ប្រទេសចិនយកចិត្តទុកដាក់ជានិច្ចចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងកែលម្អគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ហើយស្របនឹងពេលខិតខំអភិវឌ្ឍប្រទេសខ្លួន ចិនក៏បានជំរុញការអភិវឌ្ឍរួមរបស់បណ្តាប្រទេសផងដែរ។ ចិនជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចពិភពលោក។ ផែនការ ៥ ឆ្នាំទី ១៥ បានកំណត់គោលដៅនិងភារកិច្ចសំខាន់របស់ចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ប្រទេសចិននឹងបន្តបើកទូលាយកម្រិតខ្ពស់ថែមទៀត ដើម្បីចែករំលែកឱកាសជាមួយគ្រប់ប្រទេស។ តំណាងជាង ១៦០០ នាក់ដែលមកពីមជ្ឈដ្ឋាននយោបាយ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម បញ្ញវន្ត និងប្រព័ន្ធសារព័ត៌មាននៃប្រទេសនិងតំបន់លើសពី ៦០ បានចូលរួមកិច្ចប្រជុំពេញអង្គលើកនេះ៕
កងកម្លាំងបដិវត្តន៍អិស្លាមអ៊ីរ៉ង់បានចេញសេចក្តីប្រកាសន៍នៅថ្ងៃទី ២៧ ខែមីនា ថា ច្រកសមុទ្រ Hormuz ត្រូវបិទទាំងស្រុង ភ្លើងសង្គ្រាមក្នុងដែនអ៊ីរ៉ង់បានឡើងកំដៅថែមទៀត។ បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតពិភពលោក ជាលទ្ធផលបានឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩,៦ % សម្គាល់ឃើញថា ការជ្រៀតជ្រែកនៅក្រៅប្រទេសនៃសហរដ្ឋអាមេរិកមិនអាចដកខ្លួនចេញផុតពី « វិលជុំគ្មានទីបញ្ចប់ » នៃសង្គ្រាមនិយមនោះទេ ការដែលអាមេរិកធ្វើសង្គ្រាមក្នុងដែនអ៊ីរ៉ង់នឹងបណ្តាលឱ្យអាមេរិកធ្លាក់ក្នុងភាពឯកោដ៏មិនធ្លាប់មានក្នុងសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។ តំណាងរងអចិន្ត្រៃយ៍ប្រចាំអង្គការសមុទ្រអន្តរជាតិនៃប្រទេសអ៊ីរ៉ង់បានថ្លែងថា ចាប់ពីអាមេរិកនិងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់មក បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់លើសពី ១៧០០នាក់ស្លាប់បាត់បង់ជីវិត, ២.២៨ ម៉ឺននាក់រងរបួស, ប្រហែល ៣៥០ម៉ឺននាក់បាត់បង់ទីលំនៅ ហើយគោលដៅសំណង់ស៊ីវិលលើសពី ៨ ម៉ឺនកន្លែងត្រូវបានបំផ្លិចបំផ្លាញក្នុងដែនអ៊ីរ៉ង់ ។ ការស្ទង់មតិនេះបានធ្វើតាមគេហទំព័រភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ីនៃ CGTN ក្នុងរយៈពេល ២៤ ម៉ោងមានអ្នកប្រើអ៊ីនធឺណិតចំនួន ១៣៧៣១ នាក់បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ៕
រសៀលថ្ងៃទី ២៧ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៦ នៃវេទិកាBoao សម្រាប់អាស៊ីដែលមានរយៈពេល ៤ ថ្ងៃត្រូវបានបិទបញ្ជប់នៅBoao ខេត្តHainan ។ លោក Zhang Jun លេខាធិការវេទិកាBoao សម្រាប់អាស៊ីបានថ្លែងថា កិច្ចប្រជុំប្រចាំឆ្នាំនេះបានរៀបចំធ្វើសកម្មភាពសរុបលើសពី ៥០ លើក ទទួលបានសមទ្ធិផលដ៏សំខាន់ និងបានសម្រេចគោលដៅតាមការគ្រោងទុក ។ ជាសមទ្ធិផលដ៏សំខាន់មួយ វេទិកាបានប្រកាសនូវ « គំនិតផ្តួចផ្តើមនៃវេទិកាBoao សម្រាប់អាស៊ីស្តីពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី» ដែលបានអំពាវនាវថា គួរប្រកាន់ខ្ជាប់ការបើកទូលាយនិងការអភិវឌ្ឍ ដើម្បីពន្លឿនដំណើរការការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់, គួរពង្រឹងសមត្ថភាពឌីជីថលវៃឆ្លាត រុករកកម្លាំងចលករថ្មីនៃកំណើន ដើម្បីបង្កើនភាពធន់នៃសេដ្ឋកិច្ច , គួរខិតខំធ្វើបរិវត្តកម្មបៃតង ដើម្បីសម្រេចការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងគុណភាពខ្ពស់, គួរបន្តកែសម្រួលក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ការគាំទ្រជាប្រព័ន្ធដ៏រ៉ឹងមាំចំពោះការអភិវឌ្ឍក្នុងតំបន់ , គួរតភ្ជាប់គ្នាឲ្យកាន់តែស៊ីជម្រៅ រក្សាដំណើរការយ៉ាងរលូននិងសុវត្តិភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ ទប់ទល់ភាពមិនប្រាកដប្រជានៃបរិបទខាងក្រៅតាមរយៈភាពប្រាកដប្រជារបស់ខ្លួន ៕
កិច្ចប្រជុំប្រចាំឆ្នាំ ២០២៦ នៃវេទិកាប៉ូអាវសម្រាប់អាស៊ីមានសារសំខាន់មិនធម្មតា ពោលគឺ វាត្រូវបានប្រារព្ធធ្វើឡើងខណៈដែលឆ្នាំនេះជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ របស់ចិន ហើយនៅចំពេលថ្ងៃគម្រប់ ១០០ថ្ងៃ នៃការដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេសនៃកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ថែមទាំងក៏ជាខួបទី ២៥ នៃការបង្កើតវេទិកានេះផងដែរ ។ ក្រឡេកទៅមើលប៉ុន្មានឆ្នាំកន្លងទៅនេះ មូលហេតុដែលតំបន់អាស៊ីបានក្លាយជាតំបន់ដែលមានភាពរស់រវើកបំផុតនៅទូទាំងពិភពលោក បទពិសោធដ៏សំខាន់មួយនោះគឺ ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ។ បច្ចុប្បន្ននេះ ស្ថានការណ៍សកលបាននិងកំពុងពោរពេញទៅដោយភាពមិនប្រាកដប្រជា ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយមានសភាពកាន់តែតានតឹង ការគាំពារនិយមផ្នែកពាណិជ្ជកម្មងើបឡើងវិញ ហើយសន្ទុះកម្លាំងនៃកំណើនសេដ្ឋកិច្ចពិភពលោក មានភាពទន់ខ្សោយ ។ ក្នុងបរិបទបែបនេះ កិច្ចប្រជុំប្រចាំឆ្នាំលើកនេះបានធ្វើឡើងក្រោមប្រធានបទ«បង្កើតអនាគតរួម៖ស្ថានការណ៍ថ្មី កាលានុវត្តភាពថ្មីនិងកិច្ចសហប្រតិបត្តិការថ្មី»ដែលមានភាពស៊ីសង្វាក់គ្នាជាមួយការរំពឹងទុករបស់អ្នកផងទាំងពួង ។ តើបង្កើតអនាគតរួមតាមរបៀបណា ? ក្នុងវេទិកានេះ ប្រទេសចិនបានលើកឡើងថា យើងត្រូវ”ពួតដៃគ្នាកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិដើម្បីបង្កើតអនាគតល្អបវរមួយដែលប្រកបដោយភាពសុខសាន្ត សុខដុមរមនា សច្ចយុត្តិធម៌ គោរពរាប់អានគ្នានិងជឿទុកចិត្តគ្នាទៅវិញទៅមក”ដែលបានធ្វើឱ្យអង្គប្រជុំមានចំណាប់អារម្មណ៍និងប្រតិកម្ម យ៉ាងខ្លាំង ។ មជ្ឈដ្ឋានខាងក្រៅបានយកចិត្តទុកដាក់យ៉ាងទូលំទូលាយថា គោលការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ របស់ប្រទេសចិនបានធ្វើការរៀបចំចាត់ចែងជាពិសេសចំពោះការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ តើប្រទេសចិនដែលកាន់តែមានភាពបើកទូលាយនឹងនាំមកនូវកាលានុវត្តភាពថ្មីនិងកិច្ចសហប្រតិបត្តិការថ្មីអ្វីខ្លះ ? ទីផ្សារគឺជាធនធានដ៏កម្របំផុត ។ ប្រទេសចិនមានប្រជាជនចំនួនជាង ១ ពាន់ ៤ រយលាននាក់និងក្រុមប្រជាជនចំណូលមធ្យមដែលមានទ្រង់ទ្រាយដ៏ធំបំផុតនិងរីកចម្រើនលឿនបំផុតលើពិភពលោក ដែលបានបង្កប់នូវសក្តានុពលនៃតម្រូវការក្នុងស្រុកដ៏ធំធេង ។ របាយការណ៍ការងាររដ្ឋាភិបាលចិនក្នុងឆ្នាំនេះបានចាត់ទុក”ការខិតខំប្រឹងប្រែងកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា”ជាភារកិច្ចចម្បង ដែលបានពង្រីកលំហទីផ្សារសម្រាប់ពិភពលោក ។ សំខាន់ជាងនេះទៅទៀត ក្នុងបរិបទដែលគាំពារនិយមផ្នែកពាណិជ្ជកម្មបានងើបឡើងវិញជាបន្តបន្ទាប់ ភាពបើកទូលាយរបស់ប្រទេសចិនបានក្លាយជាភាពប្រាកដប្រជាដែល ពិភពលោកអាចក្តាប់ជាប់បាន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពីការលើកលែងទិដ្ឋាការដោយឯកតោភាគីដល់ការធ្វើឱ្យបរិយាកាសប្រកបអាជីវកម្មមានសុក្រឹតភាព ពីការប្រកាន់ខ្ជាប់ពាណិជ្ជកម្មសេរីដល់ការតភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលមានស្តង់ដារខ្ពស់ ប្រទេសចិនបាននិងកំពុងចែករំលែកកាលានុវត្តភាពជាមួយបណ្តាប្រទេសនានាតាមរយៈសកម្មភាពជាក់ស្តែងលើវិស័យការពង្រីកការបើកទូលាយដោយម្ចាស់ការ ។ ខេត្តហៃណានគឺជាឧទាហរណ៍ដ៏សំខាន់មួយ ពោលគឺ ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៦ ការនាំចេញ-នាំចូលរបស់ខេត្តហៃណានជាមួយប្រទេសស្ថាបនិកចំនួន ២៨ នៃវេទិកាប៉ូអាវសម្រាប់អាស៊ី មានចំនួនសរុប ១៧១៧០ លានយាន់ប្រាក់ចិន បានកើនឡើង ២៨,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ដែលស្មើនឹង ៣៣,៧ ភាគរយនៃទំហំនាំចេញ-នាំចូលផ្នែកពាណិជ្ជកម្មអន្តរជាតិសរុបរបស់ខេត្តហៃណានក្នុងរយៈពេលដូចគ្នាព្រមទាំងបានជំរុញឱ្យការនាំចេញ-នាំចូលផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ខេត្តហៃណានកើនឡើង៩,៤ ភាគរយ ។ កិច្ចប្រជុំប្រចាំឆ្នាំ ២០២៦ នៃវេទិកាប៉ូអាវសម្រាប់អាស៊ីមិនត្រឹមតែបាននាំមកនូវព្រឹត្តិការណ៍គំនិតប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើនផងដែរ ។ អ្វីដែលជាការគួរឱ្យរំពឹងទុក គឺប្រទេសចិននឹងរៀបចំធ្វើកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅក្រុងសិនជិននៅខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះដើម្បីជំរុញកិច្ចកសាង”សហគមន៍រួមអាស៊ី-ប៉ាស៊ីហ្វិក”ឱ្យត្រូវបានអនុវត្តប្រកបដោយភាពកាន់តែជាក់ស្តែងនិងស៊ីជម្រៅ ។ ពីទីក្រុងប៉ូអាវដល់ទីក្រុងសិនជិន ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតតាមរយៈការអនុវត្តជាក់ស្តែងថា៖ ការចែករំលែកកាលានុវត្តភាពនិងបង្កើតអនាគតរួមជាមួយពិភពលោកគឺជាការប្រកាន់ខ្ជាប់របស់ចិនដែលមិនកែប្រែជានិច្ច ៕