ព័ត៌មានជាតិ

ក្រសួងសាធារណការ និងសាជីវកម្មឧស្សាហកម្មចិន ចុះMOU ជំរុញប្រព័ន្ធផ្កាយរណប និងបច្ចេកវិទ្យា ចាប់រលកសញ្ញាពីចម្ងាយនៅកម្ពុជា

ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្មឧស្សាហកម្ម មហាកំផែងចិន (CGWIC) បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ (MOU) ស្តីពីការជំរុញប្រព័ន្ធផ្កាយរណប BeiDou និងបច្ចេកវិទ្យា ចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) នៅប្រទេសកម្ពុជា។

លោក Hu Gang ប្រធានក្រុមហ៊ុន BeiDou និងលោក Cai Wenkang ប្រធានក្រុមហ៊ុន CSSC ក៏ត្រូវបានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់ (MOU) នេះផងដែរ។

ភាគីទាំងពីរ គ្រោងនឹងចាប់ផ្តើម កិច្ចសហប្រតិបត្តិការ ទាក់ទងនឹងកម្មវិធីឧស្សាហកម្មចំនួនពីរគឺ៖ ថ្នាលព័ត៌មាន ឬទម្រព័ត៌មានតាមដាន ត្រួតពិនិត្យយានយន្តជាតិ “NCVSP” និងប្រព័ន្ធតាមដានត្រួតពិនិត្យនាវា “VMS” ដែលជាដំណាក់កាលដំបូង នៃប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះដែរ សាជីវកម្ម CGWIC នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យបន្ថែមទៀត ដោយផ្អែកលើតម្រូវការជាក់ស្តែង នៃផែនទីបង្ហាញផ្លូវក្នុងស្រុក ដើម្បីធានាប្រតិបត្តិការអាជីវកម្ម។

ភាគីទាំងពីរបានព្រមព្រៀង បង្កើតក្រុមការងាររួមគ្នា ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន និងធ្វើឱ្យប្រសើរឡើង នូវផែនការការងាររៀបចំ យន្តការកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

សូមជម្រាបថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ប្រព័ន្ធផ្កាយរណប ដែលមានឈ្មោះថា៖ BeiDou-3 Navigation ត្រូវបានបញ្ចប់ជាផ្លូវការ និងបើកឱ្យដំណើរការទូទាំងពិភពលោក។ ប្រព័ន្ធនេះ មានមុខងារសំខាន់ពីរគឺ៖ មុខងារកំណត់ទីតាំង មានភាពជាក់លាក់ខ្ពស់ និងការបញ្ជូនទិន្នន័យ។ ភាពត្រឹមត្រូវ នៃការកំណត់ទីតាំង អាចធ្វើទៅបានកាន់តែល្អប្រសើរ ក្នុងរយៈចម្ងាយ១០ម៉ែត្រ ហើយអាចអនុវត្ត បានកាន់តែល្អថែមទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងនាមជាហេដ្ឋារចនាសម្ព័ន្ធ ក្នុងលំហអាកាសធំដំបូងបង្អស់របស់ចិន ប្រព័ន្ធផ្កាយរណប BeiDou-3ផ្តល់សេវាសាធារណៈទូទាំងពិភពលោក ផ្តល់កម្មវិធី (applications) យ៉ាងពេញលេញ នៅក្នុងវិស័យដឹកជញ្ជូន សុវត្ថិភាពសាធារណៈ ការសង្គ្រោះគ្រោះមហន្តរាយ និងការបន្ថយផលប៉ះពាល់ កសិកម្ម រុក្ខាប្រមាញ់ ការចិញ្ចឹមសត្វ និងជលផល អភិបាលកិច្ចទីក្រុង និងឧស្សាហកម្មដទៃទៀត នៅក្នុងប្រទេសចិន។ ប្រព័ន្ធនេះ បានបង្កើតខ្សែសង្វាក់ ឧស្សាហកម្មពេញលេញមួយ ដោយរួមបញ្ចូល modules, boards, terminals និងសេវាប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

ចំណងមិត្តភាពរវាងចិន និងកម្ពុជាមានប្រវត្តិជាយូរមកហើយ។ ក្នុងឆ្នាំ២០១០ ប្រទេសទាំងពីរបានបង្កើតភាព ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយ។ ទំនាក់ទំនងទ្វេភាគី បានឈានចូលដំណាក់កាលថ្មីមួយ នៃការអភិវឌ្ឍ ហើយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅ។ មិត្តភាពរឹងមាំដូចដែកថែប រវាងប្រទេសទាំងពីរ បានបង្កើតមូលដ្ឋានដ៏ល្អ សម្រាប់កិច្ចសហប្រតិបត្តិការ របស់ប្រព័ន្ធផ្កាយរណប BeiDou ។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ នៃប្រព័ន្ធផ្កាយរណប BeiDou វានឹងផ្តល់ដង្ហើមជីវិតថ្មី ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា សមស្របជាមួយ នឹងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា និងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ។

លើសពីនេះទៀត ភាគីទាំងពីរ នឹងព្យាយាមស្វែងរក និងបង្កើតកិច្ចសហប្រតិបត្តិការ BeiDouប្រកបដោយភាពចាស់ទុំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន។ កម្ពុជានឹងក្លាយជា មជ្ឈមណ្ឌលទិន្នន័យ ក្នុងតំបន់ទាំងមូល ដែលធ្វើឱ្យប្រសើរឡើង ដល់ឥទ្ធិពល និងឋានៈនយោបាយ នៅក្នុងអាស៊ានផងដែរ ៕

To Top