នយោបាយ

វិភាគ ៖ លោក បៃដិន បកស្បែកលោក ត្រាំ ក្រោយបានជាប់ឆ្នោត ជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយនៅថ្ងៃចន្ទ ទី១៥ ខែធ្នូនេះថា ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានបកស្បែកប្រធានាធិបតី ជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការឡាំប៉ា និងការតវ៉ាតាមផ្លូវច្បាប់ របស់លោក ត្រាំ ប្រឆាំងនឹងលទ្ធផល នៃការបោះឆ្នោត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
លោក បៃដិន បាននិយាយថា ការឡាំប៉ា និងការតវ៉ាតាមផ្លូវច្បាប់ របស់លោក ត្រាំ ត្រូវបានបិទបញ្ចប់ហើយ កាលពីថ្ងៃចន្ទ ទី១៤ ខែធ្នូនេះ ក្រោយពីអង្គបោះឆ្នោត បានសម្រេចចិត្តបោះឆ្នោត គាំទ្ររូបលោកជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ហើយលោកនឹងស្បថ ចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ដើមឆ្នាំ២០២១ខាងមុខ ។

ប្រធានាធបតីជាប់ឆ្នោតរូបនេះ បានបន្ថែមថា ការឡាំប៉ា និងការតវ៉ា របស់លោក ត្រាំ កន្លងមកនេះ គឺកាយវិការបង្ហាញថា ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ មិនគោរពឆន្ទៈរបស់ប្រជាពលរដ្ឋទេ ហើយកិច្ចខិតខំប្រឹងប្រែងបង្វែរ លទ្ធផលឆ្នោតរបស់លោក ត្រាំ ក៏ជាការប្រមាថមើលងាយ ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតផងដែរ ។

សូមបញ្ជាក់ជូនថា ការបោះឆ្នោតនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មិនមែនជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយផ្ទាល់ទេ តែជាការបោះឆ្នោតជ្រើសរើស តំណាងអ្នកបោះឆ្នោត (Electors) អោយទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី សម្រាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ។

តំណាងអ្នកបោះឆ្នោត (Electors) សរុបហៅថា អង្គបោះឆ្នោត (Electoral College) ដែលមានសមាជិកសរុបចំនួន៥៣៨រូប ហើយលោក ចូ បៃដិន ទទួលបានអង្គបោះឆ្នោតចំនួន៣០៦រូប និងលោក ត្រាំ ទទួលបានអង្គបោះឆ្នោតចំនួន២៣២រូប ហើយអង្គបោះឆ្នោតនេះ បានបោះឆ្នោតជ្រើសរើសលោក ចូ បៃដិន អោយកាន់តំណែងជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិករូចហើយ កាលពីថ្ងៃចន្ទ ។

តាមធម្មតា នៅពេលដល់ថ្ងៃដែលអង្គបោះឆ្នោតទាំង៥៣៨រូប ត្រូវប្រជុំគ្នាដើម្បីបោះឆ្នោតជាផ្លូវការ ក្នុងការជ្រើសរើសប្រធានាធិបតីថ្មី រាល់ការតវ៉ាទាំងឡាយ សុទ្ធតែត្រូវបានអារកាត់សេចក្តី ចប់សព្វគ្រប់ទាំងអស់ និងជាលទ្ធផលឆ្នោត ដែលមិនអាចកែប្រែបានទេ ទោះបីជាការតវ៉ាមួយចំនួន នៅមិនទាន់ដោះស្រាយក៏ដោយ ។
លទ្ធផលដែលអង្គបោះឆ្នោតបានបោះជ្រើសរើសលោក ចូ បៃដិន ជាប្រធានាធិបតីទី៤៦របស់អាមេរិក កាលពីថ្ងៃចន្ទ គឺជាការបិទផ្លូវ នៃការឡាំប៉ា ឬការតវ៉ាគ្រប់យ៉ាងរបស់លោក ត្រាំ ឬអាចមានន័យថា លោក ចូ បៃដិន បានក្លាយទៅជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកទៅហើយ ហើយលោក ត្រាំ គឺផ្លូវសម្រាប់ឡាំប៉ា ឬតវ៉ាទៀតទេ ។
មូលហេតុដែលលោក ត្រាំ នៅតែបន្តឡាំប៉ា និងតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត គឺដោយសារប្រធានាធិបតីជិតផុតអាណត្តិរូបនេះ ចង់ដាក់សម្ពាធលើតំណាង អ្នកបោះឆ្នោតទាំងពីរគណបក្ស អោយបោះឆ្នោតគាំទ្ររូបលោកវិញ ដោយកុំបោះឆ្នោតគាំទ្រលោក ចូ បៃដិន នៅថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី ។
សូមរំលឹកជូនថា កាលពីឆ្នាំ២០១៦កន្លងទៅ នៅក្នុងសម័យបោះឆ្នោតនោះ លោកដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ដោយមានអង្គបោះឆ្នោតច្រើនជាងលោកស្រី ហ៊ីឡារី គ្លីនតុន តែបើគិតអំពីសំឡេងរបស់ប្រជាពលរដ្ឋវិញ គឺលោកស្រី ហ៊ីឡារី គ្លីនតុន ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ បានទទួលសម្លេងគាំទ្រច្រើនលើសលោក ត្រាំ ដល់ទៅជាងបីលានសំឡេងឯណោះ ។

នៅពេលនោះ ក្រុមអ្នកប្រជាធិបតេយ្យខ្លះ បានរំពឹងថា អាចនឹងមានអង្គបោះឆ្នោតរបស់បក្សសាធារណរដ្ឋខ្លះផ្តាច់ខ្លួនពីបក្ស ហើយងាកមកគាំទ្របេក្ខភាពលោកស្រី គ្លីនតុន វិញ ប៉ុន្តែទីបំផុត លោក ត្រាំ នៅតែជាម្ចាស់កៅអីនៅសេតវិមាន ។

ដូចក្តីសង្ឃឹមមែន កាលណោះមានអង្គបោះឆ្នោតចំនួន៧រូប បានជ្រើសរើសងាកមកបោះឆ្នោតជូនលោកស្រី គ្លីនតុន ដែលជាចំនួនដ៏ច្រើនខុសពីទម្លាប់ ប៉ុន្តែមិនគ្រប់គ្រាន់នឹងរារាំងលោក ដូណាល់ ត្រាំ មិនឱ្យក្លាយជាប្រធានាធិបតីអាមេរិកទី៤៥បានឡើយ ។

លទ្ធផលឆ្នោត ដែលអង្គបោះឆ្នោតបានបោះជ្រើសរើសប្រធានាធិបតីថ្មី កាលពីថ្ងៃចន្ទ ទី១៤ ខែធ្នូនេះ នឹងត្រូវបញ្ជូនទៅឱ្យសភា និងព្រឹទ្ធសភារាប់ និងប្រកាសលទ្ធផលជាផ្លូវការ នៅថ្ងៃទី៦ ខែមករា ២០២១ខាងមុខ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយលោក ដូណាល់ ត្រាំ ឡាំប៉ា និងតវ៉ាតាមផ្លូវច្បាប់ប្រឆាំង នឹងលទ្ធផល នៃការបោះឆ្នោត កាលពីថ្ងៃទី៣ ខែវិច្ឆិកា គឺដោយសារប្រធានាធិបតី ជិតផុតអាណត្តិរូបនេះ មានសង្ឃឹមថា ប្រសិនបើការរាប់សន្លឹកឆ្នោតឡើងវិញនៅតាមរដ្ឋមួយចំនួន ដែលលោកបានទាមទារ គឺលទ្ធផលឆ្នោតអាចនឹងប្រែប្រួល ។
ប្រព័ន្ធបោះឆ្នោតនៅសហរដ្ឋអាមេរិក គឺអ្នកឈ្នះយកទាំងអស់ (The winner take all) នៅក្នុងរដ្ឋចំនួន៤៨រដ្ឋក្នុងចំណោមរដ្ឋសរុបទាំង៥០រដ្ឋរបស់សហរដ្ឋអាមេរិក ដូច្នេះ ប្រសិនបើលោក ត្រាំ ឈ្នះក្នុងរដ្ឋ២ទៅ៣ បន្ថែមទៀត គឺលោក ចូ បៃដិន នឹងចាញ់ ហើយការឡាំប៉ា និងការតវ៉ារបស់លោក ត្រាំ នឹងទទួលជោគជ័យ ។

តែទីបំផុត លោក ត្រាំ មិនអាចដណ្តើម យកជ័យជម្នះពីលោក ចូ បៃដិន បានទេ ពីព្រោះអង្គបោះឆ្នោតបានបោះឆ្នោត ជ្រើសរើសលោក ចូ បៃដិន ជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិករូចហើយ ហើយការឡាំប៉ា និងការតវ៉ារបស់លោក ត្រាំ ក៏ត្រូវបិទបញ្ចប់ដែរ ៕
ដោយ ៖ អ៊ី ជិន

To Top