បច្ចុប្បន្នភាព
BBC បានចុះផ្សាយថា សហភាពអឺរ៉ុប ដែលមានសមាជិក ចំនួន២៧ប្រទេស អាចនឹងបាត់បង់ សមាជិកបន្ថែមទៀត នៅពេលខាងមុខ ក្រោយពីសហភាពមួយនេះ បានបាត់បង់ចក្រភពអង់គ្លេស ដែលជាសមាជិកដ៏សំខាន់ ចាប់ពីឆ្នាំ២០២១នេះតទៅ ។
ប្រភពដដែលបានបន្តថា អឺរ៉ុបអាចនឹងបាត់បង់ សមាជិកសំខាន់ៗបន្ថែមទៀត ពេលខាងមុខ មានប្រទេសបារាំង និងអាល្លឺម៉ង់ជាដើម ប្រសិនបើអង់គ្លេស មានភាពរឹងមាំ និងអាចរក្សាស្តិរភាព នយោបាយ ការទូត និងសេដ្ឋកិច្ចបានល្អ ក្រោយពីចាកចេញពីអឺរ៉ុប ។
លោក វីលៀម បេន (William Bain) អ្នកជំនាញផ្នែកទីផ្សារអាជីវកម្មចក្រភព អង់គ្លេស បាននិយាយថា មិនមែនតែអង់គ្លេសទេ ដែលមានបំណងចាកចេញ ពីសមាជិកភាព របស់សហភាពអឺរ៉ុប សូម្បីតែប្រទេសជាសមាជិកអឺរ៉ុបច្រើនតៀត ក៏ចង់ចាកចេញដែរ ។
លោក វីលៀម បេន បានបន្ថែមថា មូលហេតុដែលប្រទេសជាសមាជិកផ្សេងទៀត មិនទាន់សម្រេចចិត្តចាកចេញពីអឺរ៉ុប គឺដោយសារប្រទេសទាំងនោះ នៅរង់ចាំមើលអង់គ្លេសសិន ដោយចង់ដឹងថា អង់គ្លេសនឹងប្រព្រឹត្តទៅបែបណា ក្រោយពីលែងលះជាមួយអឺរ៉ុប ។
សូមបញ្ជាក់ជូនថា ចក្រភពអង់គ្លេស បានលែងលះដាច់ស្រឡះ ហើយជាមួយសហភាពអឺរ៉ុប ក្រោយពីភាគីទាំងពីរបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ហើយអង់គ្លេសលែងជាគ្រួសារអឺរ៉ុបទៀត ហើយចាប់ពីឆ្នាំ២០២១នេះទៅ ។
ចាប់ពីថ្ងៃសុក្រ ទី១ ខែមករា ឆ្នាំ២០២១នេះទៅ អង់គ្លេសលែងជាក្រុមគ្រួសាររបស់សហភាពអឺរ៉ុបទៀតហើយ ដោយទាំងអង់គ្លេស និងអឺរ៉ុប កំពុងភ្ជាប់ទំនាក់ទំនងថ្មី ទាងខាងនយោបាយ ការទូត សន្តិសុខ និងទាំងខាងសេដ្ឋកិច្ច ហើយអង់គ្លេសនឹងទទួលខុសត្រូវគ្រប់យ៉ាងដោយខ្លួន និងត្រូវអនុវត្តតាមកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្ម ដែលភាគីទាំងពីរបានចុះហត្ថលេខារួចរាល់ហើយនោះ ។
ចាប់ពីម៉ោង១២រំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ អង់គ្លេសលើកដៃបាយបាយអឺរ៉ុបហើយ ក្រោយអង់គ្លេសបានរួមរស់ជាសមាជិកអឺរ៉ុបចាប់តាំងពីឆ្នាំ១៩៧៣កន្លងមក ដោយចក្រភពមួយនេះ បានសម្រេចចិត្តចាកចេញ តាមរយៈការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ដោយសម្លេងឆ្នោតព្រមលែងលះអឺរ៉ុប ៥១.៩% ។
កិច្ចព្រមព្រៀង លែងលះជាមួយអឺរ៉ុបនេះ មិនមែនជារឿងងាយស្រួលប៉ុន្មានទេ សម្រាប់អង់គ្លេស ពីព្រោះអង់គ្លេសត្រូវស្រាយចំណងទាំងអស់ ដែលមានជាមួយសហភាព អឺរ៉ុបអស់រយៈពេលជាង៤៥ឆ្នាំកន្លងមកនេះ ដែលមានទាងបទដ្ឋានច្បាប់ សន្ធិសញ្ញា ស្តង់ដារ ទំនាក់ទំនងពាណិជ្ជកម្ម ចរាចរណ៍មនុស្ស និងទំនិញគ្រប់បែបយ៉ាង គឺត្រូវតែរៀបចំសាឡើងវិញទាំងអស់ ព្រោះអង់គ្លេសមិនមែនជាសមាជិកក្នុងគ្រួសារសហភាពអឺរ៉ុបទៀតឡើយ ។
ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលអង់គ្លេសមានជាមួយសហភាព អឺរ៉ុប តាមរយៈការចរចារយៈពេល៤ឆ្នាំ កន្លងមកនេះ គឺចាប់ពីថ្ងៃទី១ ខែមករាទៅ ភាគីទាំងពីរមានទំនាក់ទំនង ពាណិជ្ជកម្មក្នុងតម្លៃទឹកប្រាក់ប្រមាណ ៧០០ពាន់លានអឺរ៉ូ ប្រហាក់ប្រហែលនឹងទឹកប្រាក់ចំនួន១សែនកោដិដុល្លារអាមេរិក ជាមធ្យមក្នុងមួយឆ្នាំ ។
ភាគីទាំង២បានព្រមព្រៀង គ្នាបន្តអនុវត្តការមិនយកពន្ធលើការនាំចេញ នាំចូលទំនិញទៅវិញទៅមក ហើយក៏មិនកំណត់ចំនួនកូតា នៃការនាំចូលនាំចេញទំនិញដែរ ក៏ប៉ុន្តែអ្វីដែល នឹងប្រែប្រួលគឺថា ចាប់ពីឆ្នាំនេះទៅ ការនាំចេញនាំចូលទំនិញ ទាំងអស់ពីអង់គ្លេសចូលទីផ្សារអឺរ៉ុប គឺត្រូវតែធ្វើលិខិតប្រកាសជាផ្លូវការឲ្យអាជ្ញាធរគយបានដឹង ។
ឧទាហរណ៍ ក្នុងករណីទំនិញចំណីអាហារ បន្លែត្រីសាច់ជាដើម គឺអង់គ្លេសត្រូវតែធ្វើលិខិតបញ្ជាក់បន្ថែមអំពីក្រិត្យក្រមស្តងដាសុខភាព និងអនាម័យ។ និយាយជារួម គឺត្រូវធ្វើលិខិតស្នាមនាំចេញនាំចូលទៅអាជ្ញាធរគយ តែមិនបង់ពន្ធទេ ។
ទាក់ទិននឹងក្រិត្យក្រមស្តង់ដារសុខភាព អនាម័យ សង្គមនិងបរិស្ថាននេះដែរ គឺជារឿងសំខាន់សម្រាប់ភាគីទាំងពីរ ដើម្បីធានាឲ្យបាននូវការប្រកួតប្រជែងដោយស្មើភាព ហើយក្នុងចំណុចនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា អង់គ្លេសនឹងបន្តអនុវត្តស្តង់ដាររបស់អឺរ៉ុប ដែលត្រូវបានចាត់ទុកបានថា ជាស្តង់ដារខ្ពស់ក្នុងក្រិត្យក្រមអនាម័យ ការពារបរិស្ថាន និងការពារអត្ថប្រយោជន៍សង្គមដល់បុគ្គលិកជាដើម ។
ដើមចមនាំអោយកើតរឿង
កាសែត Daily Mail បានចុះផ្សាយថា ដើមចមដែលនាំអោយចក្រភពអង់គ្លេស បានសម្រេចចិត្តលែងលះជាមួយសហភាពអឺរ៉ុប គឺដោយសារប្រជាពលរដ្ឋ និងមេដឹកនាំរបស់ចក្រភពមួយនេះ មិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចចិត្តសម្រាប់ប្រទេសរបស់ខ្លួនទេ ។
ស្ទើរតែរាល់ការសម្រេចចិត្ត ពាក់ព័ន្ធនឹងវិស័យការពារជាតិ នយោបាយ សន្តិសុខ ការទូត និងសេដ្ឋកិច្ចជាដើម អង់គ្លេសខ្លួនឯងមិនអាចសម្រេចចិត្តដោយខ្លួនឯងបានទេ គឺមុននឹងធ្វើអ្វីមួយ ចក្រភពមួយនេះត្រូវតែសួរ យោបល់ពីប្រមុខដឹកនាំអឺរ៉ុបជាមុនសិន ។
ប្រសិនបើប្រមុខដឹកនាំអង់គ្លេសសម្រេចចិត្តធ្វើមួយ ដែលជាបញ្ហាពាក់ព័ន្ធនឹងប្រទេស របស់ខ្លួនដោយមិនសួរយោបល់ ប្រមុខដឹកនាំសហភាពអឺរ៉ុប អង់គ្លេសអាចនឹងទទួលរងការស្តីបន្ទោស ពីបទមិនមានកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុប ។
ចំណុចនេះហើយ បានជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក ដាវីដ កាម៉េរ៉ុន (David Cameron) ធ្លាប់បានលើកឡើងថា ប្រជាពលរដ្ឋ និងប្រមុខដឹកនាំអង់គ្លេស ហាក់ដូចជាគ្មានសិទ្ធិក្នុងការសម្រេចចិត្តលើបញ្ហាប្រទេសរបស់ខ្លួននោះទេ ។
មិនមែនតែអង់គ្លេសទេ ដែលមានអារម្មណ៍ស្ថិតនៅក្រោមសម្ពាធរបស់អឺរ៉ុប សូម្បីតែប្រជាពលរដ្ឋ និងប្រមុខដឹកនាំ របស់ប្រទេសជាសមាជិក សហភាពអឺរ៉ុបមួយចំនួន មានប្រទេសបារាំង និងអាល្លឺម៉ង់ជាដើម ក៏មានអារម្មណ៍ដូចជាអង់គ្លេសដែរ ហើយនៅថ្ងៃអនាគត គ្រួសារអឺរ៉ុប អាចនឹងបែកបាក់គ្នាដោយលែងលះដូចជាអង់គ្លេសដែរ ៕
ដោយ ៖ អ៊ី ជិន
