ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ វិធានការ១២ ចំណុច ដើម្បីឲ្យដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ។
យោងតាមសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ដែលនឹង ធ្វើឡើងនៅថ្ងៃទី១១ មករា ២០២១ ដើមសប្តាហ៍ខាងមុខនេះបានលើកឡើង ១២ ចំណុចដើម្បីឲ្យដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ ដែលក្នុងនោះរួមមាន៖
ទី១.រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់អាទិភាពទី១លើវិស័យអប់រំនិងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីដំណក់ប្រេងដំបូងស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយ ឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញនិងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទាំងមូល នៅក្នុងរយៈពេល២២ឆ្នាំ មកនេះ។
ទី២.សូមបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម“៣ការពារ៣កុំ” ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ក្ នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត១.៥ម៉ែត្រនិងសុវត្ថិភាពចំណីអាហារ។
ទី៣.ក្រសួងអប់រំយុវជននិងកីឡាត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនាទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” ដោយគិតគូរអំពីជម្រើសឲ្យបានច្រើន ក្នុងការផ្តល់សេវអប់រំជាពិសេសដំណើរការបង្រៀននិងរៀន ដែលមានភាពទន់ភ្លន់និងធ្វើវិមជ្ឈការនៃសេវាអប់រំអាស្រ័យទៅតាមទីតាំងភូមិសាស្ត្រស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលកូវីដ-១៩និងស្ថាន ភាពអប់រំ។ ក្រសួងអប់រំយុវជននិងកីឡាត្រូវបន្តជំរុញ “ការអប់រំឌីជីថល” ឲ្យទាន់សភាពការណ៍ជាតិតំបន់និងសកលលោក។
ទី៤.ក្រសួងអប់រំយុវជននិងកីឡា ត្រូវរៀបចំនិងអនុវត្តកម្មវិធីសិក្សាបំព្រួញដោយកំណត់ជាមុខវិជ្ជាកាតព្វកិច្ចនិងមុខវិជ្ជាជម្រើសមេរៀនសិក្សា ក្នុងថ្នាក់រៀននិងមេរៀនស្វ័យសិក្សា ដើម្បីធានាថា ការរៀនសូត្ររបស់សិស្សានុសិស្ស បានពេញលេញផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅជាពិសេសមេរៀន សម្រាប់ថ្នាក់ទី៩និងទី១២និងការកំណត់មេរៀន សម្រាប់ការប្រឡងសញ្ញាប័ត្រ។
ទី៥.ក្រសួងអប់រំយុវជននិងកីឡា ត្រូវធ្វើការពិនិត្យឡើងវិញ ឲ្យស្របនឹងបរិបទថ្មីៗដែលតម្រូវឲ្យមានភាពរស់រវើកនិងកាន់តែធានាបាននូវភាពស័ក្ដិសិទ្ធិនៃការដឹកនាំ និង គ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ រួមបញ្ចូលទាំងការគ្រប់គ្រងគ្រូបង្រៀន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងវិស័យអប់រំនិងហិរញ្ញប្បទានសហប្រតិបត្តិការការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រងនាយកសាលានិងគ្រូបង្រៀន។
ទី៦.ក្រសួងអប់រំយុវជននិងកីឡា ត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្ត្របង្រៀន តាមបែបការរិះរកនិងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ក្នុងសតវត្សទី ២១ ដែលជាវិធីសាស្ត្រតាមបែបចម្រុះ ដោយសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀននិងការធ្វើស្វ័យសិក្សានិងការផ្តោតលើការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យា ដែលជាជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល និង សេដ្ឋកិច្ចឌីជីថល ជាពិសេសសិស្សមានបំណិនសតវត្សទី២១ ។ ក្រសួងអប់រំយុវជននិងកីឡា ត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍ វិជ្ជាជីវៈជាប្រចាំរួមទាំងវគ្គវិក្រឹតិកាលតាមគ្រប់រូបភាព ដើម្បីលើកកម្ពស់គុណវុឌ្ឍិនិងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិតជាពិសេសការបង្រៀននិងរៀនតាមបែបបច្ចេកវិទ្យា ទំនើប។ ក្រសួងត្រូវបន្ត កែលម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និង បន្ទប់សាស្ត្រាចារ្យទៅតាមលទ្ធភាពនិងស្ថាន ភាពជាក់ស្តែងរបស់សាលារៀនសម្រាប់បម្រើដល់ការបង្រៀននិងរៀនបែបថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩។
ទី៧. គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួនទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងសេវាបង្រៀននិងរៀន ដើម្បីឲ្យសាលារៀនរបស់យើងក្លាយ ទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ជាសាលារៀនជំនាន់ថ្មី និង ជាសាលារៀន ដែលមានប្រសិទ្ធភាព។ គ្រឹះស្ថានសិក្សាត្រូវបន្តកសាងបរិស្ថានសាលារៀនស្អាតសាលា រៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងនិងសួនធម្មជាតិ។ ល ។ ឲ្យស័ក្ដិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អនិងគ្មាន ការញាំញីផ្លូវចិត្ត ផ្លូវកាយ។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សាត្រូវត្រៀមលក្ខណៈតាមគ្រប់រូបភាព ដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលាករណីមានប្រធានស័ក្ដិ កើតឡើង ដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់និងការរាតត្បាតនៃជំងឺនានា ។