ភ្នំពេញ ៖ លោក សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសតូច និង មធ្យម និងមីក្រូហិរញ្ញវត្ថុ បានធ្វើការពន្យល់ អំពីការកំចីប្រាក់ ទិញសំភារៈហ៊ឺហារប្រើប្រាស់ មិនបានធ្វើឲ្យកើនចំណូលទេ ខណៈកំចីរកស៊ីធ្វើឲ្យជីវភាពធូរធា និងសងធនាគារឆាប់រហ័ស ។
ក្នុងសិក្ខាសាលាស្តីពី «ឱកាស និងបញ្ហាប្រឈម របស់មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សុន គន្ធរ បានលើកឡើង អំពីការរីកចំរើន នៃវិស័យមីក្រូហិរញ្ញវត្ថុ ដែលចាប់ផ្តើមតាំងពីតូច រហូតដល់រីកលូតលាស់យ៉ាងធំ ដោយចាប់ផ្តើមពីផ្ទះមួយល្វែង រហូតដល់មានអគារធំៗ ហើយច្រើនសាខាទូទាំងប្រទេស និងខ្លះមានសាខាប្រតិបត្តិ នៅបរទេសទៀតផង។
ដោយមានការឆ្លងកាត់ បទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ តាំងពីឆ្នាំ១៩៩៣មក លោកក៏បានបង្ហាញអំពីកំចីចំនួនពីរ ដែលកើតមានឡើងរហូតដល់សព្វថ្ងៃ។ ទីមួយកំចីវិនិយោគ ដែលមានអាជីវករនៅបណ្តាខេត្តផ្សេងៗ បានខ្ចីប្រាក់នៅគ្រឺះស្ថានចំនួនពីរលានរៀល ទៅរកស៊ីទិញលក់ពងទា។
លោកថា អាជីវករនោះ បានសងប្រាក់វិញទាំងដើម និងការប្រាក់តែក្នុងរយៈពេលមួយឆ្នាំ។
រីឯប្រភេទទីពីរ គឺកំចីហ៊ឺហារ ដែលមាននៅតាមហាងលក់ទូរស័ព្ទទំនើបៗ ម៉ូតូថ្មីៗ និង រថយន្ត ហើយអ្នកដែលខ្ចីមិនបានយកម៉ូតូ ឬ រថយន្តទៅរកស៊ីដូចជាដឹកភ្លៀវនោះទេ គឺពួកគាត់ប្រើប្រាស់ដើម្បីហ៊ឺហារ តែកំចីនេះ មិនជួយឲ្យប្រាក់ចំណូល ពួកគាត់កើនឡើងឡើយ។
លោកក៏បានបង្ហាញអំពីអត្រាការប្រាក់ ដែលពីអតីតកាលមានតម្លៃខ្ពស់ រហូតដល់៦០%ក្នុងមួយឆ្នាំ បានធ្លាក់មកនៅត្រឹម១៨%ក្នុងមួយឆ្នាំបច្ចុប្បន្ន។
លោកទេសរដ្ឋមន្ត្រី សុន គន្ធរ បន្តថា កម្ពុជាគឺជាប្រទេស ដែលមានច្បាប់ស្តីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដ៏រឹងមាំក្នុងតំបន់ ៕ ដោយ ម៉ៅ ដារាត់