Covid-19

អង្គការ TPO៖ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ អ្នកជំងឺ សុខភាពផ្លូវចិត្ត មានការកើនឡើង

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិនៃអង្គការមិត្តសង្គម អន្ដរវប្បធម៌ (TPO) ប្រចាំកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងកើតមានឡើងនៅពិភពលោក រួមទាំងកម្ពុជាផង នោះ គឺមានអ្នកជំងឺសុខភាពផ្លូវចិត្ត ជាង១ម៉ឺននាក់ មកពិគ្រោះយោបល់ និងព្យាបាល។

ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ «គម្រោង លើកកម្ពស់ការយល់ដឹង អំពីសុខភាពផ្លូវចិត្ត» នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០ ២១ លោក ឈឹម សុធារ៉ា បានលើកឡើងថា កត្តាធំៗចំនួន៣ដែលកើតជំងឺ សុខភាពផ្លូវចិត្ត រួមមាន ៖ ទី១-កត្តាខួរក្បាល ,កត្តាការគិត និងកត្តាសង្គម។

លោកថា ការព្យាបាលជំងឺសុខភាពផ្លូវចិត្ត ប្រើប្រាស់រយៈពេល៣ខែ ទៅ១ឆ្នាំ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «អ្នកស្វែងរកសេវា សុខភាពផ្លូវចិត្តមានចំនួនកាន់តែកើនឡើង ពិសេស នៅកន្លែងយើង។ យើងបើកមួយឆ្នាំដំបូងមាន១០០នាក់ ហើយអ្នកមកពិគ្រោះក្នុងមួយឆ្នាំ៣០០ ទៅ៤០០នាក់ ហើយឥឡូវនេះ ជាង១ម៉ឺននាក់ ក្នុងការពិគ្រោះជំងឺ សុខភាពផ្លូវចិត្ត»។

លោកបន្ដថា «ក្នុងពេលកូវីដនេះឃើញថា ចំនួននេះរឹតតែកើនឡើង ចឹងនៅក្នុងកូវីដហ្នឹង អតីតអ្នកជំងឺយើងដែលព្យាបា លជាហើយ គាត់ចាប់ផ្ដើមភ័យឡើងវិញ ហើយពួកគាត់មានងាយគ្រោះជាងគេ។បន្ទាប់យើងឃើញមាន អ្នកដែលមាន បងប្អូនប្រឈមផ្សេងៗក៏មានច្រើន ហើយកំឡុងពេលកូវីដហ្នឹង ទទួលបានផលជាច្រើន ហើយមានអ្នកខ្លះខលពីមជ្ឈ មណ្ឌលចត្តាឡីស័ក្តិទៀត ពីព្រោះយើងផ្សព្វផ្សាយឲ្យពួកគាត់យល់ថា បើមានការតឹនតាំងចិត្តពិគ្រោះជាមួយយើង»។

ឆ្លៀតឱកាសនោះដែរ លោកស្រី ជា សិរី ស្ថានិកនៃមូលនិធិរក្សាកុមារ បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ នៅលើពិភព លោក រួមទាំងកម្ពុជា កំពុងតែប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ ហើយមានប្រជាជនភាគច្រើនទទួលសំពាធផ្លូវចិត្ត ក្រោម ហេតុផល មានដូចជា ៖ បាត់បង់ការងារ ,បាត់បង់ប្រាក់ចំណូល និងនៅឆ្ងាយពីគ្រួសារ ជាដើម។លោកស្រីថា បញ្ហាទាំងនេះហើយ ទើបមានបញ្ហាសុខភាពផ្លូវចិត្ត ដូច្នេះ ត្រូវទាមទារមានការយកចិត្តទុកដាក់ខ្ពស់ឲ្យមែនទែន។

លោកស្រីបញ្ជាក់ថា «ក្នុងឆ្នាំ២០២០ ពិភពលោកបានជួបបញ្ហាជាច្រើន ធំជាងគេគឺបញ្ហាជំងឺកូវីដ-១៩។ ឆ្លងតាមបទពិ សោធន៍របស់ខ្ញុំផ្ទាល់ មានទាំងការធ្វើចត្តាឡីស័ក្តិ និងរឿងរ៉ាវជាច្រើនទៀត ខ្ញុំយល់ឃើញថា បងប្អូនខែ្មរយើងកំពុងតែ ត្រូវការជំនួយជាច្រើន ជាពិសេស ការគាំទ្រ និងគាំពារផ្នែកសុខភាព។ នេះគឺជាកត្តាដែលជំរុញឲ្យខ្ញុំ ផ្ដួចផ្ដើមនូវគម្រោង នេះឡើយ»។

បន្ថែមពីនេះទៀត ស្ថានិកនៃមូលនិធិរក្សាកុមារ ក៏បានផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋខ្មែរ ត្រូវមានការយកចិត្តដាក់ខ្ពស់ ចំពោះសុខភាពផ្លូវចិត្ត ហើយត្រូវព្យាបាលឲ្យទាន់ពេលវេលា និងកុំមានការរើសអើងឲ្យសោះ។

សូមរំលឹកថា តាមរយៈគម្រោងលើកកម្ពស់ការយល់ ដឹងអំពីសុខភាពផ្លូវចិត្តនេះ មូលនិធិរក្សាកុមារ កំពុងឧបត្ថម្ភគាំទ្រដល់អង្គការ TPO ប្រចាំកម្ពុជា ក្នុងសកម្មភាពផ្ដល់ការប្រឹក្សាយោបល់ អំពីបញ្ហាសុខភាពផ្លូវចិត្ត តាមរយៈបណ្ដាញទូរស័ព្ទ និងតាមអនឡាញ (ទំព័រហ្វេសប៊ុក TPO Cambodia) ,ផ្ដល់ការព្យាបាលចាំបាច់ដល់អ្នកជំងឺ ផ្លូវចិត្តធ្ងន់ធ្ងរ ដែល បណ្ដាលមកពីសំពាធនៃបញ្ហាកូវីដ-១៩ ,ផ្សព្វផ្សាយ សារ និងមាតិការអប់រំពាក់ព័ន្ធលើ បណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញទំនាក់ទំនងផ្សេងទៀត និងសកម្មភាពចុះផ្សព្វផ្សាយនៅសហគមន៍មូលដ្ឋានអំពីបញ្ហាសុខភា ពផ្លូវចិត្ត និងការគាំទ្រផ្នែកចិត្តសាស្ដ្រ៕

To Top