ព័ត៌មានជាតិ

អាល្លឺម៉ង់ បន្តជួយកម្ពុជាលើការងារ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ភ្នំពេញ​ ៖​ តាមរយៈលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លីម៉ង់ប្រចាំកម្ពុជា​ រដ្ឋាភិបាលអាល្លឺម៉ង់នឹង​ បន្តជួយគាំទ្រកម្ពុជាលើការងារ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ ជាពិសេស​ ពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀត​ ផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ លោក Christian Berger​ មានប្រសាសន៍ ថា​ «ភាគីអាល្លឺម៉ង់ មិនត្រឹមតែបន្តជួយគាំទ្រកម្ពុជាលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះទេ ប៉ុន្តែនឹងថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះផងដែរ»។

លោកក៏មានគោលបំណងស្វែង យល់ពីវឌ្ឍនភាពការងារកំណែទម្រង់នេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់សាធារណរដ្ឋអាល្លឺម៉ង់ កាលពីឆ្នាំ២០១៩ និងចង់ជម្រាបជូនសម្ដេច អំពីគំនិតផ្ដួចផ្ដើមក្នុងការគាំទ្រដល់ការងារនគរបាល និងសហគមន៍។

ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោម ស​ ខេង​ បានបញ្ជាក់ជូន ឯកអគ្គរដ្ឋទូត ថាមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការអនុវត្តផែនការជាតិរយៈពេល១០ឆ្នាំ ហេីយដំណាក់កាលទី១ និងកំពុងបន្តរៀបចំផែនការដំណាក់កាលទី២ សម្រាប់រយៈពេល១០ឆ្នាំបន្តទៀត ដើម្បីបន្តការងារកំណែទម្រង់នេះ។ សម្ដេច បានថ្លែងអំណរគុណភាពអាល្លឺម៉ង់ ដែលបានគាំទ្រលើផ្នែកបច្ចេកទេសក្នុងការរៀបចំផែនការជាតិរយៈពេល១០ឆ្នាំ បន្តទៀតនេះ ។

ដោយឡែកចំពោះសមិទ្ធផលធំៗក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺមាន២ធំៗ ទី១ រាជរដ្ឋាភិបាលមានការស្រុះស្រួលផ្ទៃក្នុង រវាងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងក៏មានការយល់ដឹងកាន់តែច្រើនរបស់សាធារណៈជនដែលនេះជាទុនមួយដ៏មានសារៈសំខាន់ក្នុងការគាំទ្រដល់កំណែទម្រង់នេះឱ្យមានវឌ្ឍនភាពទៅមុខ ។

សមិទ្ធផលធំទី២ គឺតាមរយៈផែនការ១០ឆ្នាំ ដែលបានអនុវត្តដំណាក់កាលទី១នោះ គឺបានរៀបចំនូវលិខិតបទដ្ឋាន ក៏ដូចជាយន្តការផ្សេងៗសម្រាប់ដំណើរការកំណែទម្រង់នេះ ដោយក្នុងនោះមានជាអាទិ៍ ការរៀបចំច្បាប់ ដំណើរការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដែលនេះគឺជាផ្នែកមួយនៃដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះដែរ ។

ជាងនេះទៅទៀ​ត​ សម្ដេចក្រឡាហោម​ ស​ ខេង​ លេីកឡេីងថា​ ចាប់ពីឆ្នាំ២០២១តទៅ អ្វីដែលផ្ដោតសំខាន់នោះគឺការបន្តផ្ទេរសិទ្ធិអំណាច និងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយដែលកត្តាធនធានមនុស្សគឺជាកត្តាស្នូលដើម្បីធានាថាការផ្ទេរសិទ្ធិអំណាច និងធនធាននេះ គឺថ្នាក់ក្រោមជាតិពិតមានលទ្ធភាព និងសមត្ថភាពអនុវត្តរាល់ការងារដែលបានផ្ទេរជូន៕

To Top