ភ្នំពេញ ៖ ក្រោយពីលោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិត២ច្បាប់មកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីពេលថ្មីនេះ សម្តេចតេជោ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានផ្ញើលិខិតតបទៅនឹងលោក ដូណាល់ត្រាំ ផងដែរ ។
លិខិតមួយច្បាប់ដែលសម្តេចតេជោ ផ្ញើទៅប្រធានាធិបតីអាមេរិក បានបង្ហាញពីការគាំទ្រ របស់លោកត្រាំមកលើកម្ពុជា ។ តាមរយៈលិខិតនោះ សម្តេចបានគូស បញ្ជាក់ ពីការអរគុណ ដែលអាមេរិក មិនឲ្យមានការប្តូរ របបនៅកម្ពុជា ជាពិសេស គឺការបន្តរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរ និងអនុញ្ញាតយល់ព្រមឲ្យក្រុមការងារ របស់កម្ពុជាធ្វើការ ជាមួយអាមេរិក ដើម្បីបញ្ជាក់ពីទំនាក់ទំនងបន្ថែមទៀត។
តាមរយៈ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបជាមួយសម្តេចតេជោ កាលពីរសៀលថ្ងៃ ២១ វិច្ឆិកា លោកបាននាំនូវយកលិខិត របស់ប្រធានាធិបតីអាមេរិក សរសេរផ្ទាល់ដៃ មកជូនសម្តេចតេជោ ។ ពេលនោះលោកទូតនិយាយថា ដើម្បីបន្ត ការរឹតចំណងទាក់ទង កិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែមានការរីកចម្រើនល្អ ប្រសើរឡើងថែមទៀត ប្រធានាធិបតីអាមេរិក បញ្ជាក់ថា អាមេរិក មិនមានការគាំទ្រឲ្យមានការប្តូររបបនៅកម្ពុជានោះទេ ។
យោងតាមខិតរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ វិច្ឆិកា ហើយផ្សាយជាសាធារណៈនៅថ្ងៃ២៧ វិច្ឆិកា បានឲ្យដឹងថា “ខ្ញុំមានក្តីសោមនស្សរីករាយ ដោយបានទទួលលិខិតចំនួនពីរច្បាប់ផ្សេងគ្នារបស់ឯកឧត្តមដែលបានផ្ញើមកថ្នាក់ដឹកនាំអាស៊ាន និងរូបខ្ញុំផ្ទាល់ ចុះថ្ងៃទី១ វិច្ឆិកា ។ ក្នុងនាមជាសមាជិកសកម្មរបស់អាស៊ាន កម្ពុជាសូមកោតសរសើរចំពោះ សារដ៏ច្បាស់លាស់របស់ឯកឧត្តម ស្តីពី ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន – អាមេរិក និងតួនាទីស្នូលរបស់អាស៊ាន” ។
សម្ដេចបន្ដថា សម្ដេចមានបំណងដ៏ជ្រាលជ្រៅក្នុងការជំរុញទំនាក់ទំនងបន្ថែមទៀត និងទទួលយកការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ ឆ្នាំ២០២០ នៅអាមេរិក។ សម្ដេចនាយករដ្ឋមន្រ្តីបន្ថែមអំពីទំនាក់ទំនងរវាង កម្ពុជា-អាមេរិក ដោយសម្ដេចឯកភាពជាមួយប្រធានាធិបតីអាមេរិកដែលថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លងកាត់នូវដំណាក់កាលតឹងតែង និងធូរស្រាលជាបន្តបន្ទាប់។
ទោះយ៉ាងណាក៏ដោយ សម្ដេចយល់ថា “យើងមិនត្រូវឲ្យខ្លួនយើងក្លាយជាចំណាប់ខ្មាំងនៃទំព័រខ្មៅងងឹតខ្លះនៃប្រវត្តិសាស្ត្ររបស់យើងនោះទេ ។ មានដំណាក់កាលដ៏ស្រស់បំព្រងជាច្រើនផ្សេងទៀត ដែលមានសារៈប្រយោជន៍ក្នុងការបំពាក់បំប៉នពូនជ្រុំសំរាប់ធ្វើឲ្យទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរ កាន់តែមានការរីកលូតលាស់ថែមទៀត” ។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីនកម្ពុជាសង្កត់ធ្ងន់ថា បច្ចុប្បន្នមួយផ្នែកនៃវិបុលភាពរបស់ប្រជាជនកម្ពុជា គឺពិតជាបានមកពីលទ្ធផលនៃការចូលរួមវិភាគទានរបស់ប្រជាជន និងរដ្ឋាភិបាលអាមេរិក ដោយចាប់ផ្តើមពីការធ្វើប្រជាធិបតេយ្យនូបនីយកម្មដោយសន្តិវិធី ដល់ការកសាងប្រទេសជាតិ អភិបាលកិច្ចសង្គម និងការទទួលបានការចូលទីផ្សារដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ សម្តេចតេជោបញ្ជាក់ថា “ខ្ញុំមានសេចក្តីរីករាយឲ្យក្រុមការងារកិច្ចការបរទេសរបស់យើងខ្ញុំ ធ្វើការជាមួយក្រុមការងារកិច្ចការបរទេសរបស់ឯកឧត្តម ដើម្បីស្តារទំនុកចិត្តនិងភាពជឿជាក់ឡើងវិញនឹងកសាងឡើងវិញនូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ ដូចដែលឯកឧត្តមបានបញ្ជាក់នៅក្នុងលិខិតរបស់ឯកឧត្តម” ៕ ដោយ អេង ប៊ូឆេង