ព័ត៌មានជាតិ

អាកាសយានដ្ឋាន អន្តរជាតិថ្មី នៅខេត្តសៀមរាប នឹងសាងសង់រួចរាល់ នាពាក់កណ្តាល ខែមីនា ឆ្នាំ២០២៣

ភ្នំពេញ ៖ ការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិថ្មី នៅខេត្តសៀមរាប គ្រោងនឹងបញ្ចប់ ដោយឆ្លងកាត់ការត្រួតពិនិត្យ របស់ក្រុមបច្ចេកទេស និងអង្គភាពជំនាញ ឈានទៅបំពេញ លក្ខខណ្ឌប្រតិបត្តិការ របស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេល សរុប៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន ពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ។ នេះបើយោងតាមរដ្ឋបាល ខេត្តសៀមរាប។

អ្នកជំនាញ នៃក្រុមការងារចិន ដែលកំពុងប្រតិបត្តិការ នៅការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានឲ្យដឹងថា តាមផែនការសម្រាប់ ឆ្នាំ២០២១នេះ ការសាងសង់គម្រោង ទាំងមូលគ្រោង នឹងសម្រេចឲ្យបានប្រមាណជា ៦៧% ដែលនៅក្នុងនោះការសាងសង់ ស្ថានីយ៍អ្នកដំណើរគ្រោង នឹងសម្រេចឲ្យ បាន៧៨% ការកសាង តំបន់ហោះហើរ គ្រោងនឹងសម្រេចឲ្យបាន៤៥% និង សំណង់ហេដ្ឋា រចនាសម្ព័ន្ធទូទៅ របស់អាកាសយាដ្ឋាន គ្រោងនឹងសម្រេច ឲ្យបាន៥០% ។
ម្យ៉ាងទៀត តាមផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ គ្រោងនឹងពន្លឿនការ សាសង់ឲ្យបាន៦៧% និងបញ្ចប់ការសាងសង់ ឈានទៅបំពេញលក្ខខណ្ឌ ប្រតិបត្តិការរបស់ អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខ ។

ការឲ្យដឹងយ៉ាង ដូច្នេះអ្នកជំនាញចិនរូបនោះ បានរំលឹកឲ្យដឹងដែរថា ការដ្ឋានសាងសង់ស្ថានីយ៍ អ្នកដំណើរដែលចាប់ផ្តើមដំណើរ ការនាពាក់កណ្តាលខែមីនា មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន១៥% ជាមួយនេះសំណង់តំបន់ហោះហើរ ដែលចាប់ផ្តើមការដ្ឋាន នាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០%។
ក្នុងនោះដែរក៏ធានាបានថា ការហោះហើរ និងចុះចតមិនមានផលអវិជ្ជមាន នៃប្រតិបត្តិការ របស់អាកាសយានដ្ឋាន ចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ ម៉្យាងទៀត ការសាងសង់អាកាស យានដ្ឋាននេះ ក៏រក្សានូវបរិស្ថាន ធម្មជាតិទៀតផង ។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង ៣ពាន់៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ ចំណតយន្តហោះ និង មានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរ ជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរ ជាប្រចាំឆ្នាំប្រមាណជាង៧លាននាក់ ។ អាកាសយានដ្ឋានអន្តរជាតិ ខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការ ត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ ជូនរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះអ្នកជំនាញក៏បានសំណូមពរ ដល់រដ្ឋបាលខេត្ត ក្នុងកិច្ចសហការជា មួយក្រុមហ៊ុន ក្នុងការជួយសម្រួលនូវបណ្តាញ ចរន្តអគ្គិសនី ដើមី្បបំពេញ តម្រូវការ ក្នុងការប្រើ បាស់ឲ្យបានគ្រប់គ្រាន់ នៅក្នុងបរិវេណអាកាសយានដ្ឋាន នៅពេលបើកដាក់ឲ្យដំណើរ ការហោះហើរ និង តភ្ជាប់បណ្តាញទឹកស្អាត ដើមី្បផ្គត់ផ្គង់ប្រើ ប្រាស់នៅអាកាស យានដ្ឋាននេះ និង តភ្ជាប់ប្រព័ន្ធ អ៊ិនធើណែត ព្រមទាំងសុំជួយធ្វើការសម្របសម្រួល ការធ្វើបណ្ណ័កម្មសិទ្ធដី ផ្លូវចូលមកព្រលាន ដើមី្បធ្វើរបងការពារសុវត្ថិភាពទៀតផង ។

ជាការឆ្លើយតបអភិបាល ខេត្តសៀមរាប លោក ទៀ សីហា បានត្រៀមលក្ខណៈ ក្នុងការសម្របសម្រួល និង កិច្ចសហប្រតិបត្តិការ ទៅតាមរាល់សំណូមពររបស់ក្រុមហ៊ុន ដែលបានលើកឡើង ។

លោកក៏បានបញ្ជាក់ផងដែរថា រាល់សំណូមពរនេះដែរ ក៏យើងទាមទាឲ្យមន្ទីរ អង្គភាពជំនាញ ចុះមកធ្វើការសិក្សាជាមុន ដើមី្បក្នុងការធានា ឲ្យបានទៅតម្រូវការចាំបាច់ ប្រើប្រាស់នៅក្នុងអាកាសយានដ្ឋាន និង ធ្វើការជម្រុញដល់គណៈកម្មការ និង មន្ទីរជំនាញ ចុះធ្វើការពិនិត្យ និង កំណត់ព្រំដីឲ្យបានច្បាស់លាស់ ជាមុនផងដែរ៕

To Top