បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយនៅថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ចលនាមហាជន នៅតាមទីក្រុង នានានៅទូទាំង សហភាពមីយ៉ានម៉ា បានរីករាលដាល កាន់តែធំឡើង ដោយមានការចូលរួម ធ្វើបាតុកម្មអហិង្សាពីសំណាក់ ព្រះសង្ឃ មន្ត្រីរដ្ឋការ និងប្រជាពលរដ្ឋ ស្ទើរគ្រប់ស្រទាប់វណ្ណៈ នៅទូទាំងប្រទេស ។
ចំណែកកងកម្លាំងយោធា ក៏បានចាប់ផ្តើមបង្ក្រាបក្រុមបាតុករ ហើយដែរ នៅព្រឹកថ្ងៃចន្ទនេះ ដោយប្រើប្រាស់រថយន្តបាញ់ទឹក បាញ់បំបែកហ្វូង បាតុករនៅទីក្រុង ណៃពិដោ ដែលជាចំណុច ចាប់ផ្តើមក្នុងប្រតិបត្តិការបង្ក្រាប ខណៈដែលក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករ បានរីករាលដាលកាន់តែធំឡើងនៅទីក្រុងនេះ ។
សូមបញ្ជាក់ជូនថា កងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា បានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៊ីវិល របស់ប្រទេសនេះ កាលពីថ្ងៃចន្ទ ទី១ ខែកុម្ភៈនេះ ហើយការតវ៉ារបស់ប្រជាពលរដ្ឋ បានកើតឡើងនៅថ្ងៃចន្ទដដែល ប៉ុន្តែជាការតវ៉ាដោយគ្រាន់តែវាយចា ឆ្នាំង ឬវត្ថុបំពងសម្លេងនៅតាមលំនៅឋានរៀងខ្លួន ដោយមិនចេញទៅដង្ហែក្បួននៅតាមដងផ្លូវនោះទេ ។
ក្បួនបាតុកម្ម របស់ក្រុមប្រជាបាតុករ នៅតាមដឹងផ្លូវ បានផ្ទុះឡើងជាលើកដំបូង កាលពីថ្ងៃថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈដដែលនេះ ដែលមានក្រុមបាតុករ ប្រមាណជាង៣០០០នាក់ប៉ុណ្ណោះ នៅទីក្រុងណៃពិដោ និងនៅតំបន់នានា ទូទាំងប្រទេស ប៉ុន្តែដល់ថ្ងៃចន្ទនេះ ក្រុមបាតុករដែលចូលរួមធ្វើបាតុកម្ម មានគ្នាប្រមាណជាង ១០ម៉ឺននាក់ នៅទូទាំងប្រទេស ។
ដោយសម្លឹងឃើញ បរិមាណអ្នកចូលរួមធ្វើ បាតុកម្មមានកាន់តែច្រើន និងក្បួនបាតុកម្ម របស់ក្រុមប្រជាបាតុករ ចេះតែបន្តរីកធំឡើង កងកម្លាំងយោធា បានចាប់ផ្តើមប្រតិបត្តិការ បង្ក្រាបក្រុមបាតុករ នៅទីក្រុងណៃពិដោមុនគេ ដោយមិនទាន់មានរបាយការណ៍ ជាក់លាក់អំពីបរិមាណ នៃក្រុមប្រជាបាតុករ ដែលរងរបួស ត្រូវបានចាប់ខ្លួន ឬបាត់បង់ជីវិតនោះទេ ។
ក្រុមបាតុករ ដែលបានចេញធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋប្រហាររបស់កងកម្លាំងយោធា រយៈពេល៣ថ្ងៃ គឺចាប់តាំងពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃចន្ទនេះ ត្រូវបានបែងចែកជា៣ក្រុម គឺក្រុមដើរតវ៉ាអហិង្សា នៅតាមដងផ្លូវ ក្រុមបើកបររថយន្ត និងម៉ូតូ ដោយចុចស៊ីផ្លេតាមដងផ្លូវ និងក្រុមវាយចាន ឆ្នាំង ឬវត្ថុបំពងសម្លេង នៅតាមលំនៅឋានរៀងខ្លួន ។
សូមរំលឹកជូនថា កាលពីថ្ងៃចន្ទ ទី១ ខែកុម្ភៈនេះ កងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី ដោយចោទប្រកាន់រដ្ឋាភិបាល និងគណៈកម្មការរៀបចំការបោះឆ្នោតពីបទលួចបន្លំសន្លឹកឆ្នោត ប្រមាណជាង១០ម៉ឺនសន្លឹក នៅទូទាំងប្រទេស ។
សហភាពមីយ៉ានម៉ា បានរៀបចំការបោះឆ្នោតសកល នៅអាណត្តិទី២ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ហើយគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះ ដោយបានទទួលអាសនៈ នៅក្នុងរដ្ឋសភាចំនួន៣៩៦អាសនៈ ក្នុងចំណោមអាសនៈសរុប៤៧៦អាសនៈ ។
កងកម្លាំងយោធា បានចោទប្រកាន់រដ្ឋាភិបាល និងគណៈកម្មការរៀបចំការបោះឆ្នោត ពីបទលួចបន្លំសន្លឹកឆ្នោត និងទាមទារអោយបង្ហាញបញ្ជីរបោះឆ្នោត និងសន្លឹកឆ្នោតអោយកងកម្លាំង យោធាបានត្រួតពិនិត្យ ប៉ុន្តែខាងរដ្ឋាភិបាល និងគណៈកម្មការរៀបចំការបោះឆ្នោត មិនបានបង្ហាញកងកម្លាំងយោធា ទៅតាមការទាមទារនោះទេ ។
ក្រោយពីរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈនេះ ក្រុមប្រជាបាតុករ មិនបានចេញទៅធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋប្រហាររបស់កងកម្លាំងយោធាទេ ដោយគ្រាន់តែបង្ហាញឆន្ទៈប្រឆាំង នៅតាមប្រព័ន្ធបណ្តាញសង្គម Facebook ជាដើម ដោយអំពាវនាវអោយកងកម្លាំងយោធា ដោះលែងមន្ត្រីរដ្ឋាភិបាលស៊ីវិល និងលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវឃុំខ្លួន ។
រហូតដល់ថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈដដែលនេះ ក្រុមបាតុករប្រមាណជាង៣ពាន់នាក់ បានចេញធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋប្រហារ របស់កងកម្លាំងយោធា ហើយរហូតដល់ថ្ងៃចន្ទនេះ ក្បូនបាតុកម្មរបស់ក្រុមប្រជាបាតុករ បានរីករាលដាលកាន់តែធំឡើង រហូតដល់មានក្រុមបាតុករ ចូលរួមធ្វើបាតុកម្ម ប្រមាណជាង ១០ម៉ឺននាក់ ។
ដោយសារតែក្បួន បាតុកម្មរីករាលដាល កាន់តែធំឡើងនេះហើយ ទើបកងកម្លាំងយោធា បានចាប់ផ្តើមបង្ក្រាបលើក្រុមបាតុករ យ៉ាងចាស់ដៃ នៅថ្ងៃចន្ទនេះ ដោយចាប់ផ្តើមបង្ក្រាប នៅទីក្រុងណៃពិដោមុនគេ ប៉ុន្តែកងកម្លាំងយោធា បានប្រើប្រាស់ត្រឹម តែរថយន្តបាញ់ទឹកប៉ុណ្ណោះ ក្នុងការបាញ់ទឹកបំបែកហ្វូងបាតុករ ដោយមិនប្រើប្រាស់កាំភ្លើងទេ ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយកងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា ចាប់ផ្តើមបង្ក្រាបក្រុមបាតុករ គឺដោយសារក្រុមបាតុករ បានទៅចូលរួមធ្វើបាតុកម្ម កាន់តែច្រើននៅទូទាំងប្រទេស ដែលអាចធ្វើអោយរង្គោះរង្គើ អំណាចរបស់របបសឹក ។
ត្រឹមតែរយៈពេល៣ថ្ងៃសោះ គឺចាប់ពីថ្ងៃសៅរ៍ទី៦ រហូតដល់ថ្ងៃចន្ទទី៨ ខែកុម្ភៈនេះ ក្រុមបាតុករ ប្រមាណជាង១០ម៉ឺននាក់ បានចេញធ្វើបាតុកម្មប្រឆាំង នឹងរបបសឹក ហើយបើនៅតែបណ្តោយតទៅទៀត ក្បួនបាតុកម្មនឹងរីកកាន់តែធំឡើង នៅក្នុងប្រទេសនេះ ។
ដើម្បីទប់ស្កាត់កុំអោយក្រុមបាតុករ ប្រមូលគ្នាបានច្រើន ក្នុងការចេញទៅធ្វើបាតុកម្ម ប្រឆាំងរបបសឹក កងកម្លាំងយោធា បានកាត់ផ្តាច់ប្រព័ន្ធបណ្តាញ សង្គមមួយចំនួនមានប្រព័ន្ធ Facebook ជាដើមចាប់តាំងពីថ្ងៃអង្គារ ដើមសប្តាហ៍មុន ។
ប៉ុន្តែចំណាត់ការទប់ស្កាត់ របស់របបសឹក មិនអាន់ទប់ស្កាត់កំណើនក្រុមបាតុករ ដែលបានចេញទៅធ្វើបាតុកម្មនោះទេ ដែលចាំបាច់ កងកម្លាំងយោធាត្រូវតែបង្ក្រាប បើពុំនោះទេ របបសឹកនឹងអាចដួលរលំ ឬពិបាក ក្នុងការរក្សាអំណាច ៕
ដោយ ៖ អ៊ី ជិន