ព័ត៌មានជាតិ

កម្ពុជាទទួលជោគជ័យ ក្នុងគ្រប់គ្រងទេសន្ដប្រវេសន៍ លើប្រជាពលរដ្ឋដែលចេញ ទៅធ្វើការនៅក្រៅប្រទេស

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រទេសកម្ពុជា គឺជាប្រទេសដែលទទួលបានជោគជ័យ ក្នុងការងារគ្រប់គ្រងទេសន្តប្រវេសន៍ លើប្រជាពលរដ្ឋរបស់ខ្លួន ដែលធ្វើចំណាកស្រុកទៅធ្វើការ នៅក្រៅប្រទេសតាមរយៈការវាយតម្លៃ របស់អង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗកន្លងទៅនេះ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រង គ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានណែនាំទៅដល់សមត្ថកិច្ចទូទាំងប្រទេស ត្រូវបន្ដរួបរួមគ្នាទប់ស្កាត់ អំពើជួញដូរមនុស្សនៅទូទាំងប្រទេសកម្ពុជា ដើម្បីកិច្ចការនេះឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

សម្ដេចក្រឡាហោម ស ខេ បញ្ជាក់ថា «នាពេលថ្មីៗតាមព័ត៌មានថា អង្គការសហប្រជាជាតិ បានចាត់ទុកកម្ពុជាទទួលបានជោគជ័យ ក្នុងការងារទេសន្តប្រវេសន៍។ នេះជាជោគជ័យមួយ ការគ្រប់គ្រងទេសន្ដរប្រវេសន៍ប្រជាពលរដ្ឋយើង ចេញទៅរកការងារនៅក្រៅប្រទេស»។

សម្ដេចក្រឡាហោម បន្ដថា តាមរយៈការងារនេះមានន័យថា កម្ពុជាបានការពារប្រជាពលរដ្ឋ បានរួចផុតពីការជួញដូរមនុស្ស។ ប៉ុន្ដែដោយឡែកតាមការវាយតម្លៃ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិកវិញអោយដឹងថា ការជួញដូរមនុស្សនៅកម្ពុជា នៅតែជាប់ចំណាត់ថ្នាក់លេខ២ ដែលស្ថិតក្រោមការឃ្លាំមើលរបស់គេ។

សម្ដេចក្រឡាហោម ក៏បានសន្និដ្ឋានថា កម្ពុជានៅតែជាប់ចំណាត់ថ្នាក់លេខ២ នេះគឺមានមូលហេតុមួយចំនួន ដែលកម្ពុជាមិនទាន់បានអនុវត្តតាមសំណើរ និងសំណូមពររបស់ភាគីដៃគូ ហើយបញ្ហាអំពើជួញដូរមនុស្ស ក៏នាំឲ្យគេបានចាត់ទុកកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ផងដែរ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ទោះបីកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក៏ដោយ សមត្ថកិច្ចនិងភាគីពាក់ព័ន្ធមួយចំនួនទៀត ត្រូវបន្ដអនុវត្តការងារអំពើ ជួញដូរមនុស្សតាមគោលការណ៍ ច្បាប់របស់ប្រទេសកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ជាបន្តទៀត។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានឲ្យដឹងទៀតថា សម្ដេចធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ទៅលើមូលហេតុគ្រឿងញៀន មានការចរាចរណ៍កាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា ក្នុងនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកជួញដូរ គ្រឿងញៀនកាន់តែច្រើនផងដែរ។

សម្ដេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះយើងឃើញថា គ្រឿងញៀន ហាក់បីដូចជា មានចរាចរណ៍កាន់តែច្រើន យើងចាប់បានកាន់តែច្រើន ហើយឥឡូវនេះ យើងបន្ដសិក្សាបន្ដទៀត តើមូលហេតុអ្វីខ្លះ?។ ប៉ុន្មានថ្ងៃមុននេះចាប់បានគ្រឿងញៀនជាង ៥០០គីឡូក្រោម យកទៅលាក់ទុកនៅលើកោះ ក្នុងខេត្តព្រះសីហនុ ឥឡូវសមត្ថកិច្ច បានប្រមូលទុកអស់ហើយ»។

សម្ដេចក្រឡាហោម បន្ដថា គ្រឿងញៀនជាង ៥០០គីឡូក្រោម ដែលរឹបអូសយកមកបាន នៅខេត្តព្រះសីហនុ មិនមែនប្រើប្រាស់នៅកម្ពុជាទាំងអស់នោះទេ យកទៅបន្ដបែងចែកតាមបណ្ដាប្រទេសផ្សេងៗ ដូចជា វៀតណាម ថៃ ជាដើម ដែលធ្វើឡើងតាមផ្លូវសមុទ្រ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើទៅដល់សមត្ថកិច្ចទូទាំងប្រទេស ត្រូវបន្ដប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅប្រទេសកម្ពុជាឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ៕

To Top