សេអ៊ូល៖ ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងផ្ទះ បនយោធាក្នុងសម័យសង្គ្រាមរបស់ជប៉ុន បានអំពាវនាវដល់រដ្ឋាភិបាលរបស់លោកស្រី ដោយជំរុញឱ្យនាំយកបញ្ហានេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឱ្យប្រទេសទាំងពីរឈាន ដល់ការដោះស្រាយពេញលេញ និងធ្វើឱ្យចំណងទាក់ទងប្រសើរឡើងវិញ។
លោកស្រី លី យ៉ុងសូ ដែលជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំង ១៥ នាក់ ដែលនៅរស់រានមានជីវិត ដែលត្រូវបានទទួលស្គាល់ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង បានអះអាងថា បញ្ហានេះគួរតែត្រូវបានវិនិច្ឆ័យ នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ខណៈដែលប្រទេសជប៉ុន កំពុងព្រងើយកន្តើយ ចំពោះសេចក្តីសម្រេចរបស់ តុលាការកូរ៉េខាងត្បូង ក្នុងការគាំទ្រដល់ជនរងគ្រោះ។
នៅក្នុងខែមករាតុលាការក្រុងសេអ៊ូល បានបញ្ជាឱ្យរដ្ឋាភិបាលជប៉ុន បង់ប្រាក់ ១០០ លានវ៉ុន (៩០.៤០០ ដុល្លារ) ទៅឱ្យស្ត្រីដើមចោទចំនួន ១២ នាក់ដែលបានផ្តល់ការចោទប្រកាន់ លើទារុណកម្មផ្លូវភេទរបស់ពួកគេ នៅក្នុងផ្ទះបនយោធាជប៉ុនក្នុងអំឡុង សង្គ្រាមលោកលើកទី២ ដែលជាសេចក្តីសម្រេចរបស់តុលាការលើកដំបូង នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ទោះយ៉ាងណារដ្ឋាភិបាលជប៉ុន បានប្រកាន់ជំហរថា បណ្តឹងគួរតែត្រូវបានដកចេញដោយ ផ្អែកលើអភ័យឯកសិទ្ធិអធិបតេយ្យភាព ដែលជាគោលការណ៍ស្ថិត ក្រោមច្បាប់អន្តរជាតិ ដែលអនុញ្ញាតឱ្យរដ្ឋមួយត្រូវបាន ការពារប្រឆាំងនឹងយុត្តាធិការ របស់តុលាការបរទេស។
លោកស្រី លី អាយុ ៩២ ឆ្នាំបានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “ប្រទេសជប៉ុន កំពុងតែមិនអើពើនឹងសេចក្តីសម្រេចនេះ ខណៈពេលដែលពួកគេមិនប្តឹងឧទ្ធរណ៍ ខ្ញុំមិនសុំលុយនោះទេ។ យើងត្រូវតែទទួលបានការទទួលស្គាល់ និងការសុំទោសពីប្រទេសជប៉ុន” ៕
ដោយ ឈូក បូរ៉ា