ព័ត៌មានជាតិ

ត្រៀមខ្លួនទៅ! អ្នកគេចវេះ និងអ្នកនាំគេគេចវេះ ការធ្វើចត្តាឡីស័ក នឹងពិន័យពី ១-៥០លានរៀល

ភ្នំពេញ៖ អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចវេះមិនធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យពី ១លានរៀល ទៅ ៥លានរៀល និងតម្រូវឲ្យអនុវត្ត វិធានការសុខាភិបាល ហើយចំពោះអ្នកដែលនាំគេឲ្យ ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ ជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល ។

នេះបើយោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹតចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិ នៃជម្ងឺនៅតាមច្រកទ្វាចេញចូល ។

ក្នុងអនុក្រឹត្យថ្មីបានសម្រេចបង្កើន ការផាកពិន័យធ្ងន់ធ្ងរសម្រាប់ អ្នកមិនអនុវត្តការធ្វើចត្តាឡីស័ក និងបានបញ្ចូលបន្ថែមពីការពិន័យចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនឲ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្តវិធានចត្តាឡីស័កផងដែរ ។

ក្នុងអនុក្រឹត្យបញ្ជាក់ថា «មាត្រា៨ថ្មី បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចវេះមិនឲ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័ក ក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល និងតម្រូវឲ្យអនុវត្តវិធានការសុខាភិបាល។
មាត្រា៨ថ្មីនេះ បានចែងទៀតថា ជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ ជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឲ្យគេចចេញពីការត្រួតពិនិត្យ ឬគេចពីការអនុវត្តវិធានការ ចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល។ ការពិន័យអន្តរការណ៍ជាសមត្ថកិច្ច របស់ក្រសួងសុខាភិបាល» ។

ក្នុងករណីជនល្មើសមិនព្រម បង់ប្រាក់ពិន័យអន្តរការណ៍ ក្នុងរយៈពេល ៣០ថ្ងៃគិតចាប់ពីថ្ងៃទទួលបាន សេចក្ដីសម្រេចស្ដីពីការពិន័យអន្តរការណ៍ មន្ត្រីក្រសួងសុខាភិបាលដែលមាន នីតិសម្បទាជានគរបាលយុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធីជាធរមាន។ ទម្រង់បែបបទនៃបង្កាន់ដៃពិន័យ និងការគ្រប់គ្រងប្រាក់ដែលបាន មកពីការពិន័យអន្តរការណ៍ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួង របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ក្នុងមាត្រានេះចែងបន្តថា ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឲ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវ ខាងព្រហ្មទណ្ឌផ្សេងទៀត ដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។

ក្នុងករណីដែលអ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនមិនព្រមអនុវត្ត តាមបទប្បញ្ញត្តិ នៃកថាខណ្ឌខាងលើ មន្ត្រីចត្តាឡីស័កត្រូវសហការជាមួយ នឹងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបដិសេធការចេញ-ចូលកម្ពុជា ៕

To Top