ព័ត៌មានជាតិ

ភីអិនអិន រៀបចំពិធីក្រុងពាលីរឿងភាគខ្មែរ ខ្នាតធំមិនធ្លាប់មានពីមុនមក ប្រចាំឆ្នាំ២០២១

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ភីអិនអិន ស្ថានីយទូរទស្សន៍ឈានមុខគេនៅកម្ពុជា ខាងផ្នែកកម្មវិធីភាពយន្តកម្សាន្ត បានរៀបចំពិធីក្រុងពាលីរឿងភាគខ្មែរខ្នាតធំមួយ ប្រចាំឆ្នាំ ២០២១ ដែលនេះគឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់ការផលិតខ្សែភាពយន្តភាគល្បីៗ ក្នុងស្រុករបស់ខ្លួន។ រឿងភាគខ្មែរខ្នាតធំ «មរណមាតា »ត្រូវបានផលិតឡើងដោយបានសហការគ្នា រវាងស្ថានីយទូរទស្សន៍ភីអិនអិន និងផលិតកម្ម ភូមិពេជ្រ ប្រូដាក់សិន( Phum Pich Production ) ដែលប្រមូលផ្តុំទៅដោយតួអង្គសម្តែងជាច្រើន និងរៀបចំឈុតឆាកនៃសាច់រឿង ពីមួយវគ្គទៅមួយវគ្គ យ៉ា់ងយកចិត្តទុកដាក់ជាទីបំផុត រួមផ្សំនឹងបច្ចេកទេសថតបែប សម័យទំនើបនាពេលបច្ចុប្បន្នផងដែរ។

ជាមួយគ្នា នឹងពិធីក្រុងពាលីរឿងភាគខ្មែរដ៏កក្រើកនេះ ត្រូវបានរៀបចំឡើងជាពិសេស ក្នុងនោះក៏មានវត្តមានសត្វដំរីដ៏ធំចូលរួម សម្តែងនៅក្នុងវគ្គមួយនៃសាច់រ់ឿង គឺនៅពេលដែលព្រះរាជាទ្រង់បានឲ្យសេនា ទៅនាំយកនាងមរណមាតាចូលព្រះនគរ ដោយមានសត្វដំរីជាយានជំនិះ។ តារាសម្តែងល្បីៗ ដែលគ្រងឈុតជាតួអង្គនីមួយៗនៅក្នុងសាច់រ់ឿង បានបង្ហាញវត្តមានជាមួយនឹង ការតុបតែងក្នុងឈុតសម្លៀកបំពាក់ សម័យកាលបុរាណ អមដោយការហែហមពីតួអង្គ អាមាត្យ សេនាជាច្រើននាក់ទៀតផង។

ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ ប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន កញ្ញា ទូច បុប្ផា បានមានប្រសាសន៍ទាក់ទងនឹងការរៀបចំ ផលិតរឿងភាគខ្មែរខ្នាតធំនេះឡើងថា «កន្លងមកភីអិនអិនតែងតែលើកតម្កើង នូវស្នាដៃតែងនិពន្ធនៅក្នុងស្រុក ក៏ដូចជាគាស់កកាយនូវសាច់រឿងបុរាណខ្មែរ យកមកផលិតឡើងវិញ រឿង មរណមាតា គឺរឿងមួយក្នុងចំណោមរឿងបុរាណផ្សេងទៀត ដែលភីអិនអិនបានទទួលសិទ្ធិផលិត ជាភាពយន្តភាគពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីឆ្នាំ២០២០ ។ រឿង មរណមាតា នេះគឺធ្លាប់បានផលិតជារឿងដុំ ដោយផលិតករក្នុងស្រុកដ៏ល្បីឈ្មោះ និងទទួលប្រជាប្រិយភាព យ៉ាងខ្លាំងកាលពីជំនាន់មុន ហើយនេះជាលើកទីមួយ ដែលរឿងត្រូវបានកម្លាយ ផលិតជារឿងភាគទូរទស្សន៍ ។

យើងជឿជាក់ថា ការដែលយើង សម្រេចចិត្តយករឿងដែលជាប្រភេទរឿងនិទាន ក្នុងកម្មវិធីសិក្សាមួយនេះ មកផលិតជាវីដេអូខ្សែភាពយន្តភាគឡើង គឺក្នុងគោលបំណងដើម្បីចូលរួមថែរក្សារ អក្សរសិល្បិ៍ខ្មែរឲ្យបានគង់វង្ស និងចង់បង្ហាញនូវបច្ចេកទេសផលិត ប្រកបដោយគុណភាពបច្ចេកទេសខ្ពស់ ក្នុងការផលិតរឿងភាគទូរទស្សន៍ដ៏ល្អៗ ជូនទស្សនិកជនទស្សនាជាសាកល។ «នាងខ្ញុំ រួមជាមួយក្រុមការងារ ទាំងទូរទស្សន៍ និងផលិតកម្ម នឹងខំធ្វើយ៉ាងណាឲ្យខ្សែភាពយន្តខ្មែរ កាន់តែមានសន្ទុះខ្លាំងៗឈរនៅលើទីផ្សារភាពយន្ត ទាំងការរៀបចំផលិត តួអង្គ និងគុណភាព» ។

នៅក្នុងពិធីក្រុងពាលីនេះដែរ ក៏មានការចូលរួមពីភ្ញៀវកត្តិយសជាច្រើន រួមទាំងបុគ្គលិក ស្ថានីយទូរទស្សន៍ភីអិនអិន ក្រុមការងារផលិតកម្មភូមិពេជ្រ និងតារាសម្តែងល្បីប្រចាំប្រទេសកម្ពុជា ដែលមានដូចជា កញ្ញា ចែ ឡេង( តួឯកស្រី) , លោក ប្រុស ខួច ( តួឯក ប្រុស ) , កញ្ញា និមល ( តួអង្គ នាង កាឡី ) , កញ្ញា ចែ ហ្វា ( តួអង្គ នាង ចាន់តី) , កញ្ញា ពី យ៉ាពីន ( តួអង្គ ស្រីស្នំ ) , អ្នកស្រី ស្វែង សុជាតា ( មេធ្មប់) , លោក ទេព រិនដារ៉ូ ( មេស្រុក ) , កញ្ញា យូ ណា ( នាងកុល កេសី ម្តាយមរណមាតា) , លោក ឡេង ឧត្តម( មន្ត្រីទីប្រឹក្សាព្រះរាជា) , លោក យុទ្ធ( តួអង្គ មេទ័ព), អ្នកស្រី សក្កណា( ម្តាយ កុដុម្ពី) និងវត្តមានតារាៗជាច្រើនដួងទៀត។

សូមកុំភ្លេចរង់ចាំទស្សនា រឿងភាគខ្មែរដ៏ធំមួយនេះ នឹងមកដល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងពេលឆាប់ៗ បន្ទាប់ពីមានការរៀបចំផលិតយ៉ាង ស្វិតស្វាញពីក្រុមការងារទូរទស្សន៍ ក្រុមការងារផលិត និងការបញ្ចេញឲ្យអស់ពីសមត្ថភាព ពីសំណាក់តួអង្គគ្រប់គ្នា។ សូមចូលរួមបន្តការគាំទ្រ និងទស្សនារឿងភាគខ្មែរឲ្យកានតែខ្លាំង ក៏ដូចជាចូលរួមលើកស្ទួយ វិស័យភាពយន្តនៅកម្ពុជាទទួលបាន ភាពរីកចំរើនខ្លាំងឡើងៗជានិរន្តន៍ ៕

To Top