ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ ដែលកំពុងធ្វើស្រែប្រាំង លើដីអភិរក្សតំបន់ ០៣ របស់រដ្ឋ ដែលបានកំណត់ ក្នុងអនុក្រិត្យ ១៩៧ ទទួលស្គាល់ថា ជាដីរដ្ឋមិនទាមទារកម្មសិទ្ធទេ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ខែ កុម្ភៈ ឆ្នាំ២០២១ មានប្រជាជនចំនួន ៣នាក់ តំណាងឲ្យប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ ដែលកំពុងធ្វើស្រែប្រាំង លើផ្ទៃដីជាង៤០០ហិកតា ស្ថិតនៅក្នុងទីតាំងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងស្ថិតក្នុងភូមិ កំបៅ ឃុំភ្នំរៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យគោរព ស្នើសុំអន្តរាគមន៍មកសម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីសុំជួយដោះស្រាយ បញ្ហាវិវាទដីធ្លីដែលកន្លងទៅថ្មីៗ ត្រូវបានអាជ្ញាធរស្រុកឯកភ្នំ ខេត្តបាត់ដំបង ធ្វើការហាមឃាត់។

ប្រជាពលរដ្ឋទាំង ៣៥គ្រួសារ បានអះអាងថា ពួកគាត់បានទិញដីពីប្រជាពលរដ្ឋ ដែលរស់នៅទីតាំងខាងលើ បានចំនួន ៤៧០ហិកតា កាលពីថ្ងៃទី ១៤ សីហា ២០០៦ ដែលមានចំនួន ៩០ប័ណ្ណ ដែលមានការបញ្ជាក់ទទួលស្គាល់ដោយអាជ្ញាធរ និងមន្ទីរកសិកម្មខេត្តផងដែរ ហើយប្រជាពលរដ្ឋបានធ្វើស្រែប្រាំង នៅទីនោះជាយូរមកហើយ ។ លុះដល់ថ្ងៃទី ២ ខែ កញ្ញា ២០១១ រាជរដ្ឋាភិបាល បានចេញអនុក្រឹតលេខ ១៩៧ កាត់ដីជុំវិញបឹងទន្លេសាប ដើម្បីអភិរក្សតំបន់ត្រីពងចំនួន ០៦ខេត្ត នៅជុំវិញបឹងទន្លេសាបដែលមានទំហំផ្ទៃដី ៦៤៧,៤០៦ហិកតា ដោយចែកជា០៣ តំបន់ ១ តំបន់២ និងតំបន់៣។ រីឯដីដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផល ធ្វើស្រែប្រាំងពេលនេះ គឺស្ថិតនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបងផង និងខេត្តបន្ទាយមានជ័យផង។

ក្រោយពីទទួលបានអនុក្រិត្យលេខ ១៩៧ នៅក្នុងអំឡុងពេលនោះប្រជាពលរដ្ឋក៏បានផ្អាកអាស្រ័យផលធ្វើស្រែមួយរយៈ (២០១១ -២០១៤) ។ លុះក្រោយមកទៀត ដោយប្រឈមនឹងបញ្ហាជីវភាពរស់នៅ ប្រជាពលរដ្ឋក៏ត្រឡប់មកធ្វើស្រែប្រាំងលើលើទីតាំងដីខាងលើនេះវិញ។ បន្ទាប់មកនៅអំឡុងឆ្នំា ២០១៨ អាជ្ញាធរស្រុកឯកភ្នំខេត្តបាត់ដំបងបានមកធ្វើការហាមឃាត់មិនអោយប្រជាពលរដ្ឋធ្វើស្រែនៅទីតាំងដែលប្រជាពលរដ្ឋកំពុងតែធ្វើស្រែប្រាំងសព្វថ្ងៃ ដោយសារទីតាំងភូមិសាស្រ្តនេះស្ថិតនៅក្នុងតំបន់ ០៣ ដែលបានហាមឃាត់ដោយអនុក្រិត្យ ១៩៧ ។

នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ខ្ញុំបានចុះទៅកាន់ទីតាំងខាងលើ ដើម្បីជួបប្រជាពលរដ្ឋទាំង ៣៥គ្រួសារ ដោយសហការជាមួយ លោកអភិបាលស្រុកឯកភ្នំ ប្រធានមន្ទីរកសិកម្មខេត្ត ប្រធានមន្ទីរជលផល អធិការនគរបាលស្រុកឯកភ្នំ និងកងរាជអាវុធហត្ថស្រុកឯកភ្នំ ដោយបានធ្វើដំណើរតាមរថយន្តផង តាមម៉ូតូផង តាមគោយន្ត និងតាមថ្មើជើងផង ទើបបានទៅដល់ទីតាំងដី ដែលកំពុងមានវិវាទខាងលើ។

ក្រោយពីបានចុះ ទៅដល់ទីតាំងខាងលើ និងពិនិត្យជាក់ស្តែងតាមប្រព័ន្ធ GPS គឺបញ្ជាក់ច្បាស់ថា ទីតាំងដីដែលប្រជាពលរដ្ឋ ៣៥គ្រួសារ កំពុងអាស្រ័យផលធ្វើស្រូវប្រាំង ពេលនេះពិតជាស្ថិតនៅក្នុងតំបន់ ០៣ ដែលជាតំបន់ហាមឃាត់ ដោយអនុក្រិត្យលេខ ១៩៧ ពិតប្រាកដ។ ក៏ប៉ុន្តែជាក់ស្តែង ពេលនេះប្រជាពលរដ្ឋ កំពុងតែធ្វើស្រូវប្រាំង ដែលកំពុងដុះលូតលាស់ខៀវស្រងាត់ ពេញស្រែដែលពួកគាត់ កំពុងកាន់កាប់អាស្រ័យផល ជាក់ស្តែង។

ខ្ញុំបានពន្យល់ណែនាំបងប្អូន ប្រជាពលរដ្ឋអោយបានយល់អំពី “ដីរដ្ឋ” ដែលមានអនុក្រិត្យហាមឃាត់ ហើយដែលបាននិរាករណ៍ចោលរាល់ នូវឯកសារទិញលក់ទាំងឡាយ រួមទាំងឯកសារដែលពួកគាត់បានទិញកាលពីមុនៗមកផងដែរ ។ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានទទួលស្គាល់នូវកំហុសឆ្គង ដែលពួកគាត់បានធ្វើស្រែប្រាំង នៅលើដីដែលរាជរដ្ឋាភិបាលបានហាមឃាត់ ពិតប្រាកដមែន។

ពេលនេះបងប្អូនប្រជាពលរដ្ឋ គ្រាន់តែសុំបង្កបង្កើនផលធ្វើស្រែប្រាំង ដើម្បីជីវភាពគ្រួសារ ហើយសន្យាថាមិនលក់ដូរ ឬជួលបញ្ចាំទៅឲ្យអ្នកដទៃទៀតឡើយ ហើយប្រសិនបើរដ្ឋត្រូវការពេលណា ពួកគាត់ នឹងប្រគល់ជូនរដ្ឋភ្លាម ដោយឥតល័ក្ខខ័ណ្ឌ ។ ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋសន្យាថា មិនកាប់ទន្ទ្រានឆ្ការពង្រីកទីតាំងដី ថែមទៀតជាដាច់ខាត ។

ដើម្បីអោយបានដឹងកាន់តែច្បាស់ថា តើបងប្អូនប្រជាពលរដ្ឋ៣៥គ្រួសារ កំពុងធ្វើស្រែប្រាំង មានចំនួនប៉ុន្មានហិកតា ហើយចូលក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំនួនប៉ុន្មានហិកតានោះ គឺអាជ្ញាធរស្រុកឯកភ្នំ នឹងរៀបចំវាស់វែងលើទីតាំងជាក់ស្តែង ដែលប្រជាពលរដ្ឋ កំពុងធ្វើស្រែប្រាំងសព្វថ្ងៃ ដើម្បីកំណត់កុំឲ្យមានការទន្រ្ទានពង្រីកផ្ទៃដី ថែមតទៅទៀត ។

ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋមិនកាប់ទន្រ្ទាន និងយកដីរដ្ឋ ធ្វើជាសម្បត្តិឯកជន ប្រជាពលរដ្ឋទាំង៣៥គ្រួសារ បានធ្វើកិច្ចសន្យា ជាបណ្តោះអាសន្នជាមួយអាជ្ញាធរស្រុកឯកភ្នំ ដែលមានខ្លឹមសារដូចខាងក្រោមៈ

១) ប្រជាពលរដ្ឋ៣៥គ្រួសារ ព្រមទទួលស្គាល់ថា ទីតាំងដីដែលយើងខ្ញុំកំពុង តែអាស្រ័យផលជាដីរបស់រដ្ឋ ។
២) ក្រៅពីសិទ្ធិអាស្រ័យផល យើងខ្ញុំសូមសន្យាថា មិនទាមទារជាកម្មសិទ្ធិផ្ទាល់ខ្លួន និងចាត់ចែងលើទីតាំងដី ដែលកំពុងអាស្រ័យផលឡើយ។
៣) នៅពេលដែលរដ្ឋត្រូវការ យើងខ្ញុំសន្យាថា នឹងប្រគល់ជូនរដ្ឋ ដោយមិនទាមទារសំណង ឬល័ក្ខខ័ណ្ឌអ្វីឡើយ។
៤) យើងខ្ញុំសន្យាថា នឹងបញ្ឈប់ការរំលោភបំពាន និងរុករានដីរដ្ឋបន្តទៀត ។
៥) យើងខ្ញុំសន្យាថា នឹងមិនដាក់គ្រឿងចក្រឈូសឆាយ ធ្វើផ្លូវឲ្យលើសពីគោលការណ៍ ណែនាំរបស់អាជ្ញាធរឡើយ។
៦) យើងខ្ញុំសូមស្នើសុំម៉ាស៊ីនបូមទឹក ចំនួន០៤គ្រឿង ម៉ាស៊ីនបាញ់ថ្នាំចំនួន០១គ្រឿង និងរួមទាំងទុយោមួយចំនួន ដែលអាជ្ញាធរបានរក្សាទុកកន្លងមក។
៧)យើងខ្ញុំសន្យាថា នឹងចូលរួមអនុវត្តវាស់វែងក្បាលដី របស់គ្រួសារនីមួយៗ ដែលបានកាន់កាប់ជាក់ស្តែង ។

To Top