ព័ត៌មានជាតិ

ប្រាសាទចន្ទច្ឆាយា ជួសជុល និងកែលម្អ បាន៦៧%ហើយ

ភ្នំពេញ ៖ ប្រាសាទចន្ទច្ឆាយា នៅជាប់ខ្លោងទ្វារ ព្រះបរមរាជវាំង ដែលបានចាប់ផ្តើមជួសជុល អភិរក្ស និងកែលម្អតាំងពីឆ្នាំ២០១៩-២០២០ បានប្រមាណ៦៧% នៃការងារសរុបទាំងមូល គិតទល់មកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ។ នេះបើតាមការផ្សាយចេញ ពីព្រះបរមរាជវាំង ដែលហ្វេសប៊ុក Royal du Cambodge យកមកផ្សាយបន្ត។

គិតមកដល់ថ្ងៃនេះ ក្រុមការងារបានជីកល្បាយដីភក់ ដកចេញបង្ហាប់ដោយថ្ម ខ្សាច់និងពង្រឹងទីតាំងដែលមានបញ្ហារួចចងដែក ចាក់កម្រាលបេតុង ទៅវិញរួចរាល់១០០%។ ចំពោះការងារជួសជុលរចនាសម្ព័ន្ធបេតុង សសរ ធ្នឹម និងពិតាន ជាន់ផ្ទាល់ដីរួចរាល់១០០%។ ការងារជួសជុលស្នាមប្រេះ និងពង្រឹងបេតុងកម្រាល ធ្នឹមពិតានជាន់ទីមួយ និងដំបូលបាន១០០%។ កំពុងបន្តរៀបចំប្រព័ន្ធបង្ហូរទឹកភ្លៀងជាន់ទីមួយ និងលាបថ្នាំការពារជម្រាបទឹកជាន់ដំបូល ។ ចំណែកការងារតម្លើងគ្រោង ដំបូលឈើ ផ្ទោង ដៃរណែងបានចប់រួចរាល់ រងចាំក្បឿងដែលកំពុងផលិត ។ ការងារដំឡើងក្បាច់លម្អផ្សេងៗដូចជាបង្កាន់ដៃ រងស្បូវ ដងក្តារ ជហ្វា និងក្បាច់លម្អបុស្បុកទាំង៧ថ្នាក់បានរួចរាល់១០០%។

ដោយឡែកការងារជួសជុលគំនូរ ត្រូវរងចាំក្រុមជំនាញជួសជុលគំនូរមកពីប្រទេសបារាំង អំឡុងខែមិថុនាខាងមុខ (អាចនឹងមានការកែប្រែពេលវេលា ដោយសារបញ្ហាកូវីដ១៩ )។

បើតាមការរៀបរាប់របស់ព្រះបរមរាជវាំង សម្ភារៈសំណង់សំខាន់នៃតួប្រាសាទ មានគ្រឹះ សសរ ធ្នឹម និងកម្រាលបេតុង ។ មានជញ្ជាំងខណ្ឌ និងជាជញ្ជាំងទ្របន្ទុកត្រង់អ័ក្សសសរ F និង I ហើយមានគ្រោងដំបូលដូចជា ផ្ទោង និងដៃរណែង ប្រក់ដោយក្បឿងដីដុតមានពណ៌លឿង ខៀវ និងបៃតង។

ចំណែក ថ្នាំពណ៌គូសគំនូរ ជាប្រភេទក្រមួនលាយជ័រឈើ គូសលើក្រណាត់ក្រចៅ(Canvas) បិទផ្ទាល់លើពិតាន។

ចំពោះការខូចខាតវិញ ដោយអគារឈរលើល្បាយដីភក់ អាចនៅក្បែរទឹកទន្លេ អាចមានចលនាបំរែបំរួលនីវ៉ូតិចតួច ទៅតាមរដូវកាលនៃកំពស់ទន្លេ។ ឃើញថា តែងតែមានការលិចទឹកជ្រាបចូល ក្នុងជណ្តើរក្រោមដី ជញ្ជាំងខណ្ឌមានសំណើម និងមានស្នាមប្រេះត្រង់ ជញ្ជាំងទ្រទំងន់។

ក្នុងនោះ ការមករស់នៅក្នុងប្រាសាទ របស់សត្វព្រាប និងសត្វប្រចៀវ បង្កើតជាលាមក សម្រាម រួមផ្សំនិងទឹកភ្លៀង បង្កជាអាស៊ីតធ្វើឲ្យពុកផុយ បេតុងបាយអបូក ក្បាច់លម្អផ្សេងៗ គំនូរ ថ្នាំពណ៌…។ ដោយសារអគារជាន់ទីមួយគ្មានជញ្ជាំង ទឹកភ្លៀង សាច់ក្នុងតួប្រាសាទស្ទើរ១០០% នាំឲ្យមានការលិចជ្រាបទៅជាន់ផ្ទាល់ដី ។ ចំពោះអាយុកាលនៃសម្ភារៈសំណង់ នាំឲ្យបាត់បង់គុណភាពបេតុង ក្បឿង កាវបិទក្រណាត់គំនូរ នឹងពិតាន ព្រមទាំងគុណភាពក្រណាត់គំនូរផងដែរ។

សូមបញ្ជាក់ថា ប្រាសាទចន្ទច្ឆាយាសម្ពោធនៅឆ្នាំ១៩១៣ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ៕

To Top