ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានឲ្យដឹងថា ថ្មីៗនេះ មេអណ្ដើកហ្លួងចិញ្ចឹមចំនួន៥ក្បាល បានពងនៅលើឆ្នេរខ្សាច់សិប្បនិម្មិត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ចំនួន៧១ពង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WCS នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំតំបន់កោះកុង និងមេគង្គនៃអង្គការ WCS បានថ្លែងថា «នេះជាលើកទីមួយហើយដែលអណ្ដើកហ្លួង ចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលនេះបានពង ក្រោយពេលដែលមេអណ្ដើកហ្លួងទាំងនេះ ត្រូវបានយកមកចិញ្ចឹមថែទាំតាំង ពីឆ្នាំ ២០០៦មក។ ក្រុមការងារនឹងពិភាក្សាគ្នាថាតើត្រូវសាងសង់សម្បុកសប្បនិមិត្តដើម្បីភ្ញាស់ពងទាំងនេះ ឬមួយក៏ ទុកវាឲ្យញាស់ក្នុងសភាពដើម»។
ដោយឡែក លោក ស្ទីវិន ផ្លាត (Steven G. Platt) អ្នកជំនាញផ្នែកឧរង្គសត្វ និងថលជលិក នៃអង្គការ WCS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា នេះជារឿងដ៏រំភើប និងដ៏សំខាន់មួយដែលមិនគួរឲ្យជឿថា ប្រភេទសត្វអណ្តើកក៏កម្របែបនេះ អាចពងនៅទីនេះ ។ ការបង្កកំណើត របស់សត្វអណ្តើកហ្លួង ដែលយកមក ចិញ្ចឹមគឺជាគោលដៅអភិរក្សមួយ សម្រាប់ស្តារ ប្រភេទអណ្ដើកហ្លួង ដែលជិតផុតនេះឡើងវិញនៅកម្ពុជា។
លោកថា “យើងរំពឹងថា គម្រោង នឹងអាចជំរុញការបង្កាត់ប្រភេទអណ្តើកនេះ បានចំនួនច្រើននៅក្នុងមជ្ឈមណ្ឌលនេះ និងអាចយកវាទៅលែង ចូលក្នុងទីជម្រកធម្មជាតិ របស់វាវិញ»។
សូមរំលឹកថា បច្ចុប្បន្នមជ្ឈមណ្ឌល អភិរក្សសត្វល្មូនកោះកុង មានអណ្ដើកហ្លួងចំនួន ១៩២ក្បាល ។ អណ្ដើកហ្លួងជំទង់ ចំនួន៩៦ក្បាល ត្រូវបានលែងចូល ក្នុងទីជម្រកធម្មជាតិវិញ ចាប់តាំងពីឆ្នាំ ២០១៥ មក ហើយក្រុមការងារ គ្រោងនឹងលែង ៥០ក្បាលទៀត នៅចុងឆ្នាំ ២០២១។ អណ្តើកស្ទើរជំទង់ និងជំទង់ ក្នុងមជ្ឈមណ្ឌលនេះ ត្រូវបានចិញ្ចឹម ថែទាំក្នុងស្រះបង្កកំណើតចំនួន៤។ ចំណែកអណ្ដើកតូចៗ ត្រូវបានដាក់ចិញ្ចឹមក្នុងអាងធំធ្វើពីប្លាស្ទីក មុននឹងផ្ទេរចូលទៅក្នុងស្រះបង្កកំណើត ។