ភ្នំពេញ៖ ដោយធ្លាប់ហែលឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម អស់រយៈពេលជាច្រើនឆ្នាំ និងមានបទពិសោធន៍ ខាងវិស័យដោះមីន និងដោយសង្កេតឃើញថា ប្រទេសមួយចំនួននៅលើសកលលោក កំពុងជួបប្រទះនូវទុកលំបាកផងនោះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវ ជាច្រើនទៅចូលរួមថែរក្សា និងស្វែងរកសន្តិភាពជូនប្រទេសទាំងនោះ ប្រការនេះហើយធ្វើឲ្យប្រទេសកម្ពុជា ត្រូវបានពិភពលោក ទទួលស្គាល់ថា ជាអ្នកដោះមីនពូកែជាងគេ ។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត នៅថ្ងៃទី២៩ វិច្ឆិកានេះ លោក កុយ គួង បានមានប្រសាសន៍ថា ក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលស៊ុយអ៊ែត ដែលកន្លងមកបានផ្ដល់ជំនួយជាច្រើន ពាក់ព័ន្ធទៅនិងវិស័យអភិបាលកិច្ច អប់រំ ការងារ សិទ្ធិមនុស្ស ដោះមីន ព្រមទាំងសាលាក្ដីខ្មែរក្រហមផងដែរ ។
លោកបន្តថា ជាការឆ្លើយតបលោកទូតបានលើកឡើង ពីផែនការ នៃកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៤ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ លោកទូតក៏បានកោតសរសើរ ដល់ប្រទេសកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ជួនកងកម្លាំងមួកខៀវ ទៅចូលរួមថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលកត្តានេះបានរួមចំណែក ធ្វើឲ្យពិភពលោកមានសុខសន្តិភាព ។
លោកបន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាគ្នា ដើម្បីជំរុញឲ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានការកើនឡើងបន្ថែមទៀត ខណៈកាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ ពាណិជ្ជកម្មមានទំហំប្រហាក់ប្រហែលគ្នា ដែលមានទឹកប្រាក់ប្រមាណជា ៧០លានដុល្លារប៉ុណ្ណោះ ។ ដោយឡែកភ្ញៀវទេសចរស៊ុយអ៊ែត មកទស្សនានៅកម្ពុជា មានប្រមាណ ១ម៉ឺន៥ពាន់នាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។ ចំពោះវិស័យអប់រំ កាលពីពេលកន្លងមក ស៊ុយអ៊ែត បានផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាប្រមាណ ៧៣០នាក់ ។ ពាក់ព័ន្ធជំនួយអភិវឌ្ឍជាផ្លូវការ (ODA) ចាប់ពីឆ្នាំ១៩៩២-២០១៨ ស៊ុយអ៊ែត បានផ្ដល់ជំនួយប្រមាណ ៥៤៥លានដុល្លារ ។
លោកថ្លែងថា ទាក់ទិននឹងវិស័យដោះមីន លោកឧបនាយករដ្ឋមន្ត្រី បានស្នើស៊ុយអ៊ែត ពិចារណាផ្ដល់ជំនួយ លើវិស័យដោះមីនបន្តទៀត ព្រោះកម្ពុជាបានដាក់ចេញផែនការ បោសសម្អាតមីន ឲ្យអស់នៅឆ្នាំ២០២៥ ។ លោកថា លោកទូតបានទទួលយកសំណើនេះ ដើម្បីបញ្ជូនទៅរដ្ឋាភិបាលស៊ុយអ៊ែត ធ្វើការពិចារណាផ្ដល់ជំនួយ លើវិស័យដោះមីននេះឡើងវិញ ។ ចាប់ពីឆ្នាំ១៩៩២មក កម្ពុជាបានបោសសម្អាតមីន លើផ្ទៃដីប្រមាណជា ១៨០០គីឡូម៉ែត្រក្រឡា ។
លោក កុយ គួង បញ្ជាក់ថា «កន្លងមកកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅ ប្រទេសផ្សេងៗ សំខាន់ក្នុងនោះមានកម្លាំងដោះមីន ហ្នឹងឯង កងកម្លាំងដោះមីនដែលជា កងកម្លាំងមួយដែលសកលលោក ទទួលស្គាល់ថា ជាអ្នកដោះមីនពូកែជាងគេ» ។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ កម្ពុជាបោសសម្អាតមីន បានផ្ទៃដី ១.៨២៣គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងបំផ្លាញចោលគ្រាប់មីន ប្រឆាំងមនុស្សជាង ១លានគ្រាប់ គ្រាប់មីនប្រឆាំងយានយន្ត ប្រមាណ ២.៤៨៤០ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជិត ៣លានគ្រាប់ ។ កម្ពុជានៅសល់ផ្ទៃដី ប្រមាណ ៨៩០ គីឡូម៉ែត្រ ក្រឡា ដែលមានការគម្រាមដោយសារមីន ហើយដែលត្រូវបោសសម្អាតឲ្យអស់ ក្នុងរយៈពេល ៦ ឆ្នាំ ខាងមុខ ។
ដោយឡែកពាក់ព័ន្ធនឹងការ បញ្ជូនកងកម្លាំងមួកខៀវវិញ ចាប់ពី ឆ្នាំ២០០៦ កម្ពុជាបានចូលរួមបញ្ជូនកងកម្លាំង ៦០៥៣នាក់ ក្នុងនោះមានស្ត្រី ២៩៦ នាក់ ទៅចូលបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយក្នុងនោះមានប្រទេស ឆាតស៊ីប អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ូដង់ ស៊ូដង់ខាងត្បូង និង ស៊ីរី ផងដែរ ៕ ដោយ៖ ខា ដា