ព័ត៌មានអន្តរជាតិ

ជប៉ុន ជំរុញអាមេរិក ឲ្យបន្ដកិច្ចចរចានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង ប៉ុន្ដែមិនទាន់ទទួលបានលទ្ធផល

តូក្យូ៖ ប្រទេសជប៉ុន បានទទូច ដល់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែមុនឱ្យបន្តកិច្ចពិភាក្សា អំពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង ខណៈរដ្ឋាភិបាលថ្មី របស់សហរដ្ឋអាមេរិក គ្រោងនឹងពិនិត្យមើលឡើងវិញ នូវវិធីសាស្រ្តរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាង ប៉ុន្ដែរហូតមកដល់ពេលនេះ នៅមិនទាន់ទទួលលទ្ធផល នៅឡើយទេ។

លោក Takehiro Funakoshi អគ្គនាយកការិយាល័យកិច្ចការអាស៊ី និងអូសេអានី របស់ក្រសួងការបរទេសជប៉ុន បានអំពាវនាវឱ្យមានការបន្ត កិច្ចពិភាក្សានុយក្លេអ៊ែរឡើងវិញ នៅថ្ងៃទី១៩ ខែកុម្ភៈ តាមទូរគមនាគមន៍ ជាមួយសមភាគីអាមេរិក និងកូរ៉េខាងត្បូងរបស់លោក ដោយលើកឡើងថា ពួកគេមានប្រសិទ្ធិភាពខ្ពស់។

ការចរចារវាងក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង បានជាប់គាំងចាប់តាំងពីឆ្នាំ២០១៩ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបានឈានដល់កិច្ចព្រមព្រៀង ស្តីពីការបន្ធូរបន្ថយទណ្ឌកម្មសមស្រប។

ការអំពាវនាវនេះ បញ្ជាក់ពីជំនឿរបស់តូក្យូថា ការចរចាដោយផ្ទាល់ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងផ្តល់លទ្ធផលលឿនជាងវិធីពហុភាគី ហើយមានអត្ថប្រយោជន៍ច្រើនជាង ចំពោះកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការធានាការវិលត្រឡប់ របស់ពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ ដោយក្រុងព្យុងយ៉ាង ក្នុងទសវត្សឆ្នាំ ១៩៧០ និង ១៩៨០ ។

កិច្ចចរចា ៦ ភាគីរួមមានប្រទេសចិន និងរុស្ស៊ី ត្រូវបានធ្វើឡើងជាបណ្តោះអាសន្ន ចាប់ពីឆ្នាំ២០០៣ ដល់ ២០០៨ ប៉ុន្តែកិច្ចព្រមព្រៀងឆ្នាំ២០០៥ ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ មិនដែលត្រូវបានអនុវត្តនោះទេ ចំពេលមានការខ្វែងគំនិតគ្នា ស្តីពីវិធីផ្ទៀងផ្ទាត់កូរ៉េខាងជើង ដែលគោរពការប្តេជ្ញារបស់ខ្លួន។

លោក ត្រាំ បានចូលរួមយ៉ាងខ្លាំង ក្នុងការចរចាជាមួយកូរ៉េខាងជើង ប៉ុន្តែបានបរាជ័យ ក្នុងការធ្វើកិច្ចព្រមព្រៀងមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលចំនួន ៣លើក ជាមួយលោកគីម ជុងអ៊ុន មួយនៅឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី និងពីរទៀត នៅឆ្នាំ ២០១៩ នៅទីក្រុងហាណូយ និងតំបន់គ្មានយោធាព្រំដែនកូរ៉េទាំងពីរ។

រដ្ឋបាលលោក បៃដិន ដែលបានឡើងកាន់អំណាច នៅថ្ងៃទី ២០ ខែមករា បានសន្យាថានឹងធ្វើការពិនិត្យឡើងវិញ នូវគោលការណ៍របស់កូរ៉េខាងជើង និងបានបង្ហាញថា ខ្លួននឹងពិគ្រោះយោបល់ ជាមួយជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តសំខាន់ របស់ខ្លួននៅអាស៊ីបូព៌ា៕ ដោយ ៖ ឈូក បូរ៉ា

To Top