ភ្នំពេញ ៖ មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ ២០២១នេះ បានរៀបចំបិទវគ្គ ហ្វឹកហ្វឺនបំប៉នលំហាត់របៀបបច្ចេកទេស អាវុធថ្មើជើងនិងឋានលេខាក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានប្រសាសន៍ថា ការងារហ្វឹកហ្វឺន បានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់កងទ័ព ជាពិសេស យោធិនដើម្បីអភិវឌ្ឍន៍ចំណេះដឹងឲ្យកាន់តែរីកចំរើនមួយកំរិតថែមទៀត។
លោកបន្ថែមថា ផែនការហ្វឹកហ្វឺន បានបន្តជម្រុញយោធិនមានសមត្ថភាព គុណភាព និងបង្កើនចំណេះដឹងដល់កងទ័ពឲ្យបានយល់ដឹងកាន់តែច្បាស់ និងស្ទាត់ជំនាញ ជាពិសេស ដើម្បីឲ្យយោធិន បង្កើនសមត្ថភាពពង្រីកចំណេះដឹងរបស់កងទ័ពភូមិសាស្ត្រ គ្រប់ប្រភេទជំនាញ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់អង្គភាពប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកថា ក្នុងនោះក៏ដើម្បីពង្រឹងវិន័យសណ្តាប់ធ្នាប់ ច្បាប់លក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្សេងៗ ដល់យោធិនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការបំរើជាតិ។
លោកបានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ គោរពវិន័យក្នុងការរៀនសូត្រ ដើម្បីឲ្យដំណើរការរលូន និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀប បច្ចេកទេស អាវុធ ថ្មេីរជេីង និងឋានលេខានេះមានរយៈពេល ៤៦ថ្ងៃ៕