រ៉ង់ហ្គូន៖ វិបត្ដិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ រហូតមកដល់ពេលនេះ គ្មានសញ្ញាណាមួយបញ្ជាក់ពីការថមថយឡើយ ដោយយោធាបន្ដបង្ក្រាប ប្រដាប់ដោយអាវុធ សម្លាប់រង្គាល បានកើតឡើងជាបន្ដបន្ទាប់ ជាក់ស្ដែងកាលពីថ្ងៃសៅរិ៍កងកម្លាំងសន្ដិសុខមីយ៉ាន់ម៉ា បានបាញ់សម្លាប់បាតុកររហូតដល់ជាង ១០០នាក់។
ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យម្សិលមិញនេះបានកាន់ទុក្ខចំពោះការស្លាប់របស់មនុស្សយ៉ាងហោចណាស់ ១១៤ នាក់ ដែលត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខនៅថ្ងៃមុនក្នុងអំពើហិង្សាបង្ហូរឈាមធំបំផុតចាប់តាំងពីយោធាបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារមួយនៅក្នុងខែកុម្ភៈ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបបាតុកម្មប្រឆាំងរដ្ឋប្រហារបានកើនដល់ ៤២៣ នាក់គិតត្រឹមថ្ងៃសៅរ៍ នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃចេញផ្សាយដោយសមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមសិទិ្ធតាមដានស្ថានភាពនៅក្នុងប្រទេស។
អំពើហឹង្សាកាលពីថ្ងៃសៅរ៍ បានធ្វើឱ្យមានការថ្កោលទោសពីប្រមុខការពារជាតិកំពូលៗ របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងប្រទេសជប៉ុនផងដែរ ដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា យោធាអាជីពគោរពតាមស្តង់ដារអន្តរជាតិ សម្រាប់ការប្រព្រឹត្តិ និងទទួលខុសត្រូវក្នុងការការពារ – មិនបង្កអន្តរាយដល់ប្រជាជនដែលខ្លួនបម្រើនោះទេ។
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បានថ្កោលទោសដាច់ដោយឡែកពីគ្នាចំពោះការប្រើប្រាស់បន្តនូវកម្លាំងបាញ់សម្លាប់គ្មានប្រណីដោយយោធា និងប៉ូលីសប្រឆាំងនឹងប្រជាជនស៊ីវិល ហើយជាមួយគ្នានោះក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានធ្វើសេចក្តីថ្លែងការណ៍តាមរយៈអ្នកនាំពាក្យមួយផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយតាមអ៊ិនធឺណិតមីយ៉ាន់ម៉ា បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ១១៤ នាក់ក្នុងនោះមានក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅក្នុងទិវាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកាលពីថ្ងៃសៅរ៍ នៅក្នុងនោះដែរយោធាបានព្រមានថា អ្នកណាដែលប៉ុនប៉ងជ្រៀតជ្រែកក្នុងព្រឹត្តិការណ៍នៅថ្ងៃនោះគឺ “មានហានិភ័យនៃការបាញ់សម្លាប់តែម្ដង” ។
នៅក្នុងទីក្រុងធំជាងគេទី ២ របស់ប្រទេសនេះកាលពីថ្ងៃអាទិត្យ អ្នកដែលចូលរួមពិធីបុណ្យសពបុរសអាយុ ២៤ ឆ្នាំម្នាក់ ដែលត្រូវបានសម្លាប់កាលពីថ្ងៃមុន បានធ្វើឱ្យមានការលើកដៃសំពះបីម្រាមដៃ ដើម្បីកាន់ទុក្ខចំពោះការបាត់បង់របស់ពួកគេ។
តាមវិទ្យុអាស៊ីសេរី ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅទីក្រុងមុនីវ៉ា នៅកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យប្រជាជនបានដើរក្បួនតាមដងផ្លូវអំពាវនាវឱ្យមានការស្តាររដ្ឋាភិបាលស៊ីវិលឡើងវិញ។
គេអាចមើលឃើញផងដែរថា មានទង់ជាតិរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលជាគណបក្សដឹកនាំដោយមេដឹកនាំឃុំខ្លួនលោកស្រីអ៊ុងសាន ស៊ូជី ដែលត្រូវបានបណ្តេញចេញនៅក្នុងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ៕ដោយ ឈូក បូរ៉ា