ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) លោក ឃាង ពុទ្ធី នៅថ្ងៃចន្ទ ទី៥ ខែមេសា ឆ្នាំ២០២១ បានលើកឡើងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលអូសបន្លាយមកដល់នឹងពេលនេះ មិនមែនជាឱកាសមាស ឱកាសប្រាក់ សម្រាប់ការវិនិយោគ លើវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជានោះទេ។
លោក ពុទ្ធី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា “ឱកាសវិនិយោគអចលនទ្រព្យ ហើយនិងតម្លៃអចលនទ្រព្យ នៅប្រទេសកម្ពុជា រឺអាចនិយាយឱកាសវិនិយោគល្អ តម្លៃក៏ល្អឡើងវិញ លុះតែយើងទប់ស្កាត់ រឺកាត់បន្ថយជំងឺកូវីដ១៩ ដូចមុនព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ”។
យ៉ាងណាក៏ដោយ លោកប្រធានក្រុមប្រឹក្សា សំណូមពរឱ្យបងប្អូនប្រជាជន មហាជន អ្នកវិនិយោគទុនជាតិនិងអន្តរជាតិ ទំាងអស់គ្នានៅក្នុងប្រទេសកម្ពុជា “ចូលរួមទប់ស្កាត់ ៣កុំ ៣ការពារ ហើយបទបញ្ញត្តិ និងវិធានការទាំងឡាយ ដែលចេញដោយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ”។
ការអត្ថាធិប្បាយរបស់លោក ពុទ្ធី ធ្វើឡើងក្រោយពីការលើកឡើងថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ជា ឱកាសមាស ឱកាសប្រាក់ សម្រាប់ការវិនិយោគ លើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា៕
ដោយៈ សយ សុភា