បច្ចុប្បន្នភាព
Al Jazeera ប្រព័ន្ធផ្សព្វផ្សាយល្បី របស់ប្រទេសកាតា បានចុះផ្សាយថា សម្ពាធគ្មានប្រសិទ្ធភាព របស់សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត រួមទាំងអង្គការ សហប្រជាជាតិ ក្នុងវិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា កំពុងធ្វើអោយមនុស្សស្លាប់ កាន់តែច្រើនថែមទៀត ដោយសារតែក្រុមបាតុករ អាងអន្តរជាតិជួយ ប៉ុន្តែអន្តរជាតិមិនជួយ អ្វីក្រៅតែពីស្រែកពីចម្ងាយ និងដាក់សម្ពាធគ្មាន ប្រសិទ្ធភាព លើរបបសឹកមីយ៉ានម៉ា ។
គិតត្រឹមថ្ងៃចន្ទ ទី៥ ខែមេសានេះ ក្រុមបាតុកររាប់ម៉ឺននាក់ នៅតែបន្តចេញធ្វើបាតុកម្ម នៅទូទាំងប្រទេសដដែល ដោយមិនញញើត ចំពោះការបង្ក្រាបយ៉ាងចាស់ដៃ ពីសំណាក់កងកម្លាំងយោធា ដែលបានបាញ់គ្រាប់កាំភ្លើងពិត និងបោកគ្រាប់បែក ក្នុងហ្វូងបាតុករជាដើម ។
ក្រុមបាតុករនៅតែបន្តចេញធ្វើបាតុកម្ម នៅទីតាំងប្រមាណ៤០កន្លែង នៅទូទាំងប្រទេស ក្នុងគោលដៅដាក់សម្ពាធ លើកងកម្លាំងយោធា អោយប្រគល់អំណាច ដល់ប្រមុខដឹកនាំរដ្ឋាភិបាលស៊ីវិលវិញ និងបង្ខំអោយកងកម្លាំងយោធា ដោះលែងជនជាប់ឃុំទាំងអស់ ។
ការតស៊ូ និងក្តីសង្ឃឹមរបស់ក្រុមបាតុករ គឺជឿជាក់លើសម្ពាធអន្តរជាតិ មានសម្ពាធពីសហរដ្ឋអាមេរិក ប្រទេសសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិជាដើម ដែលអាចដាក់សម្ពាធកាន់តែធ្ងន់ លើរបបសឹកមីយ៉ានម៉ា អោយទម្លាក់អាវុធចុះ ។
សហរដ្ឋអាមេរិក បានប្រកាសថ្កោលទោស ចំពោះអំពើហិង្សា ដែលបានប្រព្រឹត្តឡើង ដោយរបបសឹកមីយ៉ានម៉ា និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដាក់ទណ្ឌកម្មលើប្រមុខដឹកនាំ យោធាមីយ៉ានម៉ាជាច្រើនរូបថែមទៀត ក្រោយពីមានរដ្ឋប្រហារ ដោយយោធា ។
ប្រទេសជាសម្ព័ន្ធ របស់សហរដ្ឋអាមេរិក មានប្រទេសកាណាដា បារាំង អង់គ្លេស និងប្រទេសមួយមួយចំនួនទៀត ក៏បានប្រកាសថ្កោលទោស និងដាក់ទណ្ឌកម្មលើរបបសឹក និងមន្ត្រីយោធាមីយ៉ានម៉ា ប្រហាក់ប្រហែលសម្ពាធ របស់សហរដ្ឋអាមេរិកដែរ ប៉ុន្តែការថ្កោលទោស និងទណ្ឌកម្មទាំងនោះ ហាក់ដូចជាមិនមានទម្ងន់គ្រប់គ្រាន់ ដែលអាចធ្វើអោយរបបសឹក មីយ៉ានម៉ាបន្ទន់ជំហរនោះទេ តែកងកម្លាំងយោធា នៅតែបង្ក្រាបក្រុមបាតុករដដែល ។
ចំណែកអង្គការសហប្រជាជាតិ ដែលជាស្ថាប័នកំពូលនៅលើពិភពលោក ក៏មិនអាចធ្វើអ្វីបានក្រៅ តែពីថ្កោលទោស និងរិះគន់លើកងកម្លាំង យោធាមីយ៉ានម៉ាដែរ ដែលបណ្តោយអោយកងកម្លាំង យោធាសម្លាប់ក្រុមបាតុករជារៀងរាល់ថ្ងៃ ។
អ្នកជំនាញផ្នែកកិច្ចការ នយោបាយអន្តរជាតិ ជាច្រើនរូប បានលើកឡើងថា ក្រុមបាតុករ ដែលបានខិតខំតស៊ូ និងប្រឹងប្រែងចេញ ធ្វើបាតុកម្មដោយមិន ស្តាយអាយុជីវិត គឺដោយសារមាន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងអង្គការសហប្រជាជាតិជាខ្នងបង្អែក ។
ក្រុមបាតុករសង្ឃឹមថា របបសឹកមីយ៉ានម៉ា នឹងទទួលបរាជ័យទាំងស្រុង នៅពេលខាងមុខ ដោយសារសម្ពាធអន្តរជាតិ ប៉ុន្តែផ្ទុយទៅវិញ អន្តរជាតិខាងលើកនេះ បានតែស្រែករិះគន់ពីចម្ងាយ និង ជាសម្រែកគ្មានប្រសិទ្ធភាពសូម្បីតែបន្តិចលើរបបសឹក ។
គិតត្រឹមថ្ងៃចន្ទនេះដែរ ដោយមិនខ្វល់ពីសម្ពាធអន្តរជាតិ របបសឹកមីយ៉ានម៉ា បានដាក់ពង្រាយកងកម្លាំងយោធារាប់ម៉ឺននាក់ ដែលប្រដាប់ដោយអាវុធគ្រប់ដៃ និងបានចល័តគ្រឿងសព្វាវុធនៅទូទាំងប្រទេស មានរថក្រោះ និងរថពាសដែកជាដើម ។
សូមរំលឹកជូនថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា បានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី និងបានប្រកាសដាក់ប្រទេសនេះក្នុងគ្រាអាសន្ន រយៈពេលមួយឆ្នាំ ។
ចាប់តាំងពីពេលនោះមក ក្រុមបាតុកររាប់ម៉ឺននាក់ បានចេញធ្វើបាតុកម្មនៅទូទាំងប្រទេស ក្នុងគោលដៅប្រឆាំងនឹង របបយោធា ហើយក្រោយពី មានក្បួនបាតុកម្ម កងកម្លាំងយោធាក៏បាន ចាប់ផ្តើមបង្ក្រាបផងដែរ និងបានបាញ់សម្លាប់ក្រុមបាតុករ ស្ទើរជារៀងរាល់ថ្ងៃ ។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងអង្គការសហប្រជាជាតិ មិនបានជួយអ្វីក្នុងវិបត្តិនយោបាយនៅសហភាពមីយ៉ានម៉ានោះទេ ក្រៅតែពិស្រែកថ្កោទោស និងរិះគន់របបសឹក ដែលបានបាញ់ សម្លាប់ប្រជាបាតុករ ហើយសម្រែករបស់អន្តរជាតិនេះ គឺជាសម្រែកគ្មានប្រសិទ្ធភាពទេ ដោយសាររបបសឹកមិនស្តាប់ និងមិនអើពើបន្តិចបន្តួចសោះ ។
ដើមចមនាំអោយកើតរឿង
សមាគមជួយអ្នកទោសនយោបាយ (Assistance Association for Political Prisoners) ហៅកាត់ថា AAPP បានអោយដឹងថា ដើមចមដែលនាំអោយ របបសឹកមីយ៉ានម៉ា មិនព្រមបន្ទន់ ឥរិយាបថ ចំពោះទណ្ឌកម្មអាមេរិក សម្ព័ន្ធមិត្ត និង អង្គការសហប្រជាជាតិ គឺដោយសារអាមេរិក និងសម្ព័ន្ធ មិនមែនជាដៃគូ សំខាន់ផ្នែកសេដ្ឋកិច្ច របស់របបសឹកមីយ៉ានម៉ានោះទេ ។
ប្រភពដដែលបានបន្តថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មានទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាការផ្តល់ជំនួយតិចតួចបំផុត ដល់សហភាពមីយ៉ានម៉ា ទោះបីជាសហភាពមួយនេះ មានរដ្ឋាភិបាលស៊ីវិល ក្រោមការដឹកនាំតាមជាក់ស្តែង របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលមានទំនោរគាំទ្រសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏ដោយ ។
បណ្តាប្រទេសនៅតំបន់អាស៊ី ជាពិសេសគឺបណ្តាប្រទេស ជាមាជិកអាស៊ាន ទើបជាដៃគូពាណិជ្ជកម្មសំខាន់ របស់សហភាពមីយ៉ានម៉ា ដូច្នេះប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងមេដឹកនាំយោធាមួយចំនួនរបស់របបសឹកមីយ៉ានម៉ា ប៉ុន្តែអាស៊ានមិនដាក់ទណ្ឌកម្ម គឺរបបសឹកនៅតែមានខ្នងបង្អែកដដែល ។
គិតត្រឹមថ្ងៃចន្ទនេះ មានប្រទេសមិនដល់១០ប្រទេសផងទេ ដែលបានថ្កោលទោស រិះគន់ និងដាក់ទណ្ឌកម្មលើ សហភាពមីយ៉ានម៉ា មានសហរដ្ឋអាមេរិក កាណាដា និងអង់គ្លេសជាដើម ប៉ុន្តែប្រទេសភាគច្រើនផ្សេងទៀត ជាពិសេសប្រទេសសមាជិកអាស៊ាន មិនបានដាក់ទណ្ឌកម្មលើ របបសឹកមីយ៉ានម៉ានោះទេ ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃចន្ទនេះ ចំនួនមនុស្សស្លាប់ ក្នុងអំពើហិង្សានៅសហភាពមីយ៉ានម៉ា បានកើនឡើង ដល់ជាង៥៥០នាក់ហើយ និងមនុស្សប្រមាណជិត៣០០០នាក់ ត្រូវកងកម្លាំងយោធាចាប់ឃុំខ្លួន ហើយក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្ម និងកងកម្លាំងយោធា នៅតែបង្ក្រាប ដែលបណ្តាលអោយមនុស្សស្លាប់ជាបន្តបន្ទាប់ ៕
ដោយ ៖ អ៊ី ជិន