ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ស្នងការរាជធានី-ខេត្ត ពង្រឹងសណ្ដាប់ធ្នាប់ សាធារណៈ ថ្ងៃចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានធ្វើការណែនាំ គ្រប់នាយកដ្ឋាន-អង្គភាពចំណុះ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងវិធានការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ពិធីបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ នាពេលខាងមុខនេះ។ នេះបើតាមយោង តាមគេហទំព័រហ្វេសប៊ុក អគ្គស្នងការ នគរបាលជាតិ។

ក្នុងកិច្ចប្រជុំតា មប្រព័ន្ធអេឡិចត្រូនិចស្ដីពី «វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ» កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ថា «គ្រប់នាយកដ្ឋាន-អង្គភាពចំណុះ និងស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ត្រូវប្រកាសចំណុចខ្ពស់ពង្រឹង វិធានការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ពិសេសនៅ តាមគោលដៅ អាទិភាព វត្តអារាម រមណីយដ្ឋាន និងទីតាំងកន្លែងកម្សាន្តសប្បាយនានា ដោយត្រូវមានផែនការ ចាត់តាំងអនុវត្តច្បាស់លាស់»

នាយឧត្តមសេនីយ៍ បន្ដថា ត្រូវពង្រឹងក្រុមប្រចាំបញ្ជាទាំង នៅតាមនាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ដើម្បីទទួលសំណូមពរ របស់មហាជន និងត្រូវត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋទាន់សភាពការណ៍។

ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានក្រើនរំលឹក និងដាស់តឿន ដល់គ្រប់នាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អប់រំណែនាំមន្ត្រីក្រោមឱវាទអំពីការ អនុវត្តវិធានសុខាភិបាល ពិសេសអនុសាសន៍ដឹកនាំ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី «៣ការពារ ៣កុំ» ដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួន ព្រមទាំងក្រុមគ្រួសារ និងត្រូវធ្វើជាគំរូដល់សាធារណជន ៕

To Top