ភ្នំពេញ៖ ជុំវិញការស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្រ្តីនៃកម្ពុជាបានលើកឡើងថា បញ្ហាស្ម័គ្រចិត្តជារឿងមួយហើយ ប៉ុន្តែយើងត្រូវគិតអំពី ផលប្រយោជន៍ រួមរបស់ជាតិ អំពីសុខភាពសាធារណៈ ជាចាំបាច់។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ឆ្លុះបញ្ចាំងថា មិនអាចទុកអោយបុគ្គលណាម្នាក់ នៅក្នុងក្រសួង ស្ថានប័ន ឬអង្គភាពណាមួយ ដើរចម្លងឬធ្វើអោយគេខ្លាចរអារ ដោយសារការគេចវេស មិនព្រមទទួលចាក់វ៉ាក់សាំងនោះទេ។
តាមរយៈសារជាសំឡេងនៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ បានបញ្ជាក់ថា «ពិតមែនតែវ៉ាក់សាំងចាក់ លើគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែនៅពេលខាងមុខច្បាស់ណាស់ថា វ៉ាក់សាំងនឹងក្លាយទៅជា វ៉ាក់សាំងកាតព្វកិច្ចតែម្តង ជាពិសេសជំហានដំបូងនេះ គឺនៅក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិល របស់យើងទាំងអស់»។
សម្តេចបញ្ជាក់យ៉ាងច្បាស់ថា «បញ្ហានេះ ជាបញ្ហាសុខភាពសាធារណៈ បញ្ហាស្ម័គ្រចិត្តជារឿងមួយហើយ ប៉ុន្តែយើងត្រូវគិតអំពី ផលប្រយោជន៍ រួមរបស់ជាតិ អំពីសុខភាពសាធារណៈ ជាចាំបាច់»។
ជាមួយនឹងការទទួលខុសត្រូវ ក្នុងនាមជាប្រមុខដឹកនាំប្រទេស សម្ដេចក៏បានប្រកាសថា នៅពេលខាងមុខ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេស មិនចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាចនឹងត្រូវបាត់បង់ការងារតែម្តង ។
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីសម្តេចបានទទួលរបាយការណ៍ថា ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំង ដល់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលជាបន្តបន្ទាប់ គឺមានមន្រ្តី២ប្រភេទ គឺទី១ អ្នកដែលចង់ចាក់វ៉ាក់សាំងឱ្យបានលឿន ដើម្បីការពារខ្លួន និងមួយទៀត ជាមន្រ្តីដែលគេចវេសមិនចង់ចាក់វ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនចង់ឱ្យដល់ ស្ថានភាពលំបាកហើយ ទើបធ្វើការស្រោចស្រង់នោះទេ។
សម្តេចបញ្ជាក់ប្រាប់ មន្រ្តីដែលមិនចង់ចាក់វ៉ាក់សាំងទាំងនោះថា «នៅពេលណាមួយដែលស្ថាប័នរបស់ខ្លួន ចាក់បាក់៧០ភាគរយឡើងលើ មន្រ្តីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សូមដេកផ្ទះចុះ ហើយបើសិនជាថ្នាក់ដែលត្រូវចូលប្រជុំ ក៏មិនអនុញ្ញាតឱ្យចូលប្រជុំដែរ ទុកឱ្យដេកផ្ទះទៅ ព្រោះគ្រាន់តែវ៉ាក់សាំងដែលចាក់ដើម្បីការពារខ្លួនឯង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ឬក៏ជាមន្រ្តីរាជការធ្វើអ្វីតទៅទៀត»។
សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួង និងអង្គភាពទាំងអស់ ត្រួតពិនិត្យមើលមន្ត្រីក្រោមឱវាទរបស់ខ្លួន កងទ័ពក៏ដូចគ្នា។ សម្តេចក៏បានណែនាំដល់ អភិបាលខេត្ត និងអភិបាលស្រុក ត្រូវត្រួតពិនិត្យមើលមន្រ្តីនៅក្នុងខេត្តរបស់ខ្លួន ដែលមិនទាន់បានចាក់វ៉ាក់សាំង បើមន្រ្តីដែលខកខានដោយចេតនា គឺមិនគប្បីអនុញ្ញាតឱ្យពួកគាត់ចូលធ្វើការនោះទេ។
សម្តេចតេជោបានកោតសរសើរដល់កងទ័ព ដែលដឹកនាំដោយម៉ឹងម៉ាត់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលរហូតមកដល់ពេលនវ កងទ័ពស្ទើរតែ១០០ភាគរយ បានចាក់ដូសទី១ និងប្រមាណ៧០ ទៅ៨០ភាគហើយ ដែលបានចាក់ដូសទី២។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តដល់ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលបានជំរុញឱ្យមានការ ចាក់វ៉ាក់សាំងលើសចំនួន ដោយសារតែអនុញ្ញាតឱ្យអ្នកអនាម័យ និងអ្នកថែសួនបានចាក់វ៉ាក់សាំងផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានកុំឱ្យមានការឃុបឃិត គ្នារវាងគ្រូពេទ្យ និងមន្រ្តីដែលមានចេតនា មិនចាក់វ៉ាក់សាំងផងដែរ។
សម្តេចបន្តថា ដើម្បីចៀសវាងមានការឃុបឃិតរវាងគ្រូពេទ្យ និងអ្នកដែលមានចេតនាមិនចាក់វ៉ាក់សាំង គឺអ្នកចាក់ទាំងអស់ ត្រូវមានការបញ្ជាក់ឱ្យបាន ជាក់លាក់ពីអង្គភាពជំនាញ។
សម្តេចបន្តថា នៅពេលខាងមុខ បើអាច គឺក្រៅពីកាតដែលផ្តល់ដោយផ្នែកសុខាភិបាល យើងអាចមានផ្លាកសញ្ញា ដើម្បីបញ្ជាក់អំពីអ្នកដែលបានចាក់វ៉ាក់សាំង ដែលចេញដោយក្រសួងសាមីតែម្តង។
សម្តេចបានព្រមានថា អ្នកដែលមានចេតនា មិនទទួលវ៉ាក់សាំង គឺជាអ្នកអាចនឹងងាយបាត់បង់ការងារធ្វើ ទាំងក្នុងកងកម្លាំងប្រដាប់អាវុធ ទាំងក្នុងមន្រ្តីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងក្រោមជាតិ ទាំងមន្រ្តីជាប់កិច្ចសន្យា។ ទោះជាយ៉ាងនេះក្តី សម្តេចបានដាស់តឿនថា ពេលនេះមិនទាន់ហួសពេលនោះទេ ដែលមន្រ្តីទាំងនោះអាចទៅចាក់វ៉ាក់សាំងបាន ៕