អត្ថបទ

វីង​ ត្រូវបានផ្តល់អាជ្ញាប័ណ្ណ ធ្វើប្រតិបត្តិការ ជាធនាគារពាណិជ្ជ

វីង បានទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិ នៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការ ជាធនាគារពាណិជ្ជ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថល យ៉ាងទូលំទូលាយរបស់ខ្លួន។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នក ផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមទូរសព្ទចល័ត ឈានមុខគេនៅកម្ពុជា ទទួលបានអាជ្ញាប័ណ្ណ ធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា។

អាជ្ញាប័ណ្ណនេះ អនុញ្ញាតឱ្យវីង ធ្វើប្រតិបត្តិការ ជាធនាគារ ពាណិជ្ជក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក”។

អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាល នៃធនាគារវីង បានមានប្រសាសន៍ថា ”នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ដើម្បីឆ្ពោះទៅរកចក្ខុវិស័យ របស់យើង ក្នុងការផ្តល់លទ្ធភាពហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជា គ្រប់រូប និងដើម្បីជួយដល់​កំណើនសេដ្ឋកិច្ច។

ជាមួយនឹងបច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិត និងចំណេះដឹងទូលំទូលាយ អំពីទីផ្សារក្នុងស្រុក ធនាគារវីង ភ្នាក់ងារវីង និងដៃគូរបស់យើងទាំងអស់ ប្រឹងប្រែងរួមគ្នា ដើម្បីផ្សារភ្ជាប់គម្លាត តាមរយៈការផ្តល់ ឧបករណ៍ហិរញ្ញវត្ថុ ដល់ប្រជាជនមិនស្ថិតក្នុង បណ្តាញធនាគារ។”

ជាមួយនឹងការផ្តល់ អាជ្ញាប័ណ្ណនេះ ធនាគារវីង អាចផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារជាច្រើន ដល់ប្រជាជនកម្ពុជាទាំងអស់ ដូចជាការផ្តល់ប្រាក់កម្ចី និងការទទួលបា្រក់បញ្ញើ ពីសាធារណៈជនជាដើម។

សេវាកម្មទាំងនេះ នឹងបំពេញបន្ថែម លើសេវាកម្មហិរញ្ញវត្ថុ បែបឌីជីថលរបស់វីង ដែលមានស្រាប់ ហើយត្រូវបានផ្តល់ជូន តាមរយៈបណ្តាញយ៉ាងទូលំទូលាយ គឺភ្នាក់ងារវីង ដែលមានជាង ៩.៣០០ កន្លែង និងកម្មវិធីស្មាតហ្វូនវីង។

វីងនឹងបន្តដំណើរការ អាជីវកម្មរបស់ខ្លួន ដូចធម្មតា ដោយគ្មានការប៉ះពាល់ ដល់សេវាកម្មដែលមានស្រាប់ ដែលត្រូវបានផ្តល់ ជូនតាមរយៈភ្នាក់ងារវីង និងកម្មវិធីស្មាតហ្វូនវីងឡើយ។

លោក Manu Rajan អគ្គនាយក នៃធនាគារវីង បានមានប្រសាសន៍ថា៖ “យើងប្តេជ្ញាធានាឲ្យបានថា ការវិវត្តខ្លួនក្លាយជា ធនាគារពាណិជ្ជរបស់យើង មានឥទ្ធិពលជាវិជ្ជមាន ទៅលើសហគមន៍ ដៃគូអាជីវកម្ម និងអ្នកចូលរួម ក្នុងទីផ្សារផ្សេងៗទៀត របស់យើង។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយដៃគូ និងសាធារណៈជន ដើម្បីជំរុញ បរិយាប័ន្នហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា” ។

អាជ្ញាប័ណ្ណដែលទទួលបាន ពីធនាគារជាតិនៃកម្ពុជា នេះនឹងពង្រឹងចក្ខុវិស័យរបស់វីង ក្នុងការធ្វើឱ្យប្រសើរឡើង នូវការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនដែលមិនស្ថិតក្នុង បណ្តាញធនាគារ។

ចាប់តាំងពីត្រូវបាន បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីងបានខិតខំផ្តល់អំណាច ដល់ប្រជាជនកម្ពុជា តាមរយៈការផ្តល់លទ្ធភាព ក្នុងការទទួលបាន សេវាកម្មហិរញ្ញវត្ថុ ដែលអាចទុកចិត្តបាន ងាយស្រួល និងមានសុវត្ថិភាព៕

To Top