ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន៖​ រុស្ស៊ី​នឹងមានទ័ពដល់ជាង​១២ម៉ឺននាក់​ នៅតាមព្រំដែនអ៊ុយក្រែន​ក្នុងពេលមួយសប្ដាហ៍

បរទេស៖​ទន្ទឹមនឹងការស្នើឲ្យមាន​ទណ្ឌកម្មសេដ្ឋកិច្ចពី​លោកខាងលិចបន្ថែម​លើទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីកំពុងតែប្រមូលផ្តុំកងទ័ពជើង​ ១២០.០០០នាក់ នៅតាមព្រំដែនអ៊ុយក្រែន។

លោក Dmytro Kuleba បាននិយាយប្រាប់សន្និសីទព័ត៌មាន​អនឡាញជាមួយប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិដូច្នេះថា “កងទ័ពរុស្ស៊ីបន្តមកដល់ក្នុងតំបន់​ស្ថិតនៅក្បែរព្រំដែនរបស់យើង នៅភាគឦសាន ភាគខាងកើតនិងភាគខាងត្បូង ហើយក្នុងពេលប្រហែល​មួយសប្ដាហ៍ទៀត ពួកគេត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំនួនកងកម្លាំង​សរុបមានទ័ពជាង ១​២០.០០០នាក់”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានបន្ថែមទៀតដូច្នេះថា “នេះមិនមែនមានន័យថា ពួកគេនឹងឈប់បង្កើនកងកម្លាំង របស់ពួកគេនៅត្រឹមចំនួននោះៗទេ”។

គួរបញ្ជាក់ថា គួរបញ្ជាក់ថា ក្តីព្រួយបារម្ភអំពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានមានការកើនឡើង ស្របពេលមានការបង្កើន យោធាថ្មីៗនេះរបស់រុស្ស៊ី នៅជុំវិញតំបន់ព្រំដែនអ៊ុយក្រែន ជាលំដាប់នៃការបង្កើនទ័ពមួយ ដែលមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price និយាយថា មិនធ្លាប់បានឃើញចាប់តាំង ពីការឈ្លានពានរបស់រុស្ស៊ីមក ៕

ប្រែសម្រួល៖​ប៉ាង កុង

To Top