វ៉ាស៊ីនតោន៖ ប្រមុខនៃបញ្ជាការយុទ្ធសាស្ត្រអាមេរិក (USSTRATCOM) បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ហើយអាចរារាំងរាល់ការឈ្លានពានពីប្រទេសកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ទោះយ៉ាងណាលោក Charles Richard បានលើកឡើងថា វិធីល្អបំផុតដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសកូរ៉េខាងជើង គឺការទូត បើទោះបីជាប្រទេសទាំងពីរ បានជាប់គាំងក្នុងកិច្ចចរចានុយក្លេអ៊ែរ។
លោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណថា“ ខ្ញុំនឹងប្រាប់អ្នកថា ខ្ញុំមានទំនុកចិត្តខ្លាំង ចំពោះសមត្ថភាពរបស់ខ្ញុំក្នុងការទប់ស្កាត់ ឬយើងក៏ស៊ាំនឹងសមត្ថភាពរបស់កូរ៉េខាងជើងដែរ ហើយខ្ញុំមានទំនុកចិត្តខ្ពស់ ចំពោះសមត្ថភាពរបស់យើងក្នុងការរារាំងរឿងនេះ” ។
មេបញ្ជាការ USSTRATCOM បានលើកឡើងថាកូរ៉េខាងជើង នៅតែបន្តបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ីឦសាន។
លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់គណៈកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធសភាមុនពេលបើកសវនាការនៅសប្តាហ៍នេះថា “ប្រទេសកូរ៉េខាងជើងបានសាកល្បង ICBMs ដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារលើទ្វីបអាមេរិកទាំងមូល និងមានឃ្លាំងស្តុកមីស៊ីលផ្លោងយ៉ាងធំ”៕ដោយ ឈូក បូរ៉ា