Covid-19

រកឃើញ មន្ត្រីរដ្ឋសភា ម្នាក់ទៀត វិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ ណាវ សុភាព ភេទប្រុស អាយុ ៣៦ឆ្នាំ ជាមន្រ្តីការិយាល័យ អធិការកិច្ច នៃអគ្គាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋាន បច្ចុប្បន្ន ផ្ទះលេខ១០៦ ផ្លូវលេខ៣០ បុរីពិភពថ្មី ឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា មន្រ្តីរូបនេះបានមកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី១ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។ គាត់បានជួបនិងប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅម្តុំទួលសង្កែ។

ករណីនេះ ប្រសិនលោក លោកស្រី នាងកញ្ញា ដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយអ្នកជំងឺដោយផ្ទាល់ ត្រូវទៅយកសំណាក នៅតាមទីតាំងដែលក្រសួង សុខាភិបាលបានកំណត់ ក្នុងនោះមាន មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែក្រោម វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវ ដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ។

ចំពោះអ្នកពាក់ព័ន្ធប្រយោល សូមមេត្តាធ្វើចត្តាឡីស័ក នៅផ្ទះ ១៤ថ្ងៃ និងតាមដានសុខភាព ខ្លួនឯង ដោយគោរពតាមវិធាន សុវត្ថិភាព របស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ និង ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

To Top