Covid-19

លោក ណុប ដារ៉ា អភិបាល​រងខេត្តបាត់ដំបង ណែនាំភាគីពាក់ព័ន្ធត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុង​មណ្ឌល ចត្តាឡីស័ក និង​មូលដ្ឋាន

ភ្នំពេញ​៖នៅរសៀលថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរង ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ​ និងតំបន់ចត្តាឡីស័កក្នុងខេត្តបាត់ដំបង ដើម្បីទប់ស្កាត់​ការរីករាលដាលនៃជំងឺ​កូវីដ-១៩។​​

លោក ណុប ដារ៉ា​​ បានណែនាំ​ដល់​គណៈបញ្ជាការឯកភាពក្រុង-ស្រុក និងកងកម្លាំងគ្រប់​ផ្នែក ត្រូវយកចិត្តទុកដាក់​បំពេញ​ការងារ​ ជាពិសេស​ត្រូវពង្រឹងការ​អនុវត្តវិធានសុខាភិបាល និងវិធានការ​នានាប្រឆាំងនឹងកូវីដ-១៩។

ក្នុងនោះដែរ លោក បាន​បន្ថែម​ថា​ ​​គណៈបញ្ជាការឯកភាពក្រុង-ស្រុក និងកងកម្លាំងគ្រប់​ផ្នែកទាំងអស់​ត្រូវ​ពង្រឹង​ការងារ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ ទាំងនៅក្នុង​មណ្ឌលចត្តាឡីស័ក និង​នៅក្នុង​មូលដ្ឋាន​ផងដែរ ជាពិសេស​ត្រូវ​កសាង​សំណុំរឿងចាត់ការតាមច្បាប់ ចំពោះជនណា​ដែលល្មើសវិធានការ​ទប់ស្កាត់​ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល​ និងរដ្ឋបាលខេត្ត ដោយ​មិន​យោគយល់ដាច់ខាត។​

ជាចុងក្រោយ​ លោកបាន​ណែនាំ​ឱ្យ​កងកម្លាំង​គ្រប់​ប្រភេទ​ទាំងអស់​ ត្រៀមខ្លួនជានិច្ច​ ​ដើម្បី​អន្តរាគមន៍អ្នកជំងឺ ឬបុគ្គលពាក់ព័ន្ធ ឬទីតាំងដែលមិនសហការជាមួយ​អាជ្ញាធរ ប្រធានមណ្ឌល និងគណៈបញ្ជាការឯកភាព​ក្រុង-ស្រុក៕

To Top