ភ្នំពេញ: នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីរូបគេ ទាំងពីរនាក់ ធ្វើសកកម្មភាពលួចគាស់ហាងលក់ផលិតផល មកពីប្រទេសជប៉ុន (យីហោ មី-អា) នៅចំណុច ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង២១និង១៥នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។
ជនសង្ស័យទាំង ២នាក់ មានឈ្មោះ៖
១.ឈ្មោះ អ៊ុកចាន់ ចេនឡា ភេទប្រុស ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
២.ឈ្មោះ ពៅ ខួច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ចាប់យកវត្ថុតាង ៖ កាបូបដៃមួយ, កាបូបស្ពាយមួយ, កន្ត្រៃ២, កូនកាំបិត០២,ដែកកាប់១, កូនសោ៤ និងពិលចំនួន១។
កម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោង១៩និង០០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចេញល្បាតតាមគោលដៅ បិទខ្ទប់ដើម្បី បង្ការ បង្ក្រាប បទល្មើស នៅក្នុងភូមិសាស្រ្តរបស់ខ្លួន រហូតដល់ម៉ោង២១និង១៥នាទី នៅចំណុចកន្លែងកើតហេតុខាងលើ ក៏បានឃើញជនសង្ស័យទាំង ២នាក់ កំពុងធ្វើសកម្មភាពលួចគាស់ហាងលក់ផលិតផល មកពីប្រទេសជប៉ុន (យីហោ មី-អា) ឃើញដូចនេះកម្លាំងល្បាតអាវុធហត្ថខណ្ឌទួលគោក ក៏បានចាប់ឃាត់ខ្លួន ជាក់ស្តែងជនសង្ស័យទាំង២នាក់ភ្លាមៗ រួមនឹងវត្ថុតាង ធ្វើសកម្មភាព យកមកអង្គភាព ដើម្បីធ្វើការសាកសួរបន្ត និងបានទំនាក់ទំនង ទៅម្ចាស់ហាងឲ្យមកដាក់ពាក្យបណ្តឹងផងដែរ។
ក្រោមវិធានការជំនាញជនសង្ស័យទាំង ២នាក់ បានសារភាពឲ្យដឹងថា ពួកគេទាំងពីរ បានធ្វើសកម្មភាពលួចចូលគាស់ ហាងលក់ផលិតផលមកពីប្រទេសជប៉ុន (យីហោ មី-អា) ចំនួន២ដង គឺកាលពីវេលាម៉ោង២៤និង០០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ពួកគេ បានលួចគាស់ហាងខាងលើនេះ ដោយយកបានស្ពាន់ចំនួន០១គីឡូ លុះមកដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១និង១៥នាទី ឃើញឱកាសល្អ ពួកគេក៏បានធ្វើសកម្មភាពគាស់ជញ្ជាំងហាងខាងលើនេះ ដើម្បីយកទ្រព្យសម្បត្តិមានតម្លៃម្តងទៀត ពេលយករួចហើយ បម្រុងគេចខ្លួន ពេលនោះសមត្ថកិច្ចអាវុធហត្ថ ក៏មកដល់ធ្វើការឃាត់ខ្លួន រូបគេទាំងពីរនាក់តែម្តង។ ពួកគេ បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា រូបគេទាំងពីរ ធ្លាប់ប្រើបា្រស់គ្រឿងញៀនរយៈពេល២ឆ្នាំមកហើយ៕