ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរៀបចំផែនការយុទ្ធសាស្ដ្រ យុទ្ធនាការជាតិចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១។
យោងតាមលិខិតរបស់ រាជរដ្ឋាភិបាល មាន២៥ទំព័រ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា «ក្នុងពេលដែលការអភិវ ឌ្ឍវ៉ាក់សាំងបានឈានដល់ដំណាក់កាលនៃការដាក់ឱ្យប្រើប្រាស់ ប្រទេសទាំងអស់ក្នុងពិភពលោក បានប្រកាន់យកវិធាន ការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍ ដើម្បីរួមចំណែកគ្រប់គ្រងការឆ្លងដាលនៃជំងឺកូវីដ-១៩ និងជំរុញសកម្មភាព សង្គម-សេដ្ឋកិច្ចឡើងវិញ»។
រាជរដ្ឋាភិបាល បន្ដថា ជាមួយនឹងការកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រ រាជរដ្ឋាភិបាល ក៏បានខិតខំ ប្រឹងប្រែងក្នុងការទិញវ៉ាក់សាំងផ្ទាល់ពីប្រទេសអ្នកផលិត និងស្វែងរកជំនួយជាវ៉ាក់សាំងពីស្ថាប័ន អន្តរជាតិនានា និង ពីប្រទេសជាមិត្ត ។ ជាផ្លែផ្កានៃកិច្ចខំប្រឹងប្រែងនេះ កម្ពុជាបានក្លាយជាប្រទេសទី១ ក្នុងចំណោមបណ្តាប្រទេស ក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដែលទទួលបានវ៉ាក់សាំងពីស្ថាប័នកូវ៉ាក់ ក៏ដូចជា ទទួលបានជំនួយមនុស្សធម៌ជាវ៉ាក់សាំងពីមិត្តចិន និង ដែលបានអនុញ្ញាតឲ្យកម្ពុជាចាប់ផ្ដើម យុទ្ធនាការជាតិចាក់វ៉ាក់សាំង នៅដើមខែ កុម្ភៈ ឆ្នាំ ២០២១ ។
រាជរដ្ឋាភិបាល បន្ថែមថា វ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញ ក៏បានមកដល់ជាហូរហែ រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន ៤ ០២៤ ០០០ដូស។
រាជរដ្ឋាភិបាល បញ្ជាក់ថា «គោលបំណងនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី ១ គឺបង្កើតភាពស៊ាំដល់អ្នកផ្តល់សេវាជួរមុខទូទាំងប្រទេស ដែលរួមមាន បុគ្គលិកសុខាភិបាល កងកម្លាំង ប្រដាប់អាវុធ និង មន្ត្រីសាធារណៈ ព្រមទាំងក្រុមជនងាយរងគ្រោះមួយចំនួនទៀត ។ ក្នុងរយៈពេល ត្រឹម ៣ ខែ គិតចាប់ពីខែ កុម្ភៈ ដល់ខែ មេសា ឆ្នាំ ២០២១ នេះ មន្ត្រីសាធារណៈជួរមុខ កងកម្លាំង ប្រដាប់អាវុធ មន្ដ្រីរាជការ និងប្រជាពលរដ្ឋចំនួនជាង ១,៣ លាននាក់ ទទួលបាននូវការចាក់វ៉ាក់សាំង»។
រាជរដ្ឋាភិបាល ក៏លើកលើកថា ជារួមយុទ្ធនាការជាតិចាក់វ៉ាក់សាំង-ដំណាក់កាលទី ១ ដែលគ្រោងនឹងត្រូវបញ្ចប់នាពេលខាងមុខដ៏ខ្លី នេះ បានប្រព្រឹត្តទៅក្នុងល្បឿនមួយគួរឲ្យកត់សម្គាល់ និង សម្រេចបានលទ្ធផលតាមការគ្រោងទុក៕