ភ្នំពេញ៖ ក្រោយពីគម្រោងសាងសង់ មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ឆ្នេរមាស ឆ្នេរប្រាក់ ដែលត្រូវបានសិក្សា និងកំណត់រួមគ្នាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Chen Yuan ប្រធានសមាគមទំនាក់ទំនង មិត្តភាពអន្តរជាតិចិន កាលពីខែមេសារួចមក វិនិយោគិនចិន នឹងចាប់ផ្តើមសាងសង់ មជ្ឈមណ្ឌលសន្និសិទអន្តរជាតិ ឆ្នេរមាស ឆ្នេរប្រាក់ នៅឆ្នេររាមខេត្តព្រះសីហនុ ឆ្នាំក្រោយនេះ ដោយចំណាយទុនប្រមាណ ៥០០លានដុល្លារ ។
ទន្ទឹមនឹងនេះក៏មានការចូលរួម ពីតំណាងសមាគមទំនាក់ទំនង មិត្តភាពអន្តរជាតិចិន China National Building Materials Group Corporation (CNBM) ក្រុមហ៊ុន Shanghai Lingang Group និង Shandong Yantai Construction Enterprise។ គម្រោងនេះគឺជាគម្រោងជាតិខ្នាតធំ នៅកម្ពុជាដែលត្រូវបានរៀបចំ និងវិនិយោគដោយក្រុមហ៊ុន យិះចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី។
លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងក្នុងកិច្ចប្រជុំវាយតម្លៃគម្រោង មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាស ឆ្នេរប្រាក់ នៅថ្ងៃទី៥ ខែធ្នូថា គោលបំណងថ្ងៃនេះ ដើម្បីចូលរួមមើលការសាងសង់ និងស្តាប់អំពីគម្រោងអាគារឆ្នេរប្រាក់ នៅក្នុងខេត្តព្រះសីហនុ ដែលជាគម្រោងមួយ ធ្វើឡើងតាមរចនាបទខ្មែរ និងចិន។
លោកបន្តថា នៅពេលខាងមុខនេះ ខេត្តព្រះសីហនុនឹងមានការរីកចម្រើន យ៉ាងឆាប់រហ័សដែលយើង នឹកស្មានមិនដល់ ។ លោកថា គម្រោងនេះក៏មានការគិតគូរ ក៏សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន បូកបីផងដែរនៅពេលខាងមុខនេះ ។
លោកបន្ថែមថា គម្រោងនេះនឹងសាងសង់លើផ្ទៃដី ២០ហិកតា ដោយ ១០ហិកតា សាងសង់សាលសន្និសីទ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និង១០ហិកតាទៀត សាងសង់ជាអាគាសម្រាប់ស្នាក់នៅ ហើយគម្រោងនេះ នឹងបញ្ចប់នៅឆ្នាំ២០២៤ ។
លោក យ៉ាង ចៀនធិង នាយកប្រតិបត្តិក្រុមហ៊ុនយិះចៀរបស់ចិន បានលើកឡើងថា ក្រុមហ៊ុនបានចំណាយថវិកា ៥០០លានដុល្លារ លើផ្ទៃដី ២០ហិកតា ។ គម្រោងនេះបានកើតឡើង ដោយសារតែប្រធានសមាគម ទំនាក់ទំនងមិត្តភាពអន្តរជាតិចិន បានចូលជួបពិភាក្សាជាមួយនឹងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពីខែមេសាកន្លងមក ដោយលោកបានស្នើ លើកគម្រោងនេះពិភាក្សា ហើយបច្ចុប្បន្ននេះគម្រោងនេះ កំពុងតែធ្វើការរៀបចំ ព័ទ្ធរបងដើម្បីសាងសង់។
លោកបន្តថា ថ្ងៃនេះក្រុមហ៊ុន ដោយមានតំណាងពីរាជរដ្ឋាភិបាលកម្ពុជា មានក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធនានា ចូលរួមដើម្បីពិនិត្យ និងឲ្យតម្លៃអំពីគម្រោង ដែលគ្រោងនឹងសាងសង់ នៅពេលខាងមុខនេះ ថាតើមានចំណុចខ្វះខាតត្រង់ កន្លែងណាទៀតដើម្បីធ្វើការកែសម្រួល ។
លោកបន្ថែមថា នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ខាងមុខនេះ ក្រុមហ៊ុននឹងចាប់ផ្ដើមបើកការដ្ឋាន សាងសង់មជ្ឈមណ្ឌលសន្និសីទនេះ ដោយគម្រោងនេះនឹងប្រើបច្ចេកទេសចុងក្រោយបំផុត របស់ពិភពលោក ក្នុងការសាងសង់ ដូច្នេះក្រោយពីបើកការដ្ឋាន ប្រហែលជា ៤ឆ្នាំគម្រោងនេះនឹងរួចរាល់ជាស្ថាពរ ហើយអាចដាក់ឲ្យដំណើរការ នៅឆ្នាំ២០២៤ ។ លោកថា គម្រោងនេះ នឹងធ្វើឡើងដោយមានរចនាបថផ្ទះខ្មែរ ទំនើបបញ្ចូលគ្នាជាមួយនឹង រចនាបថរបស់ចិន។ សម្រាប់មជ្ឈមណ្ឌលសន្និសីទ អន្តរជាតិឆ្នេរមាសឆ្នេរប្រាក់នេះ ក៏ធ្វើឡើងដើម្បីទទួលរៀបចំ កិច្ចប្រជុំអន្តរជាតិទាំងអស់ ព្រោះថាទីតាំងនៅកន្លែងនេះ មានទេសភាពល្អបំផុត ទាំងបរិយាកាសឆ្នេរសមុទ្រ និងព្រៃឈើ ។
លោកបញ្ជាក់ថា “យើងឃើញថា កិច្ចប្រជុំអន្តរជាតិ នៃបណ្ដាទ្វីបរទ្វីបមួយចំនួន ក៏បានយកកន្លែង ដែលមានទេសភាពល្អបំផុតធ្វើកិច្ចប្រជុំដែរ ។ ជាងនេះដោយសារថ្នាក់ដឹកនាំ ទាំងនោះចូលចិត្តកន្លែង ដែលមានទេសភាពស្អាត ហើយជាទីតាំងដែលគាត់ មិនដែលឃើញសោះ ។ និយាយទៅទីតាំងនេះមានឈ្មោះ ឧទ្យានព្រះសីហនុរាម ជាគោរម្យងារដែលអតីតព្រះមហាក្សត្រ ព្រះរតនកោដ្ឋដាក់ឈ្មោះឲ្យ” ។
លោកបន្ថែមទៀតថា ការវិនិយោគនេះ គឺមានការចូលរួម ពីរដ្ឋាភិបាលចិន និងក្រុមហ៊ុនរបស់រដ្ឋចិននានា ចូលរួមហើយក្រោយពីបញ្ចប់សាងសង់ យើងនឹងដាក់ឲ្យប្រើប្រាស់ ។ លោកថា នៅក្នុងបរិវេណដីទំហំ ២០ ហិកតានេះ មិនមានការសាងសង់ជាលក្ខណៈខុនដូនោះទេ ប៉ុន្តែនៅជុំវិញសាលសន្និសីទ គឺមានខុនដូ និងសណ្ឋាលំដាក់ផ្កាយ៥ សម្រាប់ការស្នាក់នៅ ។
សូមបញ្ជាក់ថា គម្រោងសាងសង់នេះ គឺបែងចែកជា ២ផ្នែក៖ មួយផ្នែកជាមជ្ឈមណ្ឌលសន្និសីទ ដែលអាចផ្ទុកមនុស្សបាន រាប់ម៉ឺននាក់ និងអាចរៀបចំកិច្ចប្រជុំ ឬពិព័រណ៍អន្តរជាតិ និងមួយផ្នែកទៀតជាសណ្ឋាគារ មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ លំដាប់ផ្កាយប្រាំជាប់សមុទ្រ ដែលអាចផ្ទុកមនុស្សបាន រាប់ពាន់នាក់ក្នុងពេលតែមួយ។ មជ្ឈមណ្ឌលសន្និសីទនេះ ត្រូវបានជ្រើសរើសសាងសង់ នៅក្នុងព្រៃត្រូពិក បែរមុខទៅសមុទ្រ ហើយអាគារទាំងមូលមានភាពស្រស់ស្អាត និងផ្តល់អារម្មណ៍អាថ៌កំបាំង ៕