ព័ត៌មានអន្តរជាតិ

អាមេរិក​ កំពុងពិចារណាបន្ថែមទ័ព ៧.០០០នាក់ទៀត ចូលតំបន់មជ្ឈឹមបូព៌ា

បរទេស៖ កាសែត Wall Street Journal បានទម្លាយព័ត៌មានមុននេះ ដោយដកស្រង់ប្រភពព័ត៌មានថា ក្រសួងការពារជាតិអាមេរិក កំពុងពិចារណាក្នុងការអនុញ្ញាតឱ្យ មានការដាក់ពង្រាយកងទ័ពចំនួន ១៤.០០០ នាក់បន្ថែមទៀតទៅកាន់មជ្ឈឹមបូព៌ា រួមជាមួយផ្នែករឹងយោធាផ្សេងៗ (សព្វាវុធ) ដើម្បីរារាំងការគំរាមកំហែង អ៊ីរ៉ង់នៅក្នុងតំបន់ តែដែលក្រោយមកព័ត៌មាននេះ ត្រូវបានបដិសេធដោយ អ្នកនាំពាក្យក្រសួងការពារជាតិ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ទោះយ៉ាងណាមន្ទីរប៉ង់តាហ្គោន នៅតែត្រូវបានគេរាយការណ៍ថា មានផែនការដើម្បីបង្កើនវត្តមាន យោធាអាមេរិករបស់ខ្លួននៅមជ្ឈឹមបូព៌ា។

យោងតាមប្រភពព័ត៌មានដែលបាន ដកស្រង់សម្តីដោយសារព័ត៌មានអាមេរិកាំង រដ្ឋមន្ត្រីការពារជាតិលោក Mark Esper មិនបានធ្វើការសម្រេចចិត្តណាមួយនោះទេ ប៉ុន្តែផែនការនេះត្រូវបានគេរាយការណ៍ថា បានដាក់ពង្រាយទាហាន ៧.០០០ នាក់បន្ថែមទៀត ទៅកាន់មជ្ឈឹមបូព៌ាដើម្បីប្រឆាំង នឹងអ្វីដែលពួកគេបានអះអាងថា ជាការគំរាមកំហែងដែលបាន ចោទប្រកាន់ទៅលើក្រុង តេហេរ៉ង់។

នៅថ្ងៃពុធកាសែត The New York Times បានរាយការណ៍ដោយដកស្រង់ ប្រភពស៊ើបការណ៍អាមេរិកថា អ៊ីរ៉ង់បានទាញយកផលប្រយោជន៍ ពីការតវ៉ាដែលកំពុងបន្ត នៅអ៊ីរ៉ាក់ដើម្បីស្តុកមីស៊ីលផ្លោងរយៈចម្ងាយខ្លី នៅក្នុងប្រទេសជិតខាង។ សកម្មភាពមួយត្រូវបានចាត់ទុកថា អាចបង្កគ្រោះថ្នាក់ដល់កម្លាំង អាមេរិកនៅក្នុងតំបន់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top