ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ចាប់ពីថ្ងៃទី០៧-០៩ ខែឧសភា មានចំនួនសរុប ១៩,៧០៩ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩,៤៩២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២១៧ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តីបានបង្ហាញ ការកត់សម្គាល់ លើចំណុចសំខាន់ៗមួយចំនួន រួមមាន៖
- ភ្ញៀវទេសចរ ទោះបីនៅមានចំនួនតិចនៅឡីយ តែមានការកើនឡើងខ្លះនៅតាមគោលដៅនានា ពោលគឺបានកើនចំនួនប្រមាណ ១០,៧៤៩ នាក់ ស្មើ ១២០% ធៀបនឹងរយៈពេលមួយសប្តាហ៍មុនពេលបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ (ដែលភ្ញៀវទេសចរមានចំនួនត្រឹមតែ ៨,៩៦០ នាក់)។ ភ្ញៀវទេសចរភាគច្រើន គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ហើយការដើរកម្សាន្តគឺភាគច្រើនជាលក្ខណៈគ្រួសារ។ ដោយឡែក ភ្ញៀវទេសចរពីភ្នំពេញ និងខេត្តកណ្តាល មិនទាន់មានចំនួនច្រើននៅឡើយ ដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និងក្នុងតាខ្មៅ ទើបត្រូវបានបិទបញ្ចប់នាថ្ងៃទី៦ ខែឧសភា។
- រមណីយដ្ឋាន និងគោលដៅទេសចរណ៍ដែលបានបើកដំណើរការឡើងវិញ ភាគច្រើនជាគោលដៅដែលមានវិសាលភាពធំទូលាយ ដែលមានភាពងាយស្រួលក្នុងការរក្សាគម្លាតសង្គម ដូចជាតំបន់ប្រាសាទអង្គរ តំបន់ឆ្នេរ តំបន់សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេងជាដើម ខណៈរមណីយដ្ឋានដែលមានលក្ខណៈកែច្នៃបែបឯកជនភាគច្រើន ម្ចាស់រមណីយដ្ឋាននៅមិនទាន់បើកដំណើរឡើងវិញទេ ដោយនៅបន្តរង់ចាំមើលការវិវត្តនៃជំងឺកូវីដ-១៩។
- គោលដៅទេសចរណ៍នៅតាមបណ្តាមូលដ្ឋានខេត្ត និងស្រុកមួយចំនួន អាជ្ញាធរនៅមិនទាន់អនុញ្ញាតឲ្យបើកដំណើរការឡើងវិញទេ អាស្រ័យលើការវិវត្តជាក់ស្តែងនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ហើយគោលដៅទេសចរណ៍មួយចំនួនបានបើកដំណើរការឡើងវិញ ប៉ុន្តែមិនទាន់មានភ្ញៀវទៅកម្សាន្តនៅឡើយ។
- គណៈបញ្ជាការឯកភាពខេត្តមួយចំនួននៅបន្តប្រយ័ត្នប្រយែង និងយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមានការដាក់ប៉ុស្តិ៍យាមនៅតាមព្រំប្រទល់ខេត្តមួយចំនួន ដើម្បីសាកសួរព័ត៌មាន និងធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ (Rapid Test) ក្នុងករណីសង្ស័យ៕