ភ្នំពេញ៖ អង្កការ WCS ប្រចាំកម្ពុជា បានបញ្ជាក់ថា សត្វរមាំង ស្ថិតក្នុងចំណាត់ថ្នាក់មួយគួរឲ្យព្រួយបារម្ភ ដោយសារ នួនរបស់វាមាននៅសេសសល់តិចតួចបំផុត នៅក្នុងព្រៃតាមតំបន់ទំទាបភាគខាងជើង និងខាងកើតនៃកម្ពុជា។
តាមរយៈហ្វេសប៊ុករបស់ អង្កការ WCS ប្រចាំកម្ពុជា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា សត្វរមាំង គឺជាថនិកសត្វតិណាសីមួយប្រភេទមានលក្ខណៈប្លែកពីគេ ដោយមានដុះស្នែងរាងកោង ដូចបូនៅលើក្បាល។ សត្វរមាំង មានដើមកំណើតរស់នៅក្នុងប្រទេសមួយចំនួន នៃតំបន់អាស៊ីភាគខាងត្បូង (ឥណ្ឌា មីយ៉ាន់ម៉ារ ថៃ ឡាវ វៀតណាម និងកម្ពុជា)។ រមាំង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជបំផុតនៅលើពិភពលោក។
WCS បន្ដថា «ចំនួនសត្វរមាំងនៅក្នុងប្រទេសកម្ពុជា ក្នុងទសវត្សរ៍ដំបូងនៃសតវត្សរ៍ទី២១ បានថយចុះរហូតដល់ ៩០ភាគរយ ឬច្រើនជាងនេះ ដោយសារតែការបាត់បង់ទីជម្រក និងការបរបាញ់យកទៅ លក់ដូរជាប្រភេទឱសថបុរាណ។ បច្ចុប្បន្ន របាយនៃសត្វប្រភេទនេះស្ថិតក្នុង ចំណាត់ថ្នាក់មួយគួរឲ្យព្រួយបារម្ភ ដោយសារចំនួនរបស់វាមាន នៅសេសសល់តិចតួចបំផុត នៅក្នុងព្រៃតាមតំបន់ទំទាបភាគខាងជើង និងខាងកើតនៃប្រទេសកម្ពុជា។ ចំណែកឯនៅក្នុងប្រទេសឡាវ និងវៀតណាមវិញ ប្រភេទនេះជិតផុតពូជអស់ទៅហើយ»។
យោងតាមសេចក្ដីប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សត្វរមាំងត្រូវបានធ្វើចំណាត់ថ្នាក់ ជាប្រភេទសត្វព្រៃជិតផុតពូជ។ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៃកម្ពុជា មាត្រា ៥៦ និង៦១ ស្តីពីបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ជនទាំងឡាយណាចាប់ដាក់អន្ទាក់ ប្រមាញ់ ធ្វើឲ្យរបួស បំពុល សម្លាប់ យកចេញ ប្រមូលពងកូន និងសត្វព្រៃដែលជាប្រភេទងាយរងគ្រោះ ប្រភេទកម្រ ឬប្រភេទជិតផុតពូជបំផុត នឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១៥លានរៀល ដល់ ១៥០លានរៀល ៕