ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណ នៅព្រះលានជល់ដំរី

ភ្នំពេញ៖ ក្រុមបុរាណវិទូ រកឃើញទបង្ហូរ (លូបង្ហូរទឹក) បុរាណមួយកន្លែងបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាល នៃខឿនព្រះលានជល់ដំរី ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ នៃក្រុងអង្គរធំ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «ក្រុមបុរាណ វិទូបានរកឃើញទបង្ហូរ (លូបង្ហូរទឹក) បុរាណមួយបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាល នៃខឿនព្រះលានជល់ដំរីបន្តិច ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ (ផ្លូវចេញពីប្រាសាទបាយ័ន្តទៅខ្លោងទ្វារដីឆ្នាំង) នៃក្រុងអង្គរធំ។ ព្រមទាំង មានស្នាមដានជើងសសរឈើ ដែលបញ្ជាក់ថាមានសំណង់អំពីឈើ ឫហៅថា រោងទោងអំពីឈើប្រក់ក្បឿង នៅតាមបណ្តោយផ្លូវប្រវែង ជិត៨០ម៉ែត្រ»។

លោក ខៀវ ច័ន្ទ បុរាណវិទូ និងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយ បានសន្និដ្ឋានថា នេះជាដំណាក់កាលដំបូង នៃព្រះបរមរាជវាំង ប្រហែលជារាជព្រះបាទយសោវរ្ម័ន (ទី១) ពេលដែលផ្លាស់រាជធានី ពីរលួសមកអង្គរដែលយក ភ្នំបាខែងជាចំណុចកណ្តាលនៃក្រុងយសោធរបុរី។

ចំពោះទបង្ហូរទឹក (លូបង្ហូរទឹក) បុរាណដែលទើបរកឃើញថ្មីនេះ លោក ខៀវ ច័ន្ទ បានបញ្ជាក់ថា បានស្ថាបនាឡើង ដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រ និងទទឹងមុខសម្រាប់ទឹកហូរ០,២ម៉ែត្រនិងមានបណ្តោយ៦ម៉ែត្រ ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំង ចូលទៅក្នុងប្រព័ន្ធប្រឡាយធំខាងកើត ដែលនៅរ៉បផ្លូវទៅខ្លោងទ្វារជ័យ ហើយហូចូលទៅបឹងធំដែលស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងសិន្ធុអង្គរធំតាមរន្ធត្រដេវ។

គួរបញ្ជាក់ដែរថា នៅក្នុងក្រុងអង្គរធំមានអាងស្តុកទឹក ចំនួន៣គឺ បឹងតាតួតនៅទិសឦសាន្ត បឹងដូនមានៅខាងលិចព្រះបរមរាជវាំង និងបឹងធំនៅទិសនិរតី៕

To Top