Covid-19

ក្រសួងសុខាភិបាល ៖ តួលេខអ្នកឆ្លង ជំងឺកូវីដ១៩ ធ្លាក់ចុះប៉ុន្មានថ្ងៃនេះ ដោយមានការចូលរួម ពីប្រជាពលរដ្ឋ អនុវត្តវិធានការសុខាភិបាល (Video)

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ការធ្លាក់ចុះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយមានការចូលរួមពី ប្រជាពលរដ្ឋ ជាពិសេស កម្មករ-កម្មការិនី អនុវត្តវិធាន ការសុខាភិបាលត្រឹមត្រូវ។

ក្នុងពិធីទទួល វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ លោកស្រី យក់ សម្បត្តិ ប្រាប់ ក្រុមអ្នកសារព័ត៌មានថា ការគ្រប់គ្រង ប្រព្រឹត្តការណ៍ ២០ កុម្ភៈ នេះ ជោគជ័យ ឬមិនជោគជ័យ ទាល់តែមានការចូលរួមពី ប្រជាពលរដ្ឋ រួមទាំង អនុវត្ត ៣កុំ ៣ការពារ ទទួលបានវ៉ាក់សាំង ២ដូសទៀត។

លោកស្រី បញ្ជាក់ថា «ចំពោះមុខនេះ យើងសង្ឃឹមថា ការបន្ដធ្លាក់ចុះតួលេខការឆ្លងនេះ យើងថា មានការចូលរួមបងប្អូន ប្រជាពលរដ្ឋ ជាពិសេស គឺកម្មករ-កម្មការិនី នៅតាមរោងចក្រដែរគាត់ឃុំខ្លួនគាត់ នៅតំបន់ក្រហម។ ខ្ញុំសូមអធ្យាស្រ័យ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការឃាត់ខ្លួនក្នុងតំបន់ក្រហម ក្នុងផ្ទះរបស់ខ្លួន ដោយមានការលំបាក់ ហើយរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងបញ្ជូនស្បៀង និងសំភារៈ ដល់បងប្អូនប្រជាពលរដ្ឋយើង»។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២២,១៨៤ នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ១២,១២០នាក់ និងស្លាប់ចំនួន១៥០នាក់៕

To Top