ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូល របស់វៀតណាម សាទរចំពោះការ សម្រេចបានរបស់កងកម្លាំង សន្តិសុខសាធារណៈ

ហាណូយ៖ អគ្គលេខាបក្ស និងជាប្រធានាធិបតីវៀតណាម គឺលោក ង្វៀន ភូទ្រុង បានសាទរចំពោះកម្លាំង សន្តិសុខសាធារណៈចំពោះសមិទ្ធិផលរបស់ខ្លួន ក្នុងឆ្នាំ២០១៩នេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទកាលពីម្សិលមិញដែលធ្វើឡើង ដោយក្រុមប្រឹក្សាអចិន្ត្រៃយ៍ នៃគណៈកម្មាធិសន្តិសុខសាធារណៈកណ្តាល មេដឹកនាំបក្សរូបនេះបាននិយាយថា កងកម្លាំងបានដើរតួនាទីយ៉ាង សំខាន់ក្នុងការរក្សាសន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ខណៈពេលបានផ្តល់ការប្រឹក្សាទាន់ពេល វេលាដល់បក្សនិងរដ្ឋ។

លោកប្រធានបក្ស បានកោតសរសើរចំពោះ កងកម្លាំងដែលបានផ្តួចផ្តើមគំនិតក្នុងការពិនិត្យតាមដាន វិភាគ និងព្យាករណ៍បញ្ហា និងផ្តល់អនុសាសន៍យុទ្ធសាស្ត្រ ឱ្យបានទាន់ពេលវេលា ដល់បក្សនិងរដ្ឋចំពោះគោលនយោបាយរបស់ខ្លួន។

លោក ង្វៀន ភូទ្រុង ក៏បានកោតសរសើរដល់ក្រសួងសន្តិសុខសាធារណៈផងដែរ ដែលបានធានាសន្តិសុខ និងសុវត្ថិភាពដាច់ខាតនៃគោលដៅសំខាន់ៗ ព្រឹត្តិការណ៍នយោបាយ សន្និសីទអន្តរជាតិ និងសកម្មភាពរបស់ថ្នាក់ដឹកនាំ បក្សរដ្ឋនិងគណៈប្រតិភូអន្តរជាតិ៕

ប្រែសម្រួលៈ ណៃ តុលា

To Top