ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ ដោយការបណ្តេញចេញ ចំពោះពលករបរទេសខុសច្បាប់ កំពុងធ្វើការងារនៅវៀតណាម។
បើតាមរយៈសេចក្តីជូនដំណឹង ស្ថានទូតកម្ពុជាបានជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាមថា ក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើអាជ្ញាធរខេត្ត និងក្រុងនានា ពិចារណាលើការបណ្តេញ ចេញចំពោះពលករបរទេស ដែលគ្មានលិខិតអនុញ្ញាតធ្វើការងារ (work permits) ត្រឹមត្រូវ ឬអ្នកមិនគោរពតាមវិធានស្តីពីការចូល និងចេញ (entry and exit rules)។
ករណីនេះ អាជ្ញាធរមូលដ្ឋាន និងទីភ្នាក់ងារពាក់ព័ន្ធនានា នឹងពង្រឹងការត្រួតពិនិត្យលិខិតអនុញ្ញាតការងារ និងចំនួនពលករបរទេសនៅតាមសហគ្រាស និងគ្រឹះស្ថាននានា ដោយអនុវត្តតាមនីតិវិធីជាធរមាន ដើម្បីជៀសវាងការប្រើប្រាស់ ពលករខុសច្បាប់នៅវៀតណាម។
ស្ថានទូតបានបានអំពាវនាវប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាមជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តច្បាប់ការងារ និងវិធានស្តីពីការចូល និងចេញរបស់អាជ្ញាធរមានសមត្ថកិច្ចវៀតណាម។
ស្ថានទូតថែមទាំងអំពាវនាវ ប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម បន្តថែរក្សាសុខភាពឱ្យបានល្អ ដោយអនុវត្តវិធានការការពារ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ រក្សាអនាម័យ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សំដៅការពារកុំឱ្យឆ្លងជំងឺកូវដ-១៩៕