ព័ត៌មានជាតិ

ជប៉ុន-WFP ប្រគល់មជ្ឈមណ្ឌល ជម្លៀសសុវត្ថិភាព ៦កន្លែង ដល់កម្ពុជា

ភ្នំពេញ ៖ ក្រោយមជ្ឈមណ្ឌលជម្លៀសសុវត្ថិភាព ចំនួន៦កន្លែង ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ក្នុងសហគមន៍ងាយរងគ្រោះ ត្រូវបានសាងសង់រួចនាពេលថ្មីៗនេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីស្បៀងអាហារ ពិភពលោក នៃអង្គការសហប្រជាជាតិ (WFP) តាមរយៈគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានប្រគល់ទៅឲ្យសហគមន៍មូលដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង កំពង់ធំ និងពោធិ៍សាត់ មុនរដូវវស្សាចាប់ផ្តើម ។

មជ្ឈមណ្ឌលជម្លៀសសុវត្ថិភាព ត្រូវបានសាងសង់ឡើង ស្របតាមបទដ្ឋានអន្តរជាតិ និងមានសាលធំទូលាយ ផ្ទះបាយ កន្លែងបោកខោអាវ បន្ទប់ស្តុកទំនិញ បន្ទប់ទឹក កន្លែងលាងដៃ ទីជម្រកសម្រាប់សត្វ និងទីវាលធំទូលាយ ។ នៅតាមមជ្ឈមណ្ឌលនីមួយៗ មានបំពាក់ទៅដោយប្រព័ន្ធផ្គត់ផ្គង់ទឹក (អណ្តូង អាងស្តុកទឹក និងធុងទឹក) ប្រព័ន្ធអគ្គិសនី (ម៉ាស៊ីនភ្លើង ប្រព័ន្ធថាមពលព្រះអាទិត្យ) និងប្រព័ន្ធការពាររន្ទះ។

មជ្ឈមណ្ឌលជម្លៀសទាំងនេះ អាចដាក់មនុស្សបាន ពី២០០០ ទៅ៣០០០ នាក់ ហើយនេះគឺជាការបង្ហាញ នូវការប្តេជ្ញានិងយកចិត្តទុកដាក់ ជាបន្តបន្ទាប់របស់ជប៉ុន ដែលមានជាយូរមកហើយ ចំពោះប្រជាជនកម្ពុជា ។ មជ្ឈមណ្ឌលទាំងនេះ មានមុខងារចំនួន២គឺ សម្រាប់ជម្លៀសប្រជាជន ទៅកាន់ទីសុវត្ថិភាព ក្នុងករណីមានព្យុះ និងទឹកជំនន់ក្នុងរដូវវស្សា និងជាទីកន្លែងប្រើប្រាស់ទូទៅ ក្នុងគោលបំណងចម្រុះ។ ថ្មីៗនេះមជ្ឈមណ្ឌលនេះ ត្រូវបានប្រើប្រាស់ជាកន្លែងចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងជាមណ្ឌលចត្តាឡីស័ក ផងដែរ ។

នាឱកាសនោះ លោក Karimata Atsushi រដ្ឋមន្ត្រី និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា មានប្រសាសន៍ថា «រដ្ឋាភិបាល និងប្រជាជនជប៉ុន មានមោទនភាព ក្នុងការចូលរួមចំណែកកសាងភាពធន់ និង រឹងមាំរបស់សហគមន៍ មូលដ្ឋាន ដើម្បីទប់ទល់ជាមួយ គ្រោះមហន្តរាយធម្មជាតិ ។ តាមរយៈជំនួយមនុស្សធម៌នេះ យើងខ្ញុំនៅជិតជាមួយ នឹងប្រជាជនកម្ពុជា នៅពេលពួកគាត់ឆ្លងកាត់ ស្ថានភាពលំបាក។ យើងខ្ញុំសង្ឃឹមថា គម្រោងនេះនឹងពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ»។

ដោយឡែក តំណាង របស់កម្មវិធីស្បៀងអាហារពិភពលោក លោកស្រី Claire CONAN បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់នូវជំនួយ ដែលមិនអាចកាត់ថ្លៃបាននេះ ។ តាមរយៈជំនួយសប្បុរសនេះ កម្មវិធីស្បៀង អាហារពិភពលោក និងគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានសាងសង់ និងបំពាក់ប្រព័ន្ធសម្រាប់ មជ្ឈមណ្ឌលជម្លៀសសុវត្ថិភាព ទាំង៦នេះ ដើម្បីការពារប្រជាជន ក្នុងពេលមានទឹកជំនន់និងគ្រោះ ធម្មជាតិនានា និងជាទីកន្លែងបម្រើផលប្រយោជន៍ ចម្រុះសម្រាប់សហគមន៍។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៨មក រដ្ឋាភិបាលជប៉ុន គឺជាដៃគូដ៏សំខាន់ របស់កម្មវិធីស្បៀងអាហារពិភពលោក ដែលបានចូលរួមវិភាគទាន ចំនួន២២លានដុល្លារ ក្នុងអំឡុងពេល១០ឆ្នាំកន្លងមកនេះ តាមរយៈជំនួយជាសម្ភារៈ (អង្ករ និងត្រីខកំប៉ុង) និងជំនួយជាទឹកប្រាក់ ក៏ដូចជាគាំទ្រក្នុងការលើកកម្ពស់ ការត្រៀមខ្លួនទប់ទល់ទៅ នឹងគ្រោះអាសន្ន ។ នៅដើមឆ្នាំនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ ថវិកាបន្ថែមចំនួន ២លានដុល្លារអាមេរិក ដល់កម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយ ផលប៉ះពាល់ ដោយសារទឹកជំនន់ទៅលើសន្តិសុខស្បៀង របស់ក្រុមគ្រួសារ និងសហគមន៍រងគ្រោះ ដោយសារទឹកជំនន់នៅកម្ពុជា ៕

To Top