ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ប្រមាណ ៤លាន៥សែនដូសទៀត នឹងមកដល់ប្រទេសកម្ពុជា នាខែមិថុនា ឆ្នាំ២០២១ និងមកជាបន្ដបន្ទាប់ទៀតផងដែរ។
តាមរយៈសារសំឡេង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យបាន ១០លាននាក់ អាចសម្រេចត្រឹមដំណាច់ឆ្នាំ២០២១នេះ ឬត្រឹមដើមឆ្នាំ២០២២។
សម្តេចតេជោ មានប្រសាសន៍ថា «យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់។ តាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា និងមកជាបន្តបន្ទាប់។ យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់។ ហើយយើងនឹងខិតខំធ្វើឱ្យ សម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើង ទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា»។
សូមរំលឹកថា រហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងក្នុងដៃជាង ៦លានដូស។ តាមរយៈវ៉ាក់សាំងនេះ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ២.៤លាននាក់ ស្មើនឹងជាង ២៤ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលនឹងត្រូវចាក់វ៉ាក់សាំង ៕