ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២០ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសារក្រើនរំលឹកថា ទោះបីជាជោគជ័យក្នុងការមើល ការខុសត្រូវលើកុមារពីសំណាក់ ភាគីពាក់ព័ន្ធយ៉ាងណាក៏ដោយ ប៉ុន្តែកុមារកម្ពុជាមួយចំនួន កំពុងស្ថិតក្នុងភាពរងគ្រោះ និងរងគ្រោះដោយសារតែឪពុក-ម្តាយ បានធ្វើទេសន្តរប្រវេសន៍ និងបោះបង់ចោលរយៈពេលយូរ ។
នៅថ្ងៃស្អែកទី១ មិថុនា គឺជាខួបលើកទី៧២ នៃទិវាកុមារអន្តរជាតិ១មិថុនា ប៉ុន្តែដោយកម្ពុជាបានជួបប្រទះវិបត្តិជំងឺកូវីដ-១៩ ជាហេតុមិនអាចប្រារព្ធពិធីអង្គមីទ្ទីង ដូចសព្វមួយដងបាន ទើបសម្តេចតេជោក្នុងនាមជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផង និងប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារផង បានផ្ញើសារលិខិតអបអរសាទរ ដល់កុមារនៅទូទាំងប្រទេស ។
ក្នុងសារលិខិតចំនួន៤ទំព័រចុះថ្ងៃ១៩ ឧសភា ហើយចេញផ្សាយជាសាធារណៈនាថ្ងៃ៣១ ឧសភា នេះ សម្តេចតេជោបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្ត លើកកម្ពស់ការគោរពសិទ្ធិកុមារនិងផ្ដល់ កិច្ចការពារយ៉ាងពេញទំហឹង នៅគ្រប់ស្ថានភាពដោយបានបង្កើត នូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ។
សម្តេចបន្តថា “តែទោះបីជាមានការខិតខំប្រឹងប្រែង យ៉ាងនេះហើយក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅ ក្នុងស្ថានភាពងាយរងគ្រោះ និងរងគ្រោះ ព្រោះតែឪពុក-ម្តាយ ឬអាណាព្យាបាលធ្វើទេសន្តរប្រវេសន៍ និងបោះបង់ចោលរយៈពេលយូរ”។
សម្តេចបានក្រើនរំលឹកបន្តថា ជាពិសេសក្នុងការរស់នៅក្នុងស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ គឺត្រូវការការគាំទ្រ និងអន្តរាគមន៍ជាចាំបាច់ដោយ ជំរុញការអនុវត្តនូវគោលនយោបាយ និងបទដ្ឋាននានាផ្តោតលើកិច្ចការពារ និងការគោរពសិទ្ធិមូលដ្ឋានរបស់កុមារ ក្នុងគោលដៅការពារឧត្តមប្រយោជន៍របស់កុមារ។
ក្នុងនាមជាប្រធានកិត្តិយស ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សម្តេចតេជោ បានថ្លែងៀតថា ទន្ទឹមនឹងនោះយន្តការអនុវត្តប្រព័ន្ធកិច្ចការពារ កុមារត្រូវការជាចាំបាច់នូវធនធានមនុស្ស និងហិរញ្ញវត្ថុឲ្យបានគ្រប់គ្រាន់ ដែលអាចពង្រឹងនិងពង្រីក សមត្ថភាពក្នុងការគ្រប់គ្រង និងអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពឲ្យទទួលបាន លទ្ធផលតាមការរំពឹងទុក។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចនាយករដ្ឋមន្រ្តី ក៏ស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តពង្រឹងយន្តការសម្របសម្រួល ក្នុងការបង្ការទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឲ្យមានសមភាពរវាងកុមារា និងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំង ចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត៕