ភ្នំពេញ ៖ ត្រង់ចំណុចលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា នៅចិនកម្រនិយាយភាសាខ្មែរ ប៉ុន្តែនៅខ្មែរនិយាយភាសាចិនហើយ ថែមទាំងប្រារព្ធបុណ្យចូលឆ្នាំចិនទៀត គឺលោកចង់ថា មិនត្រឹមតែនៅក្នុងទំនាក់ទំនង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែត្រូវជំរុញប្រជាជននិងប្រជាជន ស្វែងយល់ពីគ្នាឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ ទាំងរដ្ឋាភិបាល និងទាំងក្នុងស្រទាប់មហាជន នៃប្រទេសទាំងពីរ ។ នេះបើតាមការផ្សព្វផ្សាយ របស់រាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងឱកាសបើក «វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១» រៀបចំឡើង ដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅខេត្តសៀមរាប នាពេលថ្មីៗនេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច មានប្រសាសន៍ថា ទោះបីជាទំនាក់ទំនង រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល បានឈានដល់កម្រិតកំពូលក្ដី ក៏ប៉ុន្តែរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅមានទិដ្ឋភាពជាច្រើន ដែលមិនទាន់យល់ច្បាស់ពីគ្នានៅឡើយ។
លោកថា «នៅប្រទេសចិន កម្រចិននិយាយខ្មែរណាស់ តែនៅកម្ពុជា ខ្មែរច្រើនដែលនិយាយភាសាចិន និងថែមទាំងប្រារព្ធបុណ្យ ចូលឆ្នាំចិនទៀតផង ។ ត្រង់នេះ អ្នកវិទ្យាសាស្ត្រប្រទេសទាំងពីរ ត្រូវធ្វើយ៉ាងណាឲ្យខ្មែរយល់ថា អ្វីទៅជាចូលឆ្នាំចិន ប៉ុន្តែមិនទាន់មានសៀវភៅណា សរសេរជាភាសាខ្មែរ អំពីបុណ្យចូលឆ្នាំចិននោះឡើយ»។
ត្រង់ចំណុចនេះ លោកបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ ដល់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ នៃប្រទេសទាំងពីរ គប្បីត្រូវតែធ្វើការសិក្សាស្រាវជ្រាវ ឲ្យបានទូលំទូលាយ អំពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ ។
បើតាមលោកបណ្ឌិតសភាចារ្យ នៅពេលណាប្រជាជន យល់អំពីគ្នាស៊ីជម្រៅ នឹងធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរ ហើយគេក៏មិនត្រូវនិយាយ តែអំពីទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ប៉ុន្តែប្រជាជននិងប្រជាជន មិនយល់ពីគ្នានោះទេ ។
ជាមួយគ្នានេះដែរ លោក សុខ ទូត ក៏បានគូសបញ្ជាក់ ពីទំនាក់ទំនងវប្បធម៌កម្ពុជា-ចិនបន្ថែមថា ជនជាតិចិន ដែលបានចូលមករស់នៅកម្ពុជា ក្នុងប្រវត្តិសាស្ត្រយូរយារមកហើយនោះ បានចាក់ចូលវប្បធម៌កម្ពុជាយ៉ាងជ្រៅ ដោយចិនបានកែប្រែវប្បធម៌ របស់ប្រជាជនកម្ពុជា រាប់ទាំងការប្រើប្រាស់សម្ភារៈ និងការហូកចុក ដូចជា ខ្មែរបានប្ដូរពីការបរិភោគ ដោយដៃមកជាការប្រើចង្កឹះ ប្ដូរពីការនិយមបរិភោគនំបញ្ចុក មកបរិភោគគុយទាវ ប្ដូរពីការបរិភោគអន្សមទៅបរិភោគនំប៉ាវជាដើម គឺជាឧទាហរណ៍ជាក់ស្ដែង អំពីទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។
លើសពីនេះទៅទៀត បណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ ដល់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់កម្ពុជា-ចិន បន្ថែមថា នៅមានភារកិច្ចជាច្រើនទៀត ដែលអ្នកសិក្សាស្រាវជ្រាវ នៃប្រទេសទាំងពីរត្រូវធ្វើបន្ត ដូចជាការសិក្សាស្រាវជ្រាវ អំពីទំនោរនៃការរស់នៅ វប្បធម៌ ស្ថានភាពសង្គម និងលិខិតបទដ្ឋានច្បាប់នានា រួចបកប្រែជាពីរភាសា ទាំងភាសាខ្មែរ និងភាសាចិន ទាំងអ្វីដែលមាននៅកម្ពុជា និងនៅចិន ដើម្បីឲ្យប្រជាជននៃប្រទេសទាំងពីរ អាចស្វែងយល់ពីគ្នា ឲ្យបានកាន់តែប្រសើរ៕