ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើប្រទេសឆែកជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជាបន្ថែមទៀត ជាពិសេស ក្រោយពេលជំងឺកូវីដ-១៩ត្រូវបានបញ្ចប់។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំកម្ពុជា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ សម្តេច សាយ ឈុំ បានកត់សម្គាល់ឃើញថា ប្រទេសទាំងពីរមានសក្តានុពលខាងការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្ម ក៏ដូចជាវិស័យទេសចរណ៍។
សម្ដេច មានប្រសាសន៍ថា «ស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការលើកទឹកចិត្តប្រជាជនឆែក មកទស្សនានៅកម្ពុជាបន្ថែមទៀត ជាពិសេសក្រោយពេលដែលជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់»។
សម្ដេច ក៏បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋឆែក ដែលបានរួមចំណែកដ៏ថ្លៃថ្លាជួយ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ កម្ពុជា តាមរយៈនៃការផ្តល់ជំនួយ ខាងលើវិស័យសុខាភិបាល អប់រំ មនុស្សធម៌ និងវិស័យថាមពលកកើតឡើងវិញ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំកម្ពុជា ក៏បានខិតខំប្រឹងប្រែងអស់ ពីកម្លាំងកាយចិត្ត ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរបន្ថែមទៀត ដូចជា៖ វិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជាពិសេស ជំរុញអ្នកទេសចរឆែក មកទស្សនានៅប្រទេសកម្ពុជា ឱ្យកាន់ច្រើនថែមទៀត៕