នយោបាយ

ជាថ្មីម្តងទៀត មេសហជីពមិនចង់ឃើញ EBA បាត់ពីកម្ពុជា ខណៈរាជរដ្ឋាភិបាល ត្រៀមខ្លួនរួចជាសម្រេច ដោះស្រាយ

ភ្នំពេញ ៖ ខណៈជិតដល់ថ្ងៃឱសានវាទ នៃការកំណត់លើប្រព័ន្ធ អនុប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA) ពីកម្ពុជាពីសំណាក់ សហភាពអឺរ៉ុប(EU)នោះ ក្នុងពិធីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ខួបលើកទី៧១ នេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) បានបង្ហាញអារម្មណ៍ជាថ្មីទៀតថា មិនចង់ឃើញការបាត់បង់ EBAឡើយ ព្រមទាំងអំពាវនាវ ឲ្យរាជរដ្ឋាភិបាល និងសហភាពអឺរ៉ុប ដោះស្រាយបញ្ហានេះ ឲ្យបានឆាប់បំផុត ។

លោក អាត់ ធន់ បានថ្លែងថា EBA បានជួយដោះស្រាយការងារ របស់កម្មករ-កម្មការិនី នៅកម្ពុជាយ៉ាងច្រើន ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អឺរ៉ុប ត្រូវធ្វើយ៉ាងណាកុំឲ្យបាត់បង់ EBA ពីកម្ពុជា ។

លោកមានប្រសាសន៍ថា “បញ្ហា EBA ថ្មីៗនេះ ក៏យើងមានការបារម្ភដែរ។ ឆ្លៀតឱកាសនេះ ក៏យើងផ្ញើទៅខាងរាជរដ្ឋាភិបាល ក៏ដូចជា សហគមន៍អឺរ៉ុប គឺធ្វើយ៉ាងណារាជរដ្ឋាភិបា លត្រូវដោះស្រាយបញ្ហានេះ ។ យើងអត់ចង់ឃើញការបាត់បង់ EBA ទេ ពីព្រោះវាមានផលប៉ះពាល់ធំដុំ ហើយយើងក៏ចង់ឃើញ ការវិវត្តនៅក្នុងប្រទេសកម្ពុជា ជាពិសេស គឺនៅក្នុងវិស័យការងារតែម្ដង” ។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងកុំឲ្យពលរដ្ឋ និងកម្មករមានការភ័យខ្លាចចំពោះការបាត់បង់ EBA ព្រោះរាជរដ្ឋាភិបាលបានរៀបចំវិធានការនានា ដើម្បីជួយគាំទ្រចំណូលរបស់កម្មករ។

សូមបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA បានធ្វើឲ្យកម្ពុជាចំណេញពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា ៧០០លានដុល្លារ ក្នុង១ឆ្នាំៗ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងកាលពីសប្តាហ៍មុនថា កម្ពុជានឹងរៀបចំរបាយការណ៍ ដាក់ទៅសហភាពអឺរ៉ុប ជុំវិញករណីនេះយ៉ាងយូរបំផុតត្រឹមថ្ងៃ១២ ធ្នូខណៈថ្ងៃនោះជាផុតកំណត់ ។

គណៈកម្មការអឺរ៉ុបទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលពីថ្ងៃ១២វិច្ឆិកាដល់១២ធ្នូ។

យោងតាមគេហទំព័រ របស់គណៈកម្មការអឺរ៉ុប បានឲ្យដឹងថា “អនុលោមតាមវិធាន មានចែងក្នុងបទប្បញ្ញត្តិ ស្តីពីគម្រោងអនុគ្រោះពន្ធទូទៅ របស់សហភាពអឺរ៉ុបបច្ចុប្បន្នកម្ពុជា មានរយៈពេល១ខែ ដើម្បីប្រតិកម្ម ចំពោះរបាយការណ៍បឋមនេះ ។ បន្ទាប់មកគណៈកម្មការ នឹងបញ្ចប់របាយការណ៍ និងធ្វើការសំរេចចិត្តនៅខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីថាតើ ត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជា ជាបណ្តោះអាសន្ន ឬយ៉ាងណា?” ។

គោលបំណងនៃនីតិវិធី ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ស្របពេលសហភាពអឺរ៉ុប នៅតែប្តេជ្ញាធ្វើការជាមួយ អាជ្ញាធរកម្ពុជាកែលម្អពិតប្រាកដ និងគួរឲ្យទុកចិត្តលើបញ្ហា ដែលត្រូវព្រួយបារម្ភ គឺការចាំបាច់ចៀសវាងការដក EBA ៕ ដោយ ៖ អេង ប៊ូឆេង

To Top