ព័ត៌មានជាតិ

ដោយមានអ្នកឆ្លងកូវីដ-១៩ ច្រើនក្នុងស្រុកស្រីសន្ធរ អភិបាលខេត្តកំពង់ចាម ដាក់វិធានការបន្ថែម ដើម្បីទប់ស្កាត់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យតំបន់បិទខ្ទប់មួយចំនួន ក្នុងស្រុកស្រីសន្ធរ និងបានប្រជុំចេញ វិធានការបន្ថែម ដល់អាជ្ញាធរស្រុក ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ កាន់តែច្រើនឡើង ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ សម្រាប់រលកចាស់ ក្នុងស្រុកស្រីសន្ធរ ត្រូវបានទប់ស្កាត់ធំៗមួយរយៈ ។ ប៉ុន្តែមកដល់ពេលនេះ រលកថ្មីបានកើតឡើង ដោយសារការឆ្លង អ្នកមកពីភ្នំពេញ ដែលការឆ្លងចាប់ផ្ដើម ពីក្រុមគ្រួសាររបស់គាត់ រហូតឈានទៅដល់អ្នក ក្នុងភូមិនានា និងទីផ្សារតែម្ដង ហើយការឆ្លងចូលទីផ្សារ វាជាហេតុនាំឱ្យមេរោគនេះ ឆ្លងចូលដល់សហគមន៍ បានយ៉ាងឆាប់រហ័សផងដែរ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការឆ្លងរលកថ្មីនេះ គឺស្ថិតនៅក្នុងកម្រិតមធ្យម ដែលឆ្លងក្នុងកញ្ចប់ គ្រួសារ ពោលគឺមិនទាន់ នៅក្នុងសហគមន៍នៅឡើយទេ មានត្រឹមតែ ៤៥ ខ្នងផ្ទះ លើ ១១ ភូមិ ប៉ុណ្ណោះ មិនទាន់ដល់ដំណាក់ កាលបិទភូមិទាំងស្រុងនោះទេ ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានចេញវិធានការបន្ថែម ដើម្បីការពារការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយអាជ្ញាធរស្រុក ត្រូវពិនិត្យមើលបន្ថែម ទៅលើអ្នក ដែលពាក់ព័ន្ធផ្សេងទៀតក្រៅពី ៤៥ខ្នងផ្ទះនេះ ដោយយក ៤៥ផ្ទះជាមូលដ្ឋាន ក្នុងការស្រាវ ជ្រាវបន្ត ថាតើផ្ទះណាខ្លះ ដែលជាប់ពាក់ព័ន្ធជាមួយពួកគាត់ បើទោះបីជាប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល គឺចាំបាច់ឲ្យពួកគាត់ ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ នៅតាមខ្នងផ្ទះ និងប្រើខ្សែសុវត្ថិភាព គាត់ផ្ទះពួកគាត់ឲ្យបានត្រឹមត្រូវផងដែរ ។ ចំពោះផ្សារ ដែលបានបិទខ្ទប់ គឺហាមមានការ លក់ដូរជាដាច់ខាត ដោយមិនអនុញ្ញាត ឲ្យមានការលក់ដូរឡើយ បើមានអ្នករឹងរូស ត្រូវអនុវត្តទៅតាមផ្លូវច្បាប់ ។

លោកអភិបាលខេត្តបានបន្តថា ទាក់ទងទៅនឹងអ្នកធ្វើចត្តាឡីស័ក គឺមានពីរផ្នែក ទី១ ការធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវឱ្យពួកគាត់ពាក់ម៉ាស និងលាងដៃនឹងអាល់កុលឲ្យបានត្រឹមត្រូវ និងត្រួតពិនិត្យតាមដានសុខភាពជាប្រចាំ មិនត្រូវអនុញ្ញាតឲ្យពួកគាត់ចេញពីផ្ទះនោះទេ ។ ចំពោះការធ្វើចត្តាលីស័ក តាមមណ្ឌល អាជ្ញាធរស្រុកត្រូវពិនិត្យលទ្ធភាពដើម្បីពង្រីកមណ្ឌលចត្តាឡីស័ក បន្ថែមទៀត ដើម្បីបម្រុងទុកក្នុងករណី មានការឆ្លងកើនឡើង ហើយអ្នកពាក់ព័ន្ធ ដែលតម្រូវឲ្យធ្វើចត្តាឡីស័ក នឹងត្រូវផ្គត់ផ្គង់ម៉ាស និងអាល់កុល ជូនពួកគាត់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ។

ជាងនេះទៅទៀត អាជ្ញាធរស្រុក ត្រូវចេះល្បាតមើលតាមខ្នងផ្ទះ តាមទីផ្សារដែលបានបិទខ្ទប់ ពោល គឺរៀបចំឲ្យមានយន្តការ ការល្បាត ទាំងពេលថ្ងៃ និងពេលយប់ តាមរយៈនគរបាលប៉ុស្តិ៍រដ្ឋបាល ឬប្រជាការពារ ត្រូវធ្វើការចាក់ផ្សាយ សារអប់រំ អំពីវិធានការ ៣កុំ ៣ការពារ ឲ្យបានទូលំទូលាយជាប្រចាំ នឹងធ្វើយុទ្ធនាការចែកម៉ាស ជូនប្រជាពលរដ្ឋតាមភូមិ ឲ្យបានគ្រប់គ្នា ឲ្យពួកគាត់ពាក់ម៉ាសជាប្រចាំ ។

លោកអភិបាលខេត្តបានបន្តថា អាជ្ញាធរស្រុក ត្រូវស្រង់ឈ្មោះប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់ទាំងអស់ រាយការណ៍ ជូនក្រុមការងារចុះជួយស្រុក និងក្រុមការងារចុះជួយឃុំ ដើម្បីរៀបចំអំណោយ ជូនពួកគាត់ តាមខ្នងផ្ទះតែម្ដង ៕

To Top